Connect with us

ព័ត៌មានជាតិ

ពលរដ្ឋធ្វើដំណើរតាមផ្លូវ ៦០ ម៉ែត្រ សំណូមពរអ្នកបើកបរទាំងអស់ គោរពច្បាប់ចរាចរណ៍ ទោះបីមានទ្រូងផ្លូវ ឬ គំនូសសញ្ញាចរាចរណ៍ក៏ដោយ

បានផុស

នៅ

ប្រជាពលរដ្ឋ​ជា​អ្នក​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ ៦០ ម៉ែត្រ បាន​សំណូមពរ​ដល់​បណ្ដា​អ្នកបើកបរ​ទាំងអស់ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ទាំងអស់​គ្នា បើ​ទោះ​បី​ជា​នៅ​លើ​ផ្លូវ​នេះ​មាន​ទ្រូងផ្លូវ ឬ គំនូស​សញ្ញា​ចរាចរណ៍​ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋ​ទាំង​អ្នក​បើកបរ​រថយន្ត ក៏ដូចជា​អ្នក​បើក​ម៉ូតូ យល់​ឃើញ​ថា ការ​ដាក់​របាំង​ដែក ឬ របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ក៏ដូចជា​គំនូស​សញ្ញា​ចរាចរណ៍​ផ្សេងៗ លើ​ដង​ផ្លូវ គឺជា​រឿង​ល្អ​ប្រសើរ និង​ល្អ​បំផុត ដើម្បី​កាត់បន្ថយ​បាន​ពី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​កំណាត់​ផ្លូវ ៦០ ម៉ែត្រ ប៉ុន្តែ​បើ​អ្នកបើកបរ​ទាំងឡាយ​នៅតែ​បន្ត​ការ​បើកបរ​ដោយ​មិន​គោរព​ច្បាប់ បើកបរ​ដោយ​ការ​បើក​បញ្ច្រាស បើកបរ​ដោយ​ការ​បំពាន ឬ ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​នោះ គ្រោះថ្នាក់​ក៏​នៅតែ​អាច​កើតមានឡើង​ដែរ។

ពលរដ្ឋ​ជា​អ្នកដំណើរ ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ជា​អ្នក​បញ្ជា​យានយន្ត សូម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា និង កុំ​ខ្លាច​ប៉ូលិស។ ត្រូវ​គោរព​ច្បាប់ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​តែងតែ​បន្សល់​សោកនាដកម្ម បាត់បង់​សមាជិក​គ្រួសារ និង​ក្លាយ​ជា​ជន​ពិការ​អស់​មួយ​ជីវិត។

គួរ​បញ្ជាក់​ថា របាំង​ថ្ម និង របាំង​ដែក ត្រូវ​បាន​រៀបចំ​ដាក់​បែងចែក​ជា ០២ កំណាត់​ផ្លូវ ដោយ​កំណាត់​ផ្លូវ​ទី ០១ គិត​ចាប់ពី​ស្ពាន​អាកាស​មរតក​តេ​ជោ ដល់​ស្តុ​ប​សឺ​ដែ​ស ត្រូវ​ដាក់​របាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ ដោយ​កំណត់​ល្បឿន​ត្រឹម ៤០km/h។ ដោយឡែក​គិត​ចាប់ពី​ស្តុ​ប​សឺ​ដែ​ស ដល់​ផ្លូវជាតិ​លេខ ០២ ត្រូវ​ដាក់​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ដោយ​កំណត់​ល្បឿន​ត្រឹម ៦០km/h ប៉ុណ្ណោះ។

ទន្ទឹម​នឹង​ការ​ដាក់​ទ្រូងផ្លូវ​ខាងលើ​នេះ​ដែរ បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច​រាជធានី និង​នគរបាល​ខណ្ឌ​ពាក់ព័ន្ធ នៅតែ​បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ដោយ​ការ​ចាប់​ល្បឿន​នៅ​ពេល​ថ្ងៃ ហើយ​អនុវត្ត​ចាប់​ជាតិ​ស្រវឹង​នៅ​ពេល​យប់ ដើម្បី​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការ​កាត់បន្ថយ​គ្រោះថ្នាក់​ដែល​តែង​ឧស្សាហ៍​បង្ក​ឡើង​ដោយ​អ្នក​បើកបរ​យានយន្ត​ទាំងឡាយ​នៅ​បន្ត​ការ​ល្មើសច្បាប់​ផង​ដែរ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម