Connect with us

ព័ត៌មានជាតិ

ស្រុកសំឡូត នៅមានតំបន់សក្តានុពល ៥ ផ្សេងទៀត ក្រៅពីរមណីយដ្ឋានដែលមានស្រាប់

បានផុស

នៅ

ស្រុក​សំឡូត​នៃ​ខេត្តបាត់ដំបង ត្រូវ​បាន​​គេស្គាល់ថា ជាស្រុកមួយ​ដែល​សម្បូរ​ទៅ​ដោយ​ផល​ដំណាំ​កសិកម្ម​ច្រើន​ប្រភេទ ​និង​មាន​សក្តានុពល​លើ​វិស័យទេសចរណ៍​ផងដែរ ខណៈ​បច្ចុប្បន្ន ស្រុកមួយនេះ​មានរមនីយដ្ឋាន​ចំនួន ៥ ក្រៅពី​តំបន់​ចំនួន ៥ ទៀត ដែល​មាន​សក្តានុពល​លើ​វិស័យទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​នៅមូលដ្ឋាន​ស្រុក​ថា ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​សំឡូត មាន​កម្រិត​ជីវភាព​សមរម្យ​ជាង​គ្រា​កន្លងទៅ តាមរយៈ​ការប្រកប​មុខរបរ​កសិកម្ម ស្រប​តាម​ប្រភព​ដី​ដ៏​មាន​ជីវជាតិ​ល្អ​តាម​ធម្មជាតិ សម្បូរ​ដោយ​ព្រៃឈើ ជ្រោះ​ជ្រលង​ដងភ្នំ មាន​ប្រភព​ទឹកមិន​ចេះរីងស្ងួត កសិផល​ផ្តល់​ទិន្នផល​តាម​ការ​រំពឹង​ទុក​របស់​កសិករ។

ប្រភពបន្តថា ចំពោះ​វិស័យ​ទេសចរណ៍ ក៏មាន​វិសាលភាព​ធំធេង សម្រាប់​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍ មកម្តង​ហើយ​នៅតែចង់ទៅ​កម្សាន្ត​ម្តងទៀត។ ​បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋានស្រុក​ក៏បានធ្វើការ​ទប់ស្កាត់​ការ​ទន្ទ្រាន​ព្រៃពី​សំណាក់​ជនឆ្លៀត​ឱកាស​មួយចំនួន​ផងដែរ ដើម្បី​អភិរក្ស​ហ្វូង​សត្វទាំងពួង​ឲ្យ​កាន់​តែ​សម្បូរ​បែប។

អ្នកស្រី ឡឹប ធីម ជា​អ្នក​ស្រុក​មោងឬស្សី ក្នុង​ដំណើរ​កម្សាន្តនៅ​រមនីយដ្ឋានមួយ ក្នុង​ស្រុកសំឡូត បាន​ឲ្យ​ កម្ពុជា​ថ្មី ដឹង​ថា អ្នក​ស្រី​រីករាយ​ណាស់ ពេល​បានទៅ​លេងកម្សាន្តម្តងៗ នៅស្រុកសំឡូតនេះ សម្បូរ​ទីកន្លែង​កម្សាន្ត​ណាស់ បើ​ទោះបី​មិនមាន​រមណីយដ្ឋាន ក៏មាន​តំបន់​ដែល​គួរ​ឲ្យទាក់ទាញ​អារម្មណ៍​ដែរ​។

អ្នកស្រីបន្តថា «ស្ទើររាល់សប្តាហ៍ ខ្ញុំតែងទៅ​កម្សាន្ត​តាម​រមណីយដ្ឋាន ដែល​មានដង​អូរ​ត្រជាក់​ទឹកថ្លាដូចកញ្ចក់ ហើយ​ក្រៅពីនេះ ខ្ញុំបាន​ដើរ​កម្សាន្តក្នុងចម្ការ​របស់អ្នកស្រុក មើលទៅគួរ​ឲ្យស្រស់ស្រាយណាស់ ឃើញ​ផលដំណាំ​ពួកគាត់​ផ្លែច្រើន ហើយ​ក៏​បានទិញ​បរិភោគ​ក្នុងចម្ការទៀតផង ក្នុងនោះ​មានធុរេន មៀន ជាដើម។

លោក ហម អរុណ អនុប្រធានទេសចរណ៍​ខេត្ត បាន​ឲ្យ​ដឹង​ថា ស្រុកសំឡូត គឺសម្បូរទៅ​ដោយ​ធនធានធម្មជាតិ ហើយ​បច្ចុប្បន្នមាន រមនីយដ្ឋានចំនួន ៥ សម្រាប់​បម្រើ​ដល់ភ្ញៀវ​ទេសចរ ហើយ​ក្រៅពីនេះ មាន​តំបន់ចំ​នួន ៥ ទៀត ដែល​កំពុងមាន​សក្តានុពល​ផ្នែក​វិស័យ​ទេសចរណ៍ ដែល​ខាង​មន្ទីរកំពុង​យកចិត្តទុក​ដាក់លើ​តំបន់ទាំង ៥ នេះ។

លោកបានបញ្ជាក់ថា ស្រុកសំឡូត មានតំបម់ទេសចរណ៍ ១៣ ទីតាំង​ក្នុងនោះ​មាន សហគមន៍ទេសចរណ៍​ ២ រមណីយដ្ឋាន​ ៥ តំបន់សក្តានុពល ៥ និង​កសិ​ទេសចរណ៍ចំនួន ១ ផងដែរ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម