ព័ត៌មានជាតិ
អ្នកជំនាញ៖ ថ្ងៃបុណ្យនៃក្តីស្រឡាញ់ ១៤កុម្ភៈ យុវជនខ្មែរ ត្រូវតែរក្សាភាពជាខ្មែរ មិនត្រូវធ្វើអ្វីដែលបំផ្លាញវប្បធម៌
លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និងយេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ដិត្យសភាកម្ពុជា បានលើកឡើងថា កន្លងមក ១៤កុម្ភៈ (ទិវានៃក្តីស្រឡាញ់) ជាឱកាសមួយសម្រាប់បុរសៗមួយចំនួនក្នុងការបោកស្រីៗ ជាពិសេសស្រីៗដែលភ្លេចខ្លួន ចាញ់បោកគេដោយសារតែផ្កា១ទង ឬផ្កា១បាច់។ លោកស្រីប្រាប់ឱ្យយុវវ័យ គិតគូរទាំងអស់គ្នាដោយពិចារណាពីបញ្ហាទិវានៃក្តីស្រឡាញ់ ឬបុណ្យសង្សានេះ ដែលបានធ្វើឱ្យបាត់បង់ភាពថ្លៃថ្នូរក្នុងនាមខ្លួនជាខ្មែរ។

ក្នុងនាមលោកស្រី ជាអ្នកស្រឡាញ់ប្រពៃណីទំនៀមទម្លាប់ខ្មែរ លោកស្រីបានសម្តែងការមិនពេញចិត្ត និងមិនគាំទ្រចំពោះទិវានៃក្តីស្រឡាញ់នេះទេ ដ្បិតក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ យុវជនមានការជ្រួលច្របល់ ក្នុងការចូលរួមអបអរសាទរទិវានៃក្តីស្រឡាញ់។ លោកស្រីបន្តថា យុវជន កំពុងតែផ្តល់អត្ថន័យខុសចំពោះទិវានៃក្តីស្រឡាញ់ ដោយយុវជនយល់ថា វាជាបុណ្យសង្សា ដូច្នេះត្រូវតែធ្វើអ្វីម្យ៉ាង ដើម្បីបង្ហាញពីភាពស្មោះត្រង់ ដែលវាប៉ះពាល់ទៅលើប្រពៃណីខ្មែរ កិត្តិយសខ្មែរ ថ្វីដ្បិតតែវាជារឿងបុគ្គលមួយៗពិតប្រាកដ ប៉ុន្តែវាប៉ះពាល់ដល់រូបភាពនៅក្នុងប្រទេសកម្ពុជាទាំងមូល។
លោកស្រី បានប្រាប់ឱ្យយុវវ័យប្រើប្រាស់ពេលវេលា ថ្ងៃទី១៤ កុម្ភៈ ជាពេលដ៏សប្បាយរីករាយជាមួយអ្នកដែលខ្លួនស្រឡាញ់ មិនមែនយកថ្ងៃនេះ ជាពេលដើម្បីឡើងផ្ទះសំណាក់ សណ្ឋាគារ លះបង់ខ្លួនប្រាណដើម្បីបង្ហាញពីសេចក្តីស្រឡាញ់នោះទេ ដ្បិតថាកម្ពុជា មានវប្បធម៌ និងអរិយធម៌ខុសពីសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត។ ដូច្នេះយុវជនខ្មែរ ត្រូវតែរក្សាភាពជាខ្មែរ ហើយមិនត្រូវធ្វើអ្វី ដែលបំផ្លាញវប្បធម៌ និងអរិយធម៌ខ្មែរឡើយ។

លោកស្រីបានសង្កត់ធ្ងន់ថា «យើងអាចជួបគ្នាបាន ទិវានៃក្តីស្រឡាញ់ មានន័យថា យើងអាចបង្ហាញនូវក្តីស្រឡាញ់នៅក្នុងរូបភាពមួយ ក្នុងការដឹងគុណឪពុកម្តាយយើង ក្នុងរូបភាពមិត្តភាព នៅក្នុងការដឹងគុណគ្រូបង្រៀន ហើយមួយទៀតជារូបភាពសង្សាក៏បានដែរ ប៉ុន្តែក្នុងកម្រិតមួយដែលសង្គមខ្មែរអាចទទួលយកបាន មិនមែនជាថ្ងៃទៅកក់សណ្ឋាគារ ឬផ្ទះសំណាក់នោះទេ»។
ជាមួយគ្នានេះ លោកស្រីបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច គួរចេញបម្រាមមិនឱ្យអ្នកលក់ផ្កា ដាក់តូបលក់ផ្កា ឬក៏វត្ថុអនុស្សាវរីយ៍នៅក្បែរសាលារៀន រីឯស្ថាប័នរដ្ឋ និងស្ថាប័នពាក់ព័ន្ធ ត្រូវតែគិតគូរ និងដាក់ចេញនូវនីតិវិធីផ្សេងៗ ទាក់ទងនឹងបញ្ហាទិវានៃក្តីស្រឡាញ់នេះ ឱ្យបានត្រឹមត្រូវ ថាតើកម្ពុជាគួរតែកំណត់កម្រិតអនុវត្តប៉ុន្មាន សម្រាប់បរិបទប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដើម្បីលើកកម្ពស់តម្លៃស្រ្តី ក៏ដូចជាវប្បធម៌ ប្រពៃណីឱ្យមានភាពល្អប្រសើរគួរជាទីមោទនៈ។
ទិវានៃក្តីស្រឡាញ់ ឬអ្នកនិយមជ្រុលហៅថា បុណ្យសង្សា ត្រូវបានគេប្រារព្ធ និងទទួលស្គាល់ទូទាំងពិភពលោក ដោយទិវានេះ តែងតែធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ជនជាតិរ៉ូមុំាងម្នាក់ លោក Saint Valentine ដែលបានបាត់បង់ជីវិតនៅថ្ងៃទី១៤ ខែកុម្ភៈ គ្រិស្តសករាជ ២៦៩ ព្រោះតែពាក់ព័ន្ធនឹងកំណើតនៃទិវានៃក្តីស្រឡាញ់ ឬក៏វ៉ាឡិនថាញដេនេះ។

ចាប់ពីពេលនោះមក ថ្ងៃទី១៤ ខែកុម្ភៈ បានក្លាយជាថ្ងៃឈប់សម្រាក និងថ្ងៃជួបជុំក្រុមគ្រួសារ មិត្តភក្តិសម្រាប់បណ្តាប្រទេសលោកខាងលិចដែលកាន់គ្រិស្តសាសនា ក្នុងការចែករំលែកក្តីស្រឡាញ់ ហើយបើពួកគេនៅឆ្ងាយពីគ្នា ពួកគេតែងតែផ្ញើក្តីស្រឡាញ់របស់ពួកគេតាមរយៈការជូនពរ និងផ្ញើសារទៅកាន់អ្នកជាទីស្រឡាញ់របស់ពួកគេជាដើម។ ជាងនេះទៅទៀត កាតជូនពរសម្រាប់ទិវានៃក្តីស្រឡាញ់ បានបង្កើតឡើងជាលើកដំបូង ដោយសហរដ្ឋអាមេរិក នៅឆ្នាំ១៨៤០ ហើយបច្ចុប្បន្ននេះ កាតជូនពររាប់លានសន្លឹក បានលក់ដាច់ជារៀងរាល់ឆ្នាំ។
បច្ចុប្បន្ននេះ ទិវានៃក្តីស្រឡាញ់ទទួលរងការរិះគន់ជាខ្លាំងពីបណ្តាស្ថាប័នរដ្ឋ ដោយសាររូបភាព នៃការប្រារព្ធទិវានេះ ត្រូវបានយល់ច្រឡំ និងផ្តល់អត្ថន័យខុសពីសំណាក់យុវជនខ្មែរ ដោយប្រែក្លាយអត្ថន័យទិវានៃក្តីស្រឡាញ់ ទៅជាពិធីឡើងផ្ទះសំណាក់ ដើម្បីរួមភេទទៅវិញ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ