Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីឱ្យបង្កើតប្រព័ន្ធតាមដានអ្នកបន្សាបគ្រឿងញៀន

បានផុស

នៅ

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាឱ្យអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនគិតគូរបង្កើតប្រព័ន្ធទិន្នន័យឌីជីថលតាមដាននិងគ្រប់គ្រងអ្នកញៀនគ្រឿងញៀនឱ្យមានភាពច្បាស់លាស់ទាំងនៅក្នុងមណ្ឌលព្យាបាលស្ដារនីតិសម្បទា និងពេលធ្វើសមាហរណកម្មចូលសហគមន៍វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងផែនការស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅស្ថាប័នរដ្ឋចំនួន៤និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ក្នុងកិច្ចការសហការលើដំណើរមណ្ឌលអប់រំបន្សាប ព្យាបាល និងស្ថារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងធ្វើសមាហរណកម្មពួកគេចូលសហគមន៍វិញ។ ក្នុងនោះអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវគិតគូរបង្កើតប្រព័ន្ធទិន្នន័យឌីជីថលដើម្បីតាមដាន និងគ្រប់គ្រងអ្នកញៀនគ្រឿងញៀនឱ្យមានភាពច្បាស់លាស់​នៅតាមមជ្ឈមណ្ឌលទាំងរដ្ឋ និងឯកជន។

អគ្គលេខាធិការ​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានប្រាប់កម្ពុជាថ្មីថា ក្រុមការងារអគ្គលេខាធិការកំពុងសិក្សារៀបចំប្រព័ន្ធទិន្នន័យគ្រប់គ្រងនេះហើយ។ លោកថាការអនុវត្តន៍រក្សាទិន្នន័យកន្លងទៅគឺធ្វើតាមក្រដាស និងពុំមានភាពច្បាស់លាស់ពីសាវតារបស់អ្នកញៀនទាំងនោះៗទេ។

លោកថា៖ «លើកនេះយើងរៀបចំប្រព័ន្ធមួយដែលមានភាពប្រឡាក់ក្រឡាគ្នាដើម្បីដឹងថាទីលំនៅគាត់កើតនៅឯណា? ជាក់ស្ដែងនៅកន្លែងណា? ហើយពេលដែលធ្វើសមាហរណកម្មវិញទៅឱ្យអាជ្ញាធរមូលដ្ឋានជួយមើលបន្ថែមទី១ ទី២ គឺសម្រាប់សមត្ថកិច្ចអាចដឹងដែរថាអ្នកហ្នឹងមានឈ្មោះធ្លាប់ចូលមណ្ឌលឬអត់? បើមិនរាងចាលទេអនុវត្តន៍វិធានការច្បាប់ផ្សេងទៀត មានជម្រើសផ្សេងទៀតដើម្បីយកទៅអនុវត្តន៍ និងគ្រប់គ្រងឱ្យបានហ្មត់ចត់​និងម៉ឺងម៉ាត់បើមិនអ៊ីចឹងទីផ្សារនៃការប្រើប្រាស់នៅតែមាន ឬក៏ទីផ្សារនៃការធ្វើសកម្មភាពជួញដូរនិងប្រើប្រាស់ញៀននៅតែមាន»។

អគ្គលេខាធិការ​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វីរិទ្ធ

ក្នុងផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០នេះនាយករដ្ឋមន្ត្រីក៏បញ្ជាទៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ឱ្យមានយន្តការគ្រប់គ្រងអ្នកប្រើប្រាស់គ្រឿងញៀន ដោយត្រូវប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ពីមុខសញ្ញាប្រើប្រាស់ និងងាយរងផលប៉ះពាល់ដោយសារគ្រឿងញៀន ត្រូវជំរុញលើកទឹកចិត្តឱ្យទៅព្យាបាល និងតាមដានគ្រប់គ្រងបុគ្គលដែលធ្វើសមាហរណកម្មចូលសហគមន៍វិញ ទប់ស្កាត់កុំឱ្យត្រលប់ទៅសេពគ្រឿងញៀនវិញ។

អនុប្រធានមណ្ឌលស្តារនីតិសម្បទា ព្យាបាល អ្នកញៀនគ្រឿងញៀន-ឌីធីអេ លោក ហង្ស ប្រសើរ ថាបញ្ហាធ្វើឱ្យអ្នកញៀនគ្រឿងញៀនពេលចេញពីមណ្ឌលហើយនៅតែត្រលប់មកវិញគឺទាក់ទងនឹងផ្លូវចិត្តរបស់ពួកគេ ដែលត្រូវការតាំងចិត្តខ្ពស់ រួមការសហការពីគ្រួសារ និងសង្គមផងដែរ។ លោកគាំទ្រចំពោះការរៀបចំប្រព័ន្ធទិន្នន័យឌីជីថលក្នុងការគ្រប់គ្រង ដោយអាចតាមដាននិងអាចចាត់វិធានការ ឬការព្យាបាលសមស្របចំពោះអ្នកញៀនគ្រឿងញៀនបាន។

អនុប្រធានមណ្ឌលឌីធីអេ លោក ហង្ស ប្រសើរ

លោកថា៖ «វិធានការនេះល្អចូលរួមជាចំណែកមួយដើម្បីគ្រប់គ្រងការងារស្ដារហ្នឹងឱ្យមានប្រសិទ្ធភាព។ ហើយករណីនៃការកែប្រែគាត់មានកម្រិតអាហ្នឹងយើងក្ដាប់បានព័ត៌មានហ្នឹងទៅយើងអាចមានវិធានការបន្តទៅតាមហ្នឹងទៀត»។

គួរឱ្យដឹងដែរថាក្នុងឆ្នាំ២០២៤ សមត្ថកិច្ចបានបង្ក្រាបដកហូតគ្រឿងញៀនបានជិត១៥តោន កើនលើសឆ្នាំ២០២៣ជាង៧ដង ខណៈបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀនបានជាង៤ពាន់ករណី និងបញ្ជូនមនុស្សជាង១ម៉ឺន៤ពាន់នាក់ទៅមណ្ឌលអប់រំបន្សាបគ្រឿងញៀនទាំងរដ្ឋ និងឯកជន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជ័យ ចាប
ជីវិតកម្សាន្ដ២០ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានជាតិ២៣ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ដាណឺម៉ាក ព្រមានថា ៥ឆ្នាំទៀត រុស្ស៊ី អាចបញ្ឆេះសង្គ្រាមធំនៅអឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម