ព័ត៌មានជាតិ
តំណាងសម្ដេចធិបតី ជំរុញឱ្យក្រសួងកិច្ចការនារីបន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងទប់ស្កាត់អំពើហិង្សា
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជំរុញឱ្យក្រសួងកិច្ចការនារី លើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី សុខដុមរមនាក្នុងគ្រួសារ និងទប់ស្កាត់អំពើហិង្សាលើស្រ្តី និងកុមារលើគ្រប់រូបភាព តាមរយៈការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងដល់សាធារណជន។ ការជំរុញនេះ ធ្វើឡើងក្នុងឱកាសលោក អញ្ជើញជាតំណាងសម្ដេចធិបតី នាយករដ្ឋមន្ត្រី បិទសន្និបាតការងាររបស់ក្រសួងកិច្ចការនារី កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។

រាជរដ្ឋាភិបាល នីតិកាលទី៧ បានបន្តផ្តល់អាទិភាពខ្ពស់ដល់ការលើកកម្ពស់សមភាពយេនឌ័រ បន្តពីរាជរដ្ឋាភិបាលនីតិកាលមុនៗ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដូចមាន ចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីបន្តជំរុញ និងលើកកម្ពស់ស្ថានភាព ឋានៈ និងតួនាទីរបស់ស្រ្តី ដែលជាធនធានមនុស្សស្មើនឹងជាងពាក់កណ្តាលនៃប្រជាជនសរុប។ ការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ជាអភិក្រមដ៏សំខាន់ និងចាំបាច់នៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍មូលធនមនុស្សរបស់កម្ពុជា ការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម ប្រកបដោយភាពធន់ សមធម៌ បរិយាបន្ន និងចីរភាព។

ក្នុងន័យនេះ ដើម្បីបន្តលើកកម្ពស់សមភាពយេនឌ័រលើគ្រប់វិស័យឱ្យកាន់តែប្រសើរ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រសួងកិច្ចការនារី និងក្រសួង-ស្ថាប័នពាក់ព័ន្ធបន្តអនុវត្តប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់នូវយុទ្ធសាស្រ្តបញ្ចកោណ គោលនយោបាយជាតិ និងតាមវិស័យ បន្តលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី គាំទ្រដល់សហគ្រិន និងអាជិវករជាស្ត្រី តាមរយៈការអភិវឌ្ឍជំនាញ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ស្វែងរកទីផ្សារ និងគាំទ្រដល់ស្រ្តី ដែលកំពុងប្រកបមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរស់នៅតាមទីជនបទ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានជំរុញឱ្យបន្តចូលរួមអនុវត្តក្របខ័ណ្ឌស្តីពីសេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព តាមរយៈការពង្រឹងពង្រីកកម្មវិធី និងវិធានការគោលនយោបាយតាមវិស័យរបស់ខ្លួន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន និងដៃគូពាក់ព័ន្ធ រួមទាំងបន្តចូលរួមដោះស្រាយបញ្ហាគម្លាតយេនឌ័រក្នុងវិស័យឌីជីថល រួមទាំងការបង្កើនតួនាទីស្រ្តីក្នុងវិស័យឌីជីថល យកចិត្តទុកដាក់លើកិច្ចការពារសុវត្ថិភាពស្រ្តី ក្មេងស្រីក្នុងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងអនឡាញ។
ក្នុងពិធីបិទសន្និបាតនេះ លោក វង្សី វិស្សុត ក៏ណែនាំដល់ក្រសួងកិច្ចការនារី បន្តអនុវត្តកម្មវិធី និងវិធានការទាំងឡាយ ដែលបានអភិវឌ្ឍនាពេលកន្លងមក ហើយធ្វើបច្ចុប្បន្នភាពកម្មវិធី និងវិធានការទាំងនោះ ឱ្យស្របតាមស្ថានភាពវិវត្តន៍របស់សង្គមសំដៅលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីនិងក្មេងស្រីនៅគ្រប់កម្រិត។

ជាមួយនឹងការណែនាំ ជំរុញ លើកទឹកចិត្ត ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងកិច្ចការនារី ដែលបានចូលរួមចំណែកក្នុងការដឹកនាំ និងសម្របសម្រួលក្នុងការដ្ឋានលើកកម្ពស់ការងារបញ្ជ្រាបយេនឌ័រតាមវិស័យ ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការចូលរួមលើកកម្ពស់ស្ថានភាព ឋានៈ តួនាទីស្រ្តី និងក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច នយោបាយ និងអភិបាលកិច្ច ជាពិសេសការអនុវត្តប្រកបដោយប្រសិទ្ធភាព ក្នុងស្មារតីបុរេសកម្មនូវអនុសាសន៍គន្លឹះមុតស្រួចទាំង៨ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កន្លងមកនេះ។ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានរំលេចអំពីសារៈសំខាន់នៃការរួមគ្នាពិនិត្យឡើងវិញអំពីផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ ដើម្បីរួមចំណែកលើកកម្ពស់ឱ្យកាន់តែមានភាពប្រសើរឡើងនូវស្ថានភាព ឋានៈ តួនាទី និងសិទ្ធិរបស់ស្រ្តីនៅក្នុងគ្រួសារ និងសង្គមជាតិ។

លោក ក៏បានសម្តែងនូវការអបអរសាទរចំពោះការសម្រេចបានវឌ្ឍនភាពការងារ និងសមិទ្ធផលគន្លឹះទាំង៨ របស់ក្រសួងកិច្ចការនារី ពិសេសចំពោះការទទួលបាននូវពានរង្វាន់សរុបចំនួន៣ មានពានរង្វាន់ចំនួន២ លើគោលនយោបាយសេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព (Care Policy Ecosystem) និងពាន់រង្វាន់មួយទៀត គឺពានរង្វាន់សកលថ្នាក់ក្រសួង លើគម្រោងដែលមានកម្មវិបាក (Impact) និងសេដ្ឋកិច្ចវិជ្ជមានចំពោះស្ត្រីនិងក្មេងស្រីរស់នៅតាមជនបទ ដែលជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញពីការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ទាំងនៅក្នុងកម្រិតតំបន់ និងនៅលើឆាកអន្តរជាតិ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?