ព័ត៌មានជាតិ
ពេញ១ខែមករា មន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលជំងឺដល់កុមារជាង ១០ម៉ឺននាក់
រយៈពេលពេញ១ខែមករា ក្នុងឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលទារក កុមារ ស្រ្តីមានផ្ទៃពោះដោយមិនគិតថ្លៃ ដល់កុមារជាង១០ម៉ឺននាក់។

តាមរយៈការបង្ហាញពីតួលេខព្យាបាលជំងឺរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែមករា ឆ្នាំ២០២៥ នេះ, មានកុមារចំនួន ៨៨ ៦៤៨ នាក់ បានមកទទួលការពិនិត្យ និងព្យាបាលក្នុងផ្នែកជំងឺក្រៅ និងកុមារមានជំងឺធ្ងន់ៗចំនួន ១៥ ៤៦៥ នាក់ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្នុងនោះ មានចំនួន ២៨២ នាក់ មានជំងឺគ្រុនឈាម និង ២ ៦៦២ ត្រូវបានទទួលការវះកាត់។ ដោយឡែក ស្រ្តីមានផ្ទៃពោះចំនួន ៨ ៥៦៦ នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងមកសម្រាលកូនចំនួន ១ ៧១៦ នាក់ ផងដែរ។

មន្ទីរពេទ្យគន្ធបុប្ផាអះអាងថា រាល់ការពិនិត្យ និងព្យាបាលទារក កុមារ ស្រ្តីមានផ្ទៃពោះទាំងនេះ គឺធ្វើឡើងដោយមិនគិតថ្លៃ មិនរើសអើង គុណភាព និងប្រកបដោយវិជ្ជាជីវៈ។
គួរឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផាបានបើកដំណើរឡើងវិញនៅឆ្នាំ១៩៩២ បន្ទាប់ពីមន្ទីរពេទ្យមួយនេះត្រូវបិទទ្វារដោយសារតែរបបប្រល័យពូជសាសន៍ប៉ុលពត ដែលគិតមកទល់បច្ចុបន្ននេះ មន្ទីរពេទ្យនេះបានបើកដំណើរការឡើងវិញបានរយៈពេលប្រមាណ៣៣ឆ្នាំ។

ក្នុងឆ្នាំ២០២៤ កន្លងទៅ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងនៅសៀមរាប បានពិនិត្យ និងព្យាបាលលើកុមារ ទារក និងស្ត្រីមានផ្ទៃពោះ ឆ្លងទន្លេ ដោយឥតគិតថ្លៃសរុប ១ ២៥៣ ៧៧៤ករណី ខណៈក្នុង១ឆ្នាំៗ មន្ទីរពេទ្យនេះ ត្រូវចំណាយថវិកាជាង៤០លានដុល្លារសហរដ្ឋអាមេរិក។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា ធ្លាប់បានវាយតម្លៃថា មន្ទីរពេទ្យគន្ធបុប្ផាបានព្យាបាល ដណ្ដើមជីវិតកុមារកម្ពុជាជាច្រើនពីមាត់មច្ចុរាជ ក្រោយមកកុមារដែលធ្លាប់ទទួលបានការព្យាបាលទាំងនោះ ក្លាយជាគ្រូពេទ្យហើយបានជួយព្យាបាលអ្នកជំងឺដទៃទៀត ក្លាយជាមន្ត្រីជាន់ខ្ពស់ និងខ្លះទៀតបានក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមកម្ពុជា។

លោកជំទាវប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា ក៏ធ្លាប់បានថ្លែងអំណរគុណក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត មិនថាយប់ មិនថាថ្ងៃ ក្នុងកិច្ចការដណ្ដើមអាយុជីវិតអ្នកជំងឺពីមាត់មច្ចុរាជ និងស្នើឱ្យបន្តបំពេញកិច្ចការងារនេះតទៅទៀត ដើម្បីកុមារកម្ពុជា។

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក៏បានឱ្យដឹងថា ក្មួយថ្លៃរបស់លោកជំទាវ គឺកូនរបស់ឯកឧត្ដម ហ៊ុន ម៉ានិត ក៏ទទួលបានការព្យាបាលពីមន្ទីរពេទ្យគន្ធបុប្ផាដូចគ្នា នៅពេលជួបប្រទេះបញ្ហាជំងឺដង្កាត់អ្វីមួយ។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិតស្រ្តីទីមួយ បានចាត់ទុកការបរិច្ចាគរបស់សប្បុរសជននានាជូនមន្ទីរពេទ្យ ដើម្បីទុកព្យាបាលជំងឺកុមារ ថាគឺជាការធ្វើទានមួយដ៏ត្រឹមត្រូវ ពីព្រោះបានជួយស្រោចស្រង់អាយុជីវិតកុមារផង និងជួយឱ្យកុមារទាំងនោះទទួលបានឱកាស និងអនាគតល្អ ក៏ដូចបានជួយសង្គមជាតិ ក្រោមម្លប់នៃសន្តិភាព៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី