ព័ត៌មានជាតិ
ច្បាប់ដាក់ទោសជនមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម នឹងដាក់ឱ្យរដ្ឋសភាអនុម័ត នាសប្ដាហ៍ក្រោយ
សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល នឹងត្រូវលើកមកពិភាក្សា និងអនុម័តនៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នាសប្ដាហ៍ក្រោយ។

ការកំណត់ដាក់សេចក្ដីព្រាងច្បាប់ពាក់ព័ន្ធការដាក់ទោសជនណាថាគ្មានឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម ទៅក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភា គឺបានធ្វើឡើងតាមរយៈការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមវត្តមានដឹកនាំរបស់សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា។
កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តកំណត់កាលបរិច្ឆេទសម្រាប់បន្តសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយនឹងពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន២ គឺសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ មាន៧មាត្រា នឹងទៅជំនួសច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលជាច្បាប់ចាស់ប្រកាសឱ្យប្រើដោយព្រះរាជក្រម កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣។
ការរៀបចំឡើងវិញនូវច្បាប់នេះ គឺបន្ទាប់ពីមានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ និងទទួលបានគោលការណ៍ឯកភាពពីប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ថ្មី ជំនួសច្បាប់ចាស់។ ក្រសួងយុត្តិធម៌ ក៏បានពិនិត្យ សិក្សា និងរៀបចំការធ្វើវិសោធនកម្មច្បាប់នេះ ដើម្បីឱ្យស្របទៅតាមបរិបទថ្មីនៃការបិទបញ្ចប់ដំណើរការនីតិវិធីគ្រប់សំណុំរឿង និងការចេញសាលដីកាស្ថាពរដោយ អ.វ.ត.ក.។

សេចក្តីព្រាងច្បាប់ថ្មីនេះ កំណត់អំពីការផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះ ត្រូវបានទទួលស្គាល់ដោយសេចក្ដីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីកាត់ក្តីឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលសរសេរកាត់ថា «អ.វ.ត.ក.» ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះ វិលត្រឡប់មកវិញនៅកម្ពុជា។

ទន្ទឹមនេះ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ក៏បានគូសបញ្ជាក់យ៉ាងច្បាស់អំពីប្រភេទឧក្រិដ្ឋកម្ម ដែលត្រូវបានរកឃើញដោយ អ.វ.ត.ក. រួមមាន ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មនៃការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩ ដើម្បីកត់ត្រាទុកជាប្រវត្តិសាស្ត្រ នៅក្នុងច្បាប់តែម្តង សំដៅម្យ៉ាង ដើម្បីឱ្យប្រជាពលរដ្ឋមានការចងចាំជានិច្ចមិនអាចបំភ្លេចបាននូវមហាសោកនាដកម្ម ក្នុងរបបដ៏ខ្មៅងងឹតរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ម្យ៉ាងទៀត ដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយ ដែលបដិសេធមិនទទួលស្គាល់ការពិតចំពោះប្រវត្តិសាស្ត្រដ៏សែនជូរចត់បំផុតដែលបានកើតឡើងនៅកម្ពុជា កាលពីអតីតកាល។
សេចក្តីព្រាងច្បាប់នេះ បានដំឡើងកម្រិតទោសចំពោះបទមិនទទួលស្គាល់ជាសាធារណៈនូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ទៅជាទោសដាក់ពន្ធនាគារ ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ ៥០លានរៀល សំដៅធានាការពារឧត្តមភាព និងកិត្យានុភាពនៃសេចក្ដីសម្រេចស្ថាពរ និងបេសកកម្មជាប្រវត្តិសាស្ត្ររបស់ អ.វ.ត.ក.។

ថ្លែងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានអះអាងថា ការតាក់តែងច្បាប់នេះ គឺមិនមែនជាការរំលោភបំពានលើសេរីភាពបញ្ចេញមតិនោះទេ ក៏ប៉ុន្តែ ជាការបិទបញ្ចប់ល្បែងនយោបាយរបស់អ្នកនយោបាយមួយចំនួន៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ