ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារ រំពឹងថា កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ផ្នែករថយន្តអេឡិចត្រូនិក នឹងទាក់ទាញអ្នកវិនិយោគកូរ៉េមកកម្ពុជាបន្ថែមទៀត
រដ្ឋមន្ត្រីក្រសួងការងារ បានរំពឹងថា តាមរយៈកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសផ្នែករថយន្តអេឡិចត្រូនិក នេះ នឹងអាចជួយទាក់ទាញអ្នកវិនិយោគកូរ៉េ មកកម្ពុជា បន្ថែមទៀត។

ការរំពឹងនេះ ក្នុងឱកាស លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក គីម ជីនផ្យូ (Kim Jin-Pyo) អតីតប្រធានរដ្ឋសភា សាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាអង្គការដើម្បីពិភពលោកទាំងអស់គ្នា (Global Together) នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ ម្សិលមិញ ដោយភាគីទាំងពីរ បានលើកឡើងពីការគាំទ្រលើកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ជាពិសេសផ្នែករថយន្តអេឡិចត្រូនិក សម្រាប់អភិវឌ្ឍន៍កម្លាំងពលកម្មជំនាញនៅកម្ពុជា។

នាឱកាសនោះ លោក ហេង សួរ បានលើកឡើងដោយរំពឹងថា «តាមរយៈកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសផ្នែករថយន្តអេឡិចត្រូនិកនេះ នឹងអាចជួយទាក់ទាញអ្នកវិនិយោគកូរ៉េ មកកម្ពុជា បន្ថែមទៀត ដោយសារកម្ពុជាមានសិស្សដែលចេះជំនាញបច្ចេកទេស ដូចសិស្សនៅកូរ៉េដែរ»។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី ក៏មើលឃើញថា ពេលដែលកម្ពុជាមានសិស្សមានជំនាញបច្ចេកទេសច្រើន គឺជាកត្តាដ៏ល្អប្រសើរដែលអាចគាំទ្រដល់គំនិតផ្ដួចផ្ដើមបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ នៅកម្ពុជា។ ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមខ្លួនជាស្រេចចំពោះសំណូមពរជាក់ស្ដែង និងកិច្ចសហប្រតិបត្តិការ សម្រាប់គំនិតផ្ដួចផ្ដើមរវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េ។

ជាមួយគ្នានេះដែរ លោក គីម ជីនផ្យូ បានបង្ហាញការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋកូរ៉េជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារវាងវិទ្យាស្ថានពហុបច្ចេកទេសកូរ៉េ ជាមួយវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទៅលើកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសផ្នែករថយន្តអេឡិចត្រូនិក ដែលនឹងចូលរួមអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញបច្ចេកទេសនៅកម្ពុជា។

លោកសង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយ KOICA និងស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នឹងជំរុញឲ្យកម្មវិធីបណ្ដុះបណ្ដាលនេះ ទទួលបានផ្លែផ្កា ជាមួយនឹងការអភិវឌ្ឍកម្លាំងពលកម្មជំនាញបច្ចេកទេសនៅកម្ពុជា ដែលអាចបំពេញតម្រូវការរបស់អ្នកវិនិយោគបរទេស៕
អត្ថបទ ៖ ពិសី


-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?