ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ប្រាប់អង្គភាពសុខាភិបាលទូទាំងប្រទេស ផ្តល់អាទិភាពដល់អ្នកជំងឺចាស់ជរា និងជនមានពិការភាព
នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញក្នុងពិធីបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី២៧ និងថែទាំវេជ្ជសាស្ត្រលើកទី១៤ និងការបំពាក់គ្រឿងឥស្សរិយយស ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជន នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានប្រាប់ឱ្យអង្គភាពសុខាភិបាលទូទាំងប្រទេស បង្កើនការផ្តល់អាទិភាពដល់អ្នកជំងឺចាស់ជរា ជនមានពិការភាព និងជួបលំបាកការខ្វះខ្វាតផ្សេងៗ ធ្វើយ៉ាងណាបង្កលក្ខណៈជូនដល់គាត់ ឱ្យទទួលសេវាព្យាបាលថែទាំ ឆ្លើយតបបានទៅនឹងស្ថានភាពជំងឺជាក់ស្តែង និងផ្តល់ការពន្យល់ទូលំទូលាយ។

បន្ថែមពីនេះ លោកបានណែនាំ ឱ្យបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្រ្តបន្ថែមគ្រប់កម្រិត និងគ្រប់ជំនាញឯកទេស ជំនាញថ្មីៗ ប្រកបដោយនវានុវត្តន៍ តាមរយៈការបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅប្រទេស និងបន្តជួយបណ្តុះបណ្តាលដល់អ្នកបន្តវេនទៅថ្ងៃមុខ។ ជាពិសេសបន្តយកចិត្តទុកដាក់លើកកម្ពស់ ការផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយភាពទន់ភ្លន់ឆ្លើយតបបានទាន់ពេលវេលា ត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ ដើម្បីឱ្យមានភាពជិតស្និទ្ន រវាងគ្រូពេទ្យជាអ្នកបម្រើសេវាផ្ទាល់ជាមួយអ្នកជំងឺ និងសាច់ញាត្តិ បង្កើនបានទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។ ព្រមទាំងយកចិត្តទុកដាក់ទៅលើអ្នកជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម និងចែករំលែកចំណេះដឹងដល់ខេត្តនានា ពិសេសសុខភាពបឋម ដល់កម្រិតថ្នាក់ខេត្ត ស្រុក និងមណ្ឌលសុខភាព។
នាឱកាសនោះ លោកក៏បានចែករំលែកបទពិសោធន៍គន្លឹះដល់គ្រូពេទ្យឱ្យបានពូកែ សម្រាប់ថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃខាងមុខ ដោយត្រូវ ១) ផ្តោតអារម្មណ៍លើអ្នកជំងឺ ២) ជ្រើសរើសគិតគូរឱ្យបានដិតដល់នូវសុខុមាលភាពរបស់អ្នកជំងឺ ៣) ផ្តោតលើការស្វែងយល់ សិក្សារៀនសូត្រជាបន្តបន្ទាប់ ៤) យកចំណេះដឹងទាំងឡាយ ដែលបានសិក្សា យកមកប្រើប្រាស់ដោយគតិបណ្ឌិត ៥) មានក្រមសីលធម៌ អនុវត្តត្រឹមត្រូវ តម្លាភាព សុចរិតភាព ៦) មានទំនាក់ទំនងល្អជាមួយអ្នកជំងឺ ៧) បំពេញភារកិច្ចការងារ ដោយការបេ្តជ្ញាចិត្ត ៨) គ្រប់សកម្មភាពត្រូវផ្តោតលើការពង្រឹងវិជ្ជាជីវៈ វេជ្ជសាស្រ្ត ការព្យាបាល ថែទាំ។

ទន្ទឹមនេះ លោកបានណែនាំកត្តាដែលធ្វើឱ្យការពិនិត្យព្យាបាលបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ដោយត្រូវមានការចូលរួមពីអ្នកជំនាញពាក់ព័ន្ធ ក្នុងការចូលរួមដោះស្រាយ ធ្វើរោគវិនិច្ឆ័យ និងសិក្សាស្វែងយល់ ប្រជុំគ្នា ដើម្បីចូលរួមដោះស្រាយទាំងអស់គ្នា រកគន្លឹះធ្វើយ៉ាងម៉េចឱ្យបានឆាប់រហ័ស និងប្រសិទ្ធភាពខ្ពស់៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ