ព័ត៌មានជាតិ
កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
ដោយកម្ចីអនឡាញកំពុងក្លាយជាអន្ទាក់បំណុលក្នុងសម័យឌីជីថល ឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចទប់ស្កាត់កុំឱ្យមានកម្ចីប្រាក់ខុសច្បាប់ ពិសេសកម្ចីអនឡាញពីជនបរទេស។ ភ្ជាប់នឹងបញ្ជាទៅកាន់អាជ្ញាធរ លោកឧបនាយករដ្ឋមន្ត្រី បានប្រាប់ពលរដ្ឋ ដែលខ្ចីប្រាក់តាមអនឡាញខុសច្បាប់នេះ កុំសង បើគេរករឿង ប្ដឹងមកសមត្ថកិច្ច។

លើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់ការណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេសបន្តផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងចូលរួមអនុវត្តឱ្យបានក្នុងការទប់ស្កាត់កុំឱ្យមានការខ្ចីប្រាក់ខុសច្បាប់ ការខ្ចីប្រាក់ពីក្រុមជនបរទេស ខ្ចីប្រាក់ដែលមានកម្រិតនៃការដាក់គំនាបទៅលើអ្នកខ្ចី ខុសពីច្បាប់ ជាអាទិ៍។

ប្រសិនបើក្រុមឱ្យខ្ចីប្រាក់ ជាក្រុមដែលខុសច្បាប់ ក្រុមជនបរទេសដែលធ្វើការកម្ចីតាមអនឡាញ ជាដើមនោះ គឺកុំសងតែម្តង បើសិនជាមានការរករឿងណាមួយសូមប្តឹងមកសមត្ថកិច្ច។ នេះជាការណែនាំបន្ថែមរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា ដែលបានប្រលយចេញពីវេទិកាសន្និបាតក្រសួងមហាផ្ទៃ។ តែយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីមហាផ្ទៃ បានណែនាំបែងចែកឱ្យដាច់រវាងកម្ចីជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬអង្គភាពផ្តល់ប្រាក់កម្ចី ដែលធ្វើប្រតិបត្តិការស្របតាមច្បាប់ និងកម្ចីជាលក្ខណៈឯកជនបុគ្គល និងបុគ្គល ដែលផ្ទុយពីកម្ចីខុសច្បាប់នោះ គឺត្រូវតែមានកាតព្វកិច្ចសងទៅតាមច្បាប់ និងការព្រមព្រៀង។

ក្នុងចំណោមប្រធានបទសំខាន់ៗផ្សេងទៀតនៃសន្ទរកថាបិទសន្និបាតក្រសួងមហាផ្ទៃ លោក ស សុខា ក៏បានសង្កត់ធ្ងន់ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ពិសេសរដ្ឋបាលនៅថ្នាក់ក្រោមជាតិ បន្តយកចិត្តទុកដាក់ឱ្យខានតែបានលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរគ្រឿងញៀនខុសច្បាប់ ការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើង រួមទាំងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលជាប្រធានបទគួរឱ្យព្រួយបារម្ភ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់