ព័ត៌មានជាតិ
ក្នុងខែមករាឆ្នាំនេះ កុមារជិត៣រយនាក់ កើតជំងឺគ្រុនឈាម ទៅទទួលការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា
ពេញ១ខែមករា ឆ្នាំ២០២៥ កុមារចំនួន២៨២ នាក់ កើតជំងឺគ្រុនឈាម បានទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ដោយមិនគិតថ្លៃ។ នេះបើតាមតួលេខព្យាបាលជំងឺរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែមករា ឆ្នាំ២០២៥ នេះ។

ចំណែករបាយការពីមន្ត្រីជានខ្ពស់ក្រសួងសុខាភិបាលបានឱ្យដឹងថា រាប់ចាប់ពីថ្ងៃទី០១ ខែមករា មកដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជាមានករណីជំងឺគ្រុនឈាមចំនួន ៦៤០ ករណី។

កាលពីឆ្នាំ២០២៤ ក្រសួងសុខាភិបាលឱ្យដឹងថា ករណីជំងឺគ្រុនឈាមមានចំនួនសរុប ១៨ ៩៨៧ នាក់ ខណៈក្នុងឆ្នាំ ២០២៣ ករណីជំងឺគ្រុនឈាមមានចំនួន ៣៥ ៣៩០នាក់ និងចំនួនអ្នកស្លាប់ចំនួន ៩៩នាក់។ តាមរយៈនេះ បង្ហាញថាជំងឺគ្រុនឈាមនៅឆ្នាំ២០២៤ គឺមានការថយចុះជាងឆ្នាំ២០២៣ ចំនួន ១៦ ៤០៣នាក់ ឬ ថយ ៤៦% និងករណីស្លាប់ចំនួន៤៦នាក់ក្នុងឆ្នាំ២០២៤ គឺថយចុះជាងឆ្នាំ២០២៣ចំនួន ៥៣ នាក់។

គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបានលើកឡើងពីការព្រួយបារម្ភអំពីជំងឺគ្រុនឈាម រួមជាមួយនឹងការកើនឡើងនៃចំនួនសត្វមូស។ តែទោះយ៉ាងណា ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញលោក ងី មានហេង បានបញ្ជាក់ថា ស្ថានភាពជំងឺគ្រុនឈាមក្នុងតំបន់នៅតែស្ថិតក្នុងការគ្រប់គ្រងបាន។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាល លើកឡើងថា តាមការប៉ាន់ស្មានសន្ទុះ នៃជំងឺគ្រុនឈាមនៅឆ្នាំ ២០២៥ នេះ អាចមានករណីជំងឺគ្រុនឈាមពី ៣ ម៉ឺន ទៅ ៧ ម៉ឺន ៦ ពាន់ករណី ប្រសិនបើភាគីពាក់ព័ន្ធមិនបានធ្វើអន្តរាគមន៍បែបបុរេសកម្មបានល្អ និងមិនមានវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលាទេនោះ។

ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម ក្រសួងសុខាភិបាល ធ្លាប់បានអំពាវនាវអាណាព្យាបាល មាតាបិតា កុមារាកុមារី គ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្ម ចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើងតុទូ ក្រឡ ធុង ខាប់ ជាដើម ដោយការផ្លាស់ប្តូរទឹក និងលាងសម្អាតជាប្រចាំឱ្យបានយ៉ាងតិចមួយដង ក្នុងមួយអាទិត្យ ឬ ត្រូវគ្របគម្របឱ្យបានជិតល្អ និងត្រូវសហការជាមួយបណ្តាញសុខាភិបាលនៅតាមមូលដ្ឋាន ដើម្បីដាក់ថ្នាំបាណកឃាដសម្លាប់ ដង្កូវទឹក នៅក្នុងអាងទឹក ពាងទឹក កន្លែងដែលស្តុកទឹក ឬ ចិញ្ចឹមកូនត្រីប្រាំពីរពណ៌ នៅកន្លែងដែលអាចចិញ្ចឹមបាន។

ចំណែកម្ចាស់ការដ្ឋានសំណង់ រួមទាំងកម្មករ និងកម្មការិនីទាំងអស់ដែលកំពុងបំពេញការងារនៅតាមការដ្ឋានសំណង់ទាំងអស់ ត្រូវធ្វើអនាម័យបរិស្ថានឱ្យបានស្អាតនៅក្នុងបរិវេណការដ្ឋានសំណង់របស់ខ្លួន ជាពិសេសត្រូវលុបបំបាត់វត្ថុដក់ទឹក និងថ្លុកដក់ទឹក ដោយរៀបចំទុកដាក់សម្ភារៈសំណង់ដែលអាចដក់ទឹកនៅក្នុងទីកន្លែងដែលមានដំបូលត្រឹមត្រូវ ដើម្បីកុំឱ្យដក់ទឹក។ ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ទុកដាក់សំរាមឱ្យបាន ត្រឹមត្រូវ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកសត្វមូសមកតោងជ្រកជុំជិតខ្លួន ដែលអាចងាយនឹងខាំមនុស្ស៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី