Connect with us

ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា ប្រគល់ថវិកា៥លានដុល្លារដល់មន្ទីរពេទ្យហ្លួងម៉ែ មន្ទីរពេទ្យថ្នាក់ជាតិឯកទេសព្យាបាលជំងឺមហារីក

បានផុស

នៅ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសវនាការ និងប្រគល់ថវិកាចំនួន ៥លានដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យ ហ្លួងម៉ែ (មន្ទីរពេទ្យថ្នាក់ជាតិឯកទេសព្យាបាលជំងឺមហារីក) ដែលអញ្ជើញមកទទួលដោយ លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា នាយកមន្ទីរពេទ្យ ហ្លួងម៉ែ ហើយដែលពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ បានស្វាគមន៍ និងសម្តែងនូវក្តីសោមនស្សរីករាយ ព្រមទាំងនាំនូវប្រសាសន៍សួរសុខទុក្ខ និងការកោតសរសើរពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះថ្នាក់ដឹកនាំ, មន្ត្រី និងបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យ ដែលបានយកចិត្តទុកដាក់ខិតខំអនុវត្តតាមផែនការរបស់រាជរដ្ឋាភិបាលរៀបចំឱ្យមន្ទីរពេទ្យ ហ្លួងម៉ែ ជា «មន្ទីរពេទ្យថ្នាក់ជាតិ ឯកទេសព្យាបាល​ជំងឺមហារីក» ដោយបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារៈបរិក្ខារពេទ្យចាំបាច់ដូចជា៖ ម៉ាស៊ីនបាញ់កាំរស្មី (LINAC), ម៉ាស៊ីន CT Scan,ម៉ាស៊ីន RF Ablation System, ម៉ាស៊ីន C-Arm, ម៉ាស៊ីន Endoscope Ultrasound System ។ល។ ដែលអាចដំណើរការដំណាក់កាលដំបូងបានចាប់តាំងពីថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤ រៀងមក។

លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា៖ «ដោយសារមន្ទីរពេទ្យមានតម្រូវការថវិកាដើម្បីបង្កើនប្រសិទ្ធភាពក្នុងការពិនិត្យ និងព្យាបាលជំងឺមហារីកនោះ និងបានដឹងថាមន្ទីរពេទ្យមានផែនការបើកទទួលអ្នកជំងឺមកសម្រាកក្នុងមន្ទីរពេទ្យចាប់ពីខែមីនា ខាងមុខនេះ, បានជាកាលពីថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២៥ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានសម្រេចផ្តល់ជូនមន្ទីរពេទ្យនូវថវិកា ចំនួន ៥លានដុល្លារអាម៉េរិក តាមការស្នើសុំរបស់មន្ទីរពេទ្យ ដើម្បីអាចបំពាក់បានបន្ថែមទៀតនូវសម្ភារៈបរិក្ខារដែលមានដូចជា៖ ម៉ាស៊ីន MRI, ម៉ាស៊ីន HDR Brachytherapy, ម៉ាស៊ីនអន្តរាគមន៍រូបភាពវេជ្ជសាស្ត្រ (Cath Lab) បរិក្ខារសម្រាប់បង្កើត​មន្ទីរពិសោធន៍ទំនើបវិភាគសាច់ និងសម្ភារៈ/បរិក្ខារជាច្រើនទៀត។»។

ទន្ទឹមនឹងនេះ ការផ្តល់ថវិកាជួយដល់មន្ទីរពេទ្យហ្លួងម៉ែ ជាសក្ខីកម្មថ្មីមួយទៀតបង្ហាញពីការយកចិត្តទុកដាក់ និងការគិតគូររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះសុខភាពបងប្អូនរួមជាតិ ហើយជាមួយនឹងវឌ្ឍនភាពរបស់មន្ទីរពេទ្យជាតិឯកទេសមហារីកនេះ កាកបាទក្រហមកម្ពុជា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ពិតជាមានជំនឿយ៉ាងមុតមាំថា មន្ទីរពេទ្យ ហ្លួងម៉ែ នឹងបន្តផ្តល់សេវាពិនិត្យ និងព្យាបាលអ្នកជំងឺមហារីកប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ទទួលបានការជឿទុកចិត្តពីគ្រប់មជ្ឈដ្ឋានចំពោះសេវកម្មដ៏ល្អ និងវេជ្ជបណ្ឌិត ព្រមទាំងបុគ្គលិកសុខាភិបាលមានវិជ្ជាជីវៈ និងប្រកបដោយក្របសីលធម៌។

លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា៖ «ថវិកាដែលបានកាកបាទក្រហមកម្ពុជា បានជួយឧបត្ថម្ភដល់មន្ទីរពេទ្យ គឺជាថវិកាទទួលបានពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដែលតែងតែបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភាជារៀងរាល់ឆ្នាំ។ មូលនិធិទទួលបានពីទិវា៨​ឧសភា កាកបាទក្រហមកម្ពុជា តែងតែបានជួយឧបត្ថម្ភទៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ចំនួន ១លាន​ដុល្លារជារៀងរាល់ឆ្នាំ (ចាប់តាំងពីឆ្នាំ២០១២ រៀងមក), បានចូលរួមក្នុងការកសាងមន្ទីរពេទ្យស្ត្រីនគរទេព, បានជួយឧបត្ថម្ភដល់ការអភិវឌ្ឍមន្ទីរពេទ្យកាល់ម៉ែត្រ, បានចូលរួមជួយដល់មន្ទីរពេទ្យកុមារអង្គរសៀមរាប​, បានចុះសួរសុខទុក្ខអ្នកជំងឺតាមមន្ទីរពេទ្យ, កុមារកំព្រា/អ្នកពិការ, អង្គការ/សមាគមមួយចំនួន។ ជាមួយគ្នានេះ ដោយសារការងារអប់រំថែទាំសុខភាពសហគមន៍ជា វិស័យអាទិភាពមួយរបស់កាកបាទក្រហមកម្ពុជា សមាគមជាតិទាំងនៅថ្នាក់កណ្តាល និងសាខា តែងតែមានសកម្មភាពជាប្រចាំក្នុងការអប់រំផ្សព្វផ្សាយ សុខភាពសហគមន៍, ការថែទាំសុខភាពបឋម និងការបង្ការទប់ស្កាត់ជំងឺឆ្លង-មិនឆ្លងនានានៅតាមជនបទ​ និងតាមគ្រឹះស្ថានសិក្សា។»។

លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវបណ្ឌិត ដែលបានឆ្លៀតឱកាសយ៉ាងមមាញឹក និងចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការអញ្ជើញប្រគល់ថវិកាដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា ជូនដល់មន្ទីរពេទ្យ ហ្លួង ម៉ែ។ ទន្ទឹមនឹងនេះ លោក សូមសូមចងចាំជានិច្ចនូវគុណូបការៈរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយឧបត្ថម្ភជូន ដល់មន្ទីរពេទ្យ ដែលនេះជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យទាំងអស់ ដើម្បីបន្តខិតខំបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

សូមជម្រាបជូនថា អតីតមន្ទីរពេទ្យស្រី្តនគរទេព (បច្ចុប្បន្នមន្ទីរពេទ្យ ហ្លួងម៉ែ) ត្រូវបានបង្កើតឡើង ព្រមទាំងបានដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងផ្ដោតលើការពិនិត្យ និងព្យាបាលជំងឺរោគស្ត្រី ជូនដល់ប្រជាពលរដ្ឋកម្ពុជា។ ក្នុងស្ថានភាពនៃការឆ្លងរីករាលដាលយ៉ាងខ្លាំងពីជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានទិញយកមន្ទីរពេទ្យស្រី្តនគរទេព សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងបានប្តូរឈ្មោះជា «មន្ទីរពេទ្យ ហ្លួង ម៉ែ» ។

ក្រោយស្ថានភាពជំងឺកូវីដ-១៩ បានបញ្ចប់ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកយោបល់គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីបង្កើតមន្ទីរពេទ្យ ហ្លួង ម៉ែ ជា «មន្ទីរពេទ្យថ្នាក់ជាតិឯកទេសព្យាបាលជំងឺមហារីក»។ រាជរដ្ឋាភិបាលបានសម្រេចបង្កើតមន្ទីរពេទ្យ ហ្លួងម៉ែ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល តាមរយៈអនុក្រឹត្យលេខ១៩៨ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ដែលស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស របស់ក្រសួងសុខាភិបាល និងស្ថិតនៅក្រោមអាណាព្យាបាលហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

មន្ទីរពេទ្យបានបើកដំណើរការដំណាក់កាលដំបូងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ រួមមាន៖ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែករូបភាពសាស្ត្រ និងអន្តរាគមន៍រូបភាពសាស្ត្រ និងផ្នែកមន្ទីរពិសោធន៍ ដែលផ្តល់សេវា៖ពិនិត្យ និងស្វែងរកជំងឺមហារីកដំណាក់កាលដំបូង (Screening) ចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន (HPV) ពិនិត្យ និងពិគ្រោះជំងឺមហារីកទាក់ទងនឹង៖ រោគស្ត្រី (ជំងឺស្បូន និងសុដន់), ប្រព័ន្ធរំលាយអាហារ (បំពង់រំលាយអាហារខាងលើ ក្រពះ ពោះវៀន ថ្លើម បំពង់បង្ហូរទឹកប្រមាត់ និងលំពែង), ប្រព័ន្ធទឹកមូត្រ និងប្រព័ន្ធដង្ហើម។

គិតចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ មន្ទីរពេទ្យ ហ្លួងម៉ែ បានទទួលពិនិត្យ ព្យាបាល អ្នកជំងឺបានចំនួន ៦.៩០៤នាក់ ដែលក្នុងនោះមានផ្នែកពិគ្រោះជំងឺទូទៅ, សង្គ្រោះបន្ទាន់, ជំងឺមហារីក, ជំងឺរោគស្ត្រី, ជំងឺពិគ្រោះមុនវះកាត់តូច និងវះកាត់តូច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ វិនាទី មុន

កាកបាទក្រហមកម្ពុជា ប្រគល់ថវិកា៥លានដុល្លារដល់មន្ទីរពេទ្យហ្លួងម៉ែ មន្ទីរពេទ្យថ្នាក់ជាតិឯកទេសព្យាបាលជំងឺមហារីក

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម២០ វិនាទី មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

លីវ ជីលី
ជីវិតកម្សាន្ដ៨ នាទីutes មុន

មួយឃ្លាដ៏មានន័យពី លីវ ជីលី ជូននារីៗ ក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់

សេដ្ឋកិច្ច៩ នាទីutes មុន

​ប្រភពព័ត៌មានថ្មីចុងក្រោយ ក្រុមហ៊ុន​​​កូរ៉េ​កំពុង​សិក្សា​គម្រោងសាងសង់អាកាសយានដ្ឋានថ្មី នៅ​ខេត្តមណ្ឌលគិរី

ព័ត៌មានជាតិ១៥ នាទីutes មុន

ក្រសួងការងារ តម្រូវឱ្យម្ចាស់សហគ្រាស យកចិត្តទុកដាក់ និងការពារ ជាពិសេសចំពោះកម្មករ-និយោជិតជាស្ត្រីមានផ្ទៃពោះ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ២៤ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម១៨ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្រោយនិយាយចប់​ជាមួយពូទីន លោក ត្រាំ ក៏ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក​ហ្សេលេនស្គី​ភ្លាម​

Sokha Hotels

ព័ត៌មានពេញនិយម