ព័ត៌មានជាតិ
ថ្ងៃបុណ្យនៃក្តីស្រឡាញ់ម្សិលមិញ អ្នកមណ្ឌលគិរីមួយចំនួននាំគ្នាទៅបរិច្ចាគឈាម ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់
ថ្ងៃបុណ្យនៃក្តីស្រឡាញ់នៅថ្ងៃទី១៤ ខែកុម្ភៈ ម្សិលមិញ យុវជនយុវនារីក្មេងចាស់ប្រុសស្រីមួយចំនួននៅក្នុងខេត្តមណ្ឌលគិរី បាននាំគ្នាទៅទិញផ្កា និងកាដូអនុស្សាវរីយ៍ផ្សេងៗជូនអ្នកមានគុណ ក៏ដូចជា ក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់ ដើម្បីបង្ហាញក្ដីស្រឡាញ់និងការដឹងគុណរបស់ពួកគេរៀងៗខ្លួន។ ក៏ប៉ុន្តែ ក៏មានដែរប្រជាពលរដ្ឋមួយចំនួន រួមទាំងមន្រ្តីរាជការខ្លះផង បាននាំគ្នាសម្រុកទៅបរិច្ចាគឈាមនៅឯមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយសង្គ្រោះអ្នកជំងឺកំពុងសម្រាកនៅរង់ចាំឈាមសង្គ្រោះជីវិត។

ស្រ្តីជាអាជីវករមួយរូប មានទីលំនៅក្បែររង្វង់មូលគោព្រៃ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រាប់«កម្ពុជាថ្មី»ថា អតិថិជនបានមកនាំគ្នាមកទិញផ្កា និងកាដូអនុស្សាវរីយ៍ផ្សេងៗជូនក្រុមគ្រួសារ ក៏ដូចជា មនុស្សជាទីស្រឡាញ់យ៉ាងច្រើនហូរហែ។ ជាពិសេសភាគច្រើន គឺសិស្សានុសិស្សបានទិញផ្កា និងកាដូអនុស្សាវរីយ៍ផ្សេងៗជូនលោកគ្រូ អ្នកគ្រូរបស់ខ្លួន ជាការតបស្នងសងគុណផង។ គាត់បន្ថែមទៀតថា អតិថិជនមកទិញផ្កា និងងកាដូអនុស្សាវរីយ៍នៅក្នុងឆ្នាំនេះ បើធៀបនឹងឆ្នាំមុន ក៏មិនខុសគ្នាប៉ុន្មានដែរ គឺប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ទុយ ស្រស់ ប្រធានមន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី ក៏បានឱ្យដឹងផងដែរថា នៅថ្ងៃទី១៤កុម្ភៈ បុណ្យនៃក្ដីស្រឡាញ់ មានប្រជាពលរដ្ឋ ក៏ដូចជា មន្រ្តីរាជកាប្រុសស្រីចំនួន ៤៦នាក់បានមកបរិច្ចាគឈាមជូនមន្ទីរពេទ្យបង្អែក ដើម្បីសង្គ្រោះអ្នកជំងឺកំពុងសម្រាកព្យាបាល និងរង់ចាំឈាម ក៏ដូចជាអ្នកជំងឺដែលត្រូវការឈាមសង្រ្គោះបន្ទាន់ផងដែរ។ លោកវេជ្ជបណ្ឌិតរូបនេះ បានបញ្ជាក់ថា បុណ្យនៃក្ដីស្រឡាញ់ឆ្នាំនេះ មានប្រជាពលរដ្ឋ ក៏ដូចជា មន្ត្រីរាជការយ៉ាងច្រើនសន្ធឹកសន្ធាប់នាំគ្នាសម្រុកមកបរិច្ចាគឈាមស្ទើរតែបូមមិនទាន់នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី បើធៀបនឹងឆ្នាំមុន មិនសូវជាមានអ្នកមកបរិច្ចាគឈាមប៉ុន្មាននោះទេ។

លោកវេជ្ជបណ្ឌិត បានថ្លែងអំណរគុណទៅដល់ប្រជាពលរដ្ឋ ក៏ដូចជា មន្ត្រីរាជការគ្រប់រូបដែលបានយកថ្ងៃ១៤កុម្ភៈបុណ្យនៃក្ដីស្រឡាញ់នេះ ដើម្បីបរិច្ចាគឈាមជូនមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ដើម្បីសង្គ្រោះអ្នកជំងឺកំពុងតែសម្រាកនៅក្នុងមន្ទីរពេទ្យ ក៏ដូចជាអ្នកជំងឺផ្សេងៗ ដែលត្រូវការឈាមដើម្បីសង្គ្រោះបន្ទាន់៕

អត្ថបទ៖ រៀម សុខហេង

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល