ព័ត៌មានជាតិ
ព្រះរាជបន្ទូល៖ វត្តអារាមខ្មែរ កែប្រែជោគវាសនាមនុស្សក្រខ្សត់ឱ្យក្លាយជាមន្ត្រីជាន់ខ្ពស់បម្រើរដ្ឋ
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា តាំងពីអតីតកាលមក វត្តអារាមខ្មែរ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកែប្រែជោគវាសនាជនក្រខ្សត់ ឱ្យក្លាយទៅជាមន្ត្រីរាជការជាន់ខ្ពស់បម្រើប្រទេសជាតិ។ព្រះមហាក្សត្រ មានព្រះរាជបន្ទូលបែបនេះ នៅក្នុងព្រះរាជពិធីសម្ពោធមហាកុដិសម្ដេចព្រះសង្ឈរាជជួនណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំងសមិទ្ធផលនានា ក្នុងវត្តឧណ្ណាលោម នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលដូច្នេះ៖« តាំងតែពីអតីតកាល រហូតមកដល់បច្ចុប្បន្នកាល វត្តអារាមជួយផ្ដល់កន្លែងស្នាក់នៅ បួសរៀនសូត្រ ចំណេះដឹងទូទៅ ដល់អ្នកដែលមានការខ្វះខាត ក្នុងចំណោមនោះ មានចំនួន បានក្លាយទៅជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងការបម្រើរដ្ឋ»។

តាមរយៈព្រះរាជពិធី ព្រះមហាក្សត្រ ចាត់ទុកវត្តឧណ្ណាលោម គឺជាទីបណ្ដុះនូវព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធដ៏ល្អឯក ហើយជាទីកន្លែងដែលផ្ដល់កំណើតដល់វចនានុក្រមខ្មែរតាមរយៈការលះបង់ដ៏ធំធេងរបស់សម្ដេចព្រះសង្ឈរាជជួនណាត ពេញមួយព្រះជន្មរបស់ព្រះអង្គ។

បើតាមសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី តួនាទីដ៏លេចធ្លោរបស់វត្តអារាមព្រះពុទ្ធសាសនាបានក្លាយទៅជាចលករមួយ ដែលមិនអាចកាត់ផ្ដាច់ចេញបានរវាងដំណើរជីវិតប្រជាពលរដ្ឋខ្មែរប្រចាំថ្ងៃ និងការអភិវឌ្ឍសង្គមជាតិ ដែលមានន័យថាវត្តអារាម និងសង្គមគឺតែមួយ។

លើសពីនេះទៅទៀត ព្រះករុណា ចាត់ទុកតួនាទីដ៏ពិសិដ្ឋរបស់វត្តអារាមព្រះពុទ្ធសាសនាខ្មែរ ថាបានរួមវិភាគទានដ៏សំខាន់ដល់សង្គមតាំងតែពីបុរាណកាលរហូតមកដល់បច្ចុប្បន្នកាលក្នុងតួនាទីសំខាន់ក្នុងការជម្រុញបណ្ដុះសីលធម៌ គុណធម៌ ដែលជាផ្នែកមួយនៃពុទ្ធចរិយាសាស្ត្រ ធ្វើឱ្យសង្គមខ្មែរមានសុខដុមនីយកម្មទាំងសាសនានិងសង្គម និងជាទីកន្លែងអប់រំទាំងផ្លូវការផ្លូវចិត្ត កសាងធនធានមនុស្ស ឱ្យមានចំណេះដឹងគ្រប់បែបយ៉ាង និងជាឃ្លាំងសម្រាប់រក្សាទុកនូវបេតិវប្បធម៌ ប្រពៃណី ចំណេះដឹងដ៏សម្បូរបែប ដែលផ្ដល់គុណតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវ មិនចេះរីងស្ងួតឡើយ។

គួរជ្រាបដែរថា ជុំវិញតួនាទីវត្តអារាមក្នុងការផ្ដល់ជម្រកដល់កូនអ្នកស្រែចម្ការបានស្នាក់នៅ បួសរៀនសូត្ររហូតក្លាយជាថ្នាក់ដឹកនាំជាន់ខ្ពស់បម្រើរដ្ឋ គឺមានជារូបសម្ដេចតេជោ ហ៊៊ុន សែន ជាអំណេះអំណាង។ សម្ដេចតេជោ ហ៊ុន សែន កាលពីកុមារភាព ពោលគឺនៅក្នុងឆ្នាំ ១៩៦៤ ចាកចេញពីភូមិកំណើត នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មករស់នៅក្នុងវត្តនាគវ័ន្ត នាទីក្រុងភ្នំពេញ ដើម្បីបន្តការសិក្សានៅវិទ្យាល័យឥន្ទ្រៈទេវី។ តាមរយៈវត្តអារាមនេះ សម្ដេចតេជោ អាចបានសិក្សាមានចំណេះដឹង មានស្មារតីស្រឡាញ់ជាតិ ចូលរួមក្នុងចលនាតស៊ូ ប្រឆាំងនឹងពួកចក្រពត្តិនិយម ដើម្បីរំដោះកម្ពុជា ពីភ្លើងសង្គ្រាម ក្រោមការអំពាវនាវរបស់ព្រះមហាក្សត្រ ព្រះបាទ នរោត្តមសីហនុ និងរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត នាំសន្តិភាពពិតប្រាកដជូនកម្ពុជា នៅឆ្នាំ១៩៩៨ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។
ក្នុងឱកាសនៃព្រះរាជពិធី ព្រះមហាក្សត្រ ក៏បានអរគុណ និងកោតសរសើរជាទីបំផុតចំពោះសម្ដេចអគ្គមហាសេនាបតី ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមប្រឹក្សាព្រះមហាក្សត្រ ដែលជាស្ថាបនិកដ៏អស្ចារ្យ ប៉ិនប្រសប់ និងឈ្លាសវៃ ក្នុងការធ្វើឱ្យព្រះពុទ្ធសាសនាខ្មែរ និងវត្តអារាម រស់ឡើងវិញដូចសព្វថ្ងៃដែលនាំឱ្យមានស្ថិរភាពសង្គម សន្តិភាព ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។

ជាមួយគ្នានេះ សម្ដេចនរោត្តម សីហមុនី ទ្រង់មានព្រះរាជបន្ទូលទៀតថា ក្នុងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានភាពឈ្លាសវៃ មានគោលនយោបាយសមស្រប ទទួលបានការរីកចម្រើន និងស្ថិរភាពសង្គមល្អប្រសើរ មិនអាចឱ្យមានបុគ្គលណាមួយប្រមាថ ឬប្រទូស្តរាយចំពោះព្រះពុទ្ធសាសនានៅក្នុងសម័យកាលសន្តិភាពនេះបានឡើយ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ