ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌បន្តសិក្សាលម្អិតរៀបចំ «ច្បាប់ដាក់ក្រុមជ្រុលនិយមជាភេរវករ»
ក្រសួងយុត្តិធម៌កំពុងពិនិត្យលម្អិតបន្ថែមលើទិដ្ឋភាពច្បាប់នានាដើម្បីរៀបចំច្បាប់ដាក់ក្រុមជ្រុលនិយមជាភេរវករ ស្របពេលដែលគម្រោងវាយប្រហារលើភូមិគ្រឹះសម្ដេចតេជោត្រូវបានបែកធ្លាយ។ អ្នកវិភាគយល់ថាច្បាប់នេះអាចឱ្យកម្ពុជាពង្រឹងសមត្ថភាពក្នុងការប្រឆាំងភេរវករក្នុងក្របខណ្ឌអន្តរជាតិ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌីណា ប្រាប់កម្ពុជាថ្មីថាក្រសួងកំពុងពិនិត្យលំអិតលើច្បាប់ផ្សេងៗដើមរៀបចំច្បាប់នេះ ខណៈព័ត៌មានលម្អិតលោកមិនទាន់អាចបញ្ជាក់បាននោះទេ។
លោកថា៖ «មកទល់ពេលនេះ ក្រសួងយុត្តិធម៌កំពុងបន្តសិក្សាលម្អិតលើទិដ្ឋភាពច្បាប់ជុំវិញការធ្វើច្បាប់នេះ ហើយខ្ញុំមិនទាន់មានព័ត៌មានអ្វីលម្អិតបន្ថែមលើសពីនេះទេ»។
ច្បាប់ដាក់ក្រុមជ្រុលនិយមជាភេរវករត្រូវបានជំរុញដោយសម្ដេចតេជោ ហ៊ុន សែន ក្នុងពេលដែលសម្ដេចថ្លែងក្នុងមីទិញអបអរខួប៤៦ឆ្នាំ ទិវាជ័យជម្នះ៧មករា ឆ្នាំ២០២៥កន្លងទៅ ដោយថាដើម្បីការពារសន្ដិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ប្រទេស។ ក្នុងពេលដែលមានការបែកធ្លាយគម្រោងវាយប្រហារដោយដ្រូនលើភូមិគ្រឹះសម្ដេចតេជោ ច្បាប់នេះត្រូវបានគេក៏ត្រូវបានគេលើកឡើងជាថ្មីផងដែរ។

អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខ លោក ថុង ម៉េងដាវីត គាំទ្រដល់ការបង្កើតច្បាប់នេះដោយវានឹងបង្កើតនូវយន្តការផ្លូវច្បាប់ និងកិច្ចសហការអន្តរជាតិក្នុងការប្រឆាំងពួកភេរវករក្នុងក្របខណ្ឌអន្តរជាតិតែម្ដង។ លោកថាវិធានការផ្លូវច្បាប់ដែលមានគោលដៅនិងព័ត៌មានច្បាស់លាស់អាចឱ្យអាជ្ញាធរកំណត់អត្តសញ្ញាណ និងកាត់បន្ថយហានិភ័យ មុនពេលពួកគេធ្វើសកម្មភាពផ្សេងៗ។
លោកថា៖ «ការបង្កើតច្បាប់ប្រឆាំងអំពើភេរវកម្មដ៏ទូលំទូលាយមួយនឹងជួយដល់កម្ពុជាក្នុងការតម្រឹមច្បាប់ និងវិធានការផ្លូវច្បាប់ជាមួយនឹងក្របខណ្ឌប្រឆាំងភេរវកម្មសកល តាមរយៈការពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការសហការជាមួយដៃគូអន្តរជាតិ។ ការសហការបែបនេះ អាចរួមបញ្ចូលការចែករំលែកស៊ើបការណ៍ ការពង្រឹងសមត្ថភាព និងការចូលរួមក្នុងគំនិតផ្តួចផ្តើមក្នុងតំបន់ ដែលទាំងអស់នេះនឹងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធសន្តិសុខរបស់ប្រទេសកម្ពុជា»។

កាលពីថ្ងៃទី១៣ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានបញ្ចេញនូវខ្សែអាត់សំឡេងរបស់ស្ត្រីម្នាក់ដែលប្រមាថដល់សម្ដេច និងគ្រួសារដោយបានប្រើភាសាហិង្សាគ្មានមនុស្សធម៌ចង់យកដ្រូនកសិកម្មដាក់សាំងបាញ់លើផ្ទះសម្ដេចរួចដុតដៃកេះដុតសម្លាប់មិនទុកអ្នកណាម្នាក់នោះទេសូម្បីតែកូនតូចក្នុងអង្រឹង។ សម្ដេចតេជោក៏បានប្រកាសប្ដេជ្ញាកំចាត់ក្រុមជ្រុលនិយមទាំងនេះឱ្យអស់។
ក្រុមប្រឹក្សាធម្មនុញ្ញបានថ្កោលទោសចំពោះគម្រោងវាយប្រហារ និងថាសកម្មភាពនេះជាអំពើ«ភេរវកម្ម» បំពានរដ្ឋធម្មនុញ្ញកម្ពុជាធ្ងន់ធ្ងរ។

ក្រសួងចំនួន៣ រួមមានក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចេញសេចក្ដីប្រកាសអន្តរក្រសួងមួយកំណត់វិធានការសន្ដិសុខថ្មីដោយតម្រូវឱ្យអ្នកដែលកំពុងគ្រប់គ្រង កាន់កាប់ ឬប្រើប្រាស់ដ្រូនដែលមានទម្ងន់ផ្ទុកចាប់ពី២គីឡូក្រាមឡើង ត្រូវទៅធ្វើស្វ័យប្រកាសនៅអធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌ។ ត្រូវរាយការណ៍រាល់ពេលដែលត្រូវការបង្ហោះដ្រូនរបស់ខ្លួនទៅកាន់ប៉ុស្ដិ៍នគរបាលឃុំសង្កាត់ទីកន្លែងដែលបង្ហោះ និងមិនត្រូវហោះលើសពី១២០ម៉ែត្រនោះទេ។
មានទីតាំងមួយចំនួនដែលបានហាមឃាត់បង្ហោះដ្រូនក្នុងប្រកាសអន្តរក្រសួងនេះក្នុងនោះក៏មានលំនៅដ្ឋានប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?