ព័ត៌មានជាតិ
ស្អែក ព្រះមហាក្សត្រយាងបើកសម័យប្រជុំលើកទី៣៨ របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លើរបៀបវារៈចំនួន១៣
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១០:០០នាទីព្រឹក ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបើកសម័យប្រជុំលើកទី៣៨ នៅព្រះបរមរាជវាំងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។

កិច្ចប្រជុំ នឹងពិនិត្យ សម្រេច និងពិគ្រោះយោបល់ លើរបៀបវារៈចំនួន១៣ ដូចជាទី១៖ ពិនិត្យ និងសម្រេច លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម។ ទី២៖ ពិនិត្យ និងសម្រេច អំពីការផ្ទេរ និងតែងតាំង ចៅក្រម មួយចំនួន។ ទី៣៖ ពិគ្រោះយោបល់ លើសំណើផ្ទេរ និងតែងតាំង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងមួយចំនួន តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

ទី៤៖ ពិនិត្យ និងសម្រេច អំពីការកែសម្រួល និងតែងតាំងសមាសភាពនៃក្រុមអធិការកិច្ច នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ទី៥៖ ពិនិត្យ និងផ្តល់យោបល់ អំពីការស្នើដំឡើងថ្នាក់ ឋានន្តរស័ក្តិ តាមវេនអតីតភាព តាមកម្រិតសញ្ញាបត្រ ចំពោះចៅក្រម និងព្រះរាជអាជ្ញា។ ទី៦៖ ពិនិត្យ និងសម្រេច អំពីសំណើសុំតាំងស៊ប់ក្នុងក្របខណ្ឌចៅក្រម ចំពោះចៅក្រម កម្មសិក្សាចំនួន ៣៥នាក់។ ទី៧៖ ពិគ្រោះយោបល់ លើសំណើសុំតាំងស៊ប់ក្នុងក្របខណ្ឌព្រះរាជអាជ្ញា ចំពោះ ព្រះរាជអាជ្ញារងកម្មសិក្សា ចំនួន ២០នាក់ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួង យុត្តិធម៌។
ទី៨៖ ពិនិត្យ និងសម្រេច អំពីសំណើសុំចូលបម្រើការងារវិញរបស់លោកស្រី ខៀវ សុខា អតីតអនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ។ ទី៩៖ ពិគ្រោះយោបល់ លើសំណើសុំដាក់ឱ្យនៅទំនេរគ្មានបៀវត្សរយៈពេល ២ឆ្នាំ របស់ព្រះរាជអាជ្ញារង ចំនួន ២នាក់។ ទី១០៖ ពិនិត្យ និងសម្រេច អំពីសំណើសុំអនុញ្ញាតច្បាប់ទៅបន្តការសិក្សា របស់ចៅក្រម ១នាក់ នៃសាលាដំបូងខេត្តកណ្តាល។
ទី១១៖ ពិនិត្យ និងសម្រេច អំពីសំណើសុំអនុញ្ញាតច្បាប់ទៅបន្តការសិក្សា របស់ចៅក្រម ១នាក់ នៃសាលាដំបូងខេត្តពោធិ៍សាត់។ទី១២៖ ពិគ្រោះយោបល់ អំពីការស្នើសុំបំពេញកម្មសិក្សាការងារ ជាព្រះរាជអាជ្ញារង កម្មសិក្សា សម្រាប់សិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី២ នៃបណ្ឌិត្យសភាភូមិន្ទ យុត្តិធម៌កម្ពុជា។ ទី១៣៖ បញ្ហាផ្សេងៗ។

គួរជ្រាបថា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាស្ថាប័នកំពូលរបស់ជាតិក្នុងគោលបំណងជួយព្រះមហាក្សត្រ ដើម្បីធានាឯករាជ្យនៃអំណាចតុលាការ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានវិសាលភាពអនុវត្តទៅលើចៅក្រម និងព្រះរាជអាជ្ញានៅទូទាំងប្រទេសកម្ពុជា លើកលែងតែមានច្បាប់ដោយឡែកកំណត់ផ្សេងពីនេះ។
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានអង្គព្រះមហាក្សត្រគង់ជាព្រះប្រធាន អមដោយសមាជិកចំនួន១១រូប។ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមទាំង ១១រូបនេះ រួមមាន៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រធានតុលាការកំពូល អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ឥស្សរជនដែលជ្រើសតាំងដោយព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ និងការជ្រើសតាំងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ សមាជិកមួយចំនួនទៀត គឺជ្រើសតាំងតាមការបោះឆ្នោតក្នុងចំណោមចៅក្រម និងព្រះរាជអាជ្ញានៃសាលាជម្រះក្តីជាន់ខ្ពស់ រួមទាំងចៅក្រមពេញសិទ្ធិ និងព្រះរាជអាជ្ញាពេញសិទ្ធិនៃសាលាដំបូង។

សមាជិកជ្រើសតាំងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវបានជ្រើសក្នុងចំណោមឥស្សរជនជាចៅក្រម ឬព្រះរាជអាជ្ញាពេញសិទ្ធិ ឬជាអតីតចៅក្រម ឬអតីតព្រះរាជអាជ្ញា ឬឥស្សរជនដែលមានបទពិសោធការងារយ៉ាងតិច ១៥ឆ្នាំឡើងក្នុងវិស័យច្បាប់ ឬតុលាការ។ សមាជិកជ្រើសតាំងទាំងនេះមានអាណត្តិ៥ឆ្នាំ ហើយអាចឈរឈ្មោះជាថ្មីសម្រាប់អាណត្តិបន្តបន្ទាប់ទៀតបាន។
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានសមត្ថកិច្ចសម្រេច និងលើកសេចក្តីស្នើថ្វាយព្រះមហាក្សត្រអំពីការតែងតាំង ការផ្លាស់ប្ដូរ ការផ្ដាច់ពីមុខងារ ការដាក់ឲ្យនៅក្រៅក្របខណ្ឌ ការដាក់ឲ្យនៅទំនេរ និងការលុបឈ្មោះចៅក្រម និងព្រះរាជអាជ្ញាទាំងអស់។ ជាមួយគ្នានេះ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមមានសិទ្ធិពិនិត្យ និងសម្រេចចំពោះការដាក់វិន័យ និងការកំណត់ក្រមសីលធម៌ដល់ចៅក្រម និងព្រះរាជអាជ្ញា។
បន្ថែមពីនេះ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមបានពិគ្រោះមតិជាចាំបាច់ ដើម្បីផ្តល់យោបល់លើសេចក្តីស្នើច្បាប់ ឬសេចក្តីព្រាងច្បាប់ ដែលទាក់ទងដល់ការរៀបចំ និងការប្រព្រឹត្តទៅនៃវិស័យតុលាការ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល