Connect with us

ព័ត៌មានជាតិ

ដី​ជាង ១ ម៉ឺនហិកតា នៅ​​ស្រុក​ស្នួល​ ប្រែក្លាយ​​ជា​តំបន់​​ពហុ​កសិកម្ម​គំរូ​ ក្រោម​ទុន​វិនិយោគ​​​ជិត ៥០០ លាន​ដុល្លារ

បានផុស

នៅ

ផ្ទៃ​ដី​ជាង ១ ម៉ឺន​ហិកតា​ នៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ កំពុង​ក្លាយ​ជា​តំបន់​ពហុ​កសិកម្ម​ស្នួល តាមរយៈ​គម្រោង​ផលិតកម្ម​កសិកម្ម​ចម្រុះ​មាន​ភាព​ប្រមូលផ្តុំ​ ជាមួយ​​តម្លៃ​ទុនវិនិយោគ​សរុប​ប្រមាណ ៤៩៥ លាន​ដុល្លារ

កាលពី​ចុង​សប្ដាហ៍​នេះ ក្រុម​អ្នក​សារព័ត៌មាន​ជាង ២០ ស្ថាប័ន ដឹក​នាំ​ដោយ​ក្លិប​អ្នក​កាសែត​កម្ពុជា បាន​ចុះ​ទៅ​ទស្សនកិច្ច​នៅ​តំបន់​ពហុ​កសិកម្ម​ស្នួល​របស់​ក្រុមហ៊ុន Thago Agri នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតប​​សំនួរ​​របស់​ក្រុម​អ្នកសារព័ត៌មាន​ លោក ង្វៀន ង៉ុកអាន់ទូ អគ្គនាយករង​ប្រចាំ​តំបន់​ពហុ​កសិកម្ម​ស្នួល​ស្រុក​ស្នួល ខេត្តក្រចេះ ​របស់​ក្រុមហ៊ុន Thago Agri បាន​ថ្លែង​ថា ក្រោយ​​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​​ទំហំ ១០ ៧៨០ ហិតា នៅស្រុក​ស្នួល ខេត្តក្រចេះ ក្រុមហ៊ុន​ Thago Agri កំពុង​អនុវត្ត​សាកល្បង​នៃ​គំរូ​កសិដ្ឋាន​ចម្រុះ ដែល​ក្នុង​នោះ​មាន​ផលិតកម្ម​​ដាំដុះ កសិដ្ឋាន​ចិញ្ចឹម​សត្វ​លក្ខណៈ​ជា​ប្រព័ន្ធ និង​តំបន់​កសិកម្ម​ចម្រុះ​ដែល​មាន​ភាព​គួបផ្សំគ្នា។

​គម្រោង​ផលិតកម្ម​កសិកម្ម​ចម្រុះ​មាន​ភាព​ប្រមូលផ្តុំ​នេះ ក្រុមហ៊ុន​កំពុង​ផ្តោត​ជំរុញ​ការ​ដាំដុះ​​ដំណាំ​យុទ្ធសាស្ត្រ​ចំនួន​ពីរ ក្នុង​នោះ​មាន​​ដំណាំ​ចេក​នៅ​លើ​ផ្ទៃដី​ទំហំ ៣,៧០០ ហិកតា ​ដំណាំ​ទុរេន និង​កសិដ្ឋាន​ចិញ្ចឹម​គោ​នៅ​លើ​ផ្ទៃដី​ទំហំ ៥,១០០ ហិកតា (ក្នុង​នោះ ២,៥០០ ហិកតា​​សម្រាប់​ដាំ​ទុរេន និង​កសិដ្ឋាន​ចិញ្ចឹម​គោ​ចំនួន ១១៧ ២០០ ក្បាល)​។ បន្ថែម​ពី​នេះ ក៏​មាន​​កសិដ្ឋាន​​ចិញ្ចឹម​ត្រី​ទឹកសាប (តាម​ប្រព័ន្ធ​ស្រះទឹក និង​ទំនប់​ទឹក​ផ្គត់ផ្គង់​សម្រាប់​ផលិតកម្ម​ដាំដុះ និង​ចិញ្ចឹម​សត្វ) នៅ​លើ​​ផ្ទៃ​ទឹក​ចំនួន ២១០ ហិកតា។

លោក ង្វៀន ង៉ុកអាន់ទូ អគ្គនាយករង​ប្រចាំ​តំបន់​ពហុ​កសិកម្ម​ស្នួល​ស្រុក​ស្នួល ខេត្តក្រចេះ ​របស់​ក្រុមហ៊ុន Thago Agri

នៅអំឡុងពីឆ្នាំ ២០២០ ដល់ ២០២៣ ក្រុមហ៊ុន THACO AGRI បានរៀបចំសិក្សាអំពីស្ថានភាព លក្ខណៈដីធ្លីនិងបរិស្ថាន ដើម្បី​ធ្វើការវាយតម្លៃឡើងវិញទាំងស្រុងអំពីប្រសិទ្ធភាពនៃគម្រោង ហើយ​បានរៀបចំផែនការមេផ្លាស់ប្ដូរគម្រោង​ងាក​មកដាំដំណាំហូបផ្លែនិងចិញ្ចឹមគោ​វិញ​ និង​បានអនុវត្តសាកល្បងគំរូកសិដ្ឋានចម្រុះ ដែលក្នុងនោះមានសហគ្រាសផលិតកម្មដាំដុះ កសិដ្ឋានចិញ្ចឹមសត្វតាមខ្សែសង្វាក់ផលិតកម្មពេញលេញ និងតំបន់កសិកម្ម ដែលដំណើរការផលិតកម្មតាមបែបបូកបញ្ជូលនិងវិលជុំរួមមាន៖ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសដូចជាផ្លូវថ្នល់ ធារាសាស្ត្រ និងភ្លើងអគ្គិសនី អគារ​ស្នាក់នៅសម្រាប់បុគ្គលិកកម្មករកម្មការិនី ហាងលក់ទំនិញ រោងចក្រផលិតនិងវេចខ្ចប់ផ្លែចេក ឃ្លាំងត្រជាក់រក្សាទុកផ្លែឈើស្រស់ រៀបចំប្រព័ន្ធឡូជីស្ទិកសម្រាប់ដឹកជញ្ជូនផ្ទៃក្នុងគម្រោង និងសម្រាប់ការនាំចេញ កសិដ្ឋានចិញ្ចឹមគោបង្កាត់​ពូជ និង​មជ្ឈមណ្ឌលកែឆ្នៃលាយផ្សំចំណីគោជាដើម។

លោក ង្វៀន ង៉ុកអាន់ទូ បាន​បញ្ជាក់​ថា ​ការ​បង្កើត​គំរូ​កសិដ្ឋាន​ប្រមូល​ផ្តុំ​នេះ បាន​ជួយ​កាត់​បន្ថយ​យ៉ាង​ទាប​បំផុត​លើ​ការ​​ចំណាយ​វិនិយោគ បង្រួម​យន្តការ​គ្រប់គ្រង​ប្រតិបត្តិការ និង​ស្ថិរភាព​កម្លាំង​ពលកម្ម​។ ទន្ទឹម​នោះ ក៏​ចូលរួម​បង្កើត​ផលិតផល​ដែល​មាន​ប្រភព​ដើម​ពី​សរីរាង្គ សំដៅ​កាត់បន្ថយ​កាក​សំណល់​ក្នុង​ដំណើរការ​ផលិតកម្ម ឆ្លើយតប​នឹង​និន្នាការ​ទូទៅ​នៃ​ការអភិវឌ្ឍន៍បៃតង និង​និរន្តរភាព​។

«តាម​រយៈ​គំរូ​កសិកម្ម​ចម្រុះ​នេះ អនុផល​ដែល​ចេញ​ពី​ការ​ផលិត​ដាំដុះ នឹង​ត្រូវ​បាន​ទាញ​យក​ទៅ​ធ្វើ​ជា​ជី និង​ចំណី​សម្រាប់​ចិញ្ចឹម​សត្វ ហើយ​ការ​ចិញ្ចឹម​សត្វ​នោះ​ក៏​អាច​ផលិត​ចេញ​វត្ថុធាតុ​សម្រាប់​ធ្វើជា​ជី​ដាំដុះ​វិញ​ផង​ដែរ»។ លោក ង្វៀន ង៉ុកអាន់ទូ ​បញ្ជាក់បន្ថែម។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​កសិកម្ម​គំរូ​របស់​ក្រុមហ៊ុន Thago Agri នៅស្រុកស្នួល ក្រុម​អ្នក​សារព័ត៌មាន​បាន​ចុះ​ទៅ​ទស្សនា​រោងចក្រ​ផលិត និង​វេចខ្ចប់​ចេក, ឃ្លាំង​ត្រជាក់​រក្សា​ផ្លែ​ឈើ​ស្រស់, ឡូជីស្ទិក មជ្ឈមណ្ឌល​លាយ​ផ្សំ​ចំណី​សម្រាប់​គោ រួម​ទាំង​មើល​ឃើញ​ពី​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​ (ផ្លូវថ្នល់ ធារាសាស្ត្រ និង​ប្រព័ន្ធ​អគ្គិសនី, ផ្ទះ​ស្នាក់​នៅ​សម្រាប់​កម្មករ) និង​បានទៅទស្សនា​​ដំណើរការខ្សែ​សង្វាក់​​ផលិតកម្ម​កែច្នៃ​ផលិតផលអនុផលពីការដាំដុះ និង​ការ​ចិញ្ចឹមសត្វ​របស់ក្រុមហ៊ុន​។

លោក ង្វៀន ង៉ុកអាន់ទូ បាន​ថ្លែងបន្ត​​ថា ស្របជាមួយ​នឹងដំណើរការនៃការដាំដុះ និង​ការ​ចិញ្ចឹម​សត្វ ក្រុមហ៊ុន​បាន​វិនិយោគ​លើ​ខ្សែ​សង្វាក់​ផលិតកម្ម​សម្ភារៈ គ្រឿងចក្រ និង​ឧបករណ៍​សម្រាប់​កសិកម្ម ការ​រៀបចំ​ការិយាល័យ ឃ្លាំង​មេ មជ្ឈមណ្ឌល​ប្រតិបត្តិការ​ភស្ដុភារកម្ម និង​បណ្ដា​រោងចក្រ​ផលិតកម្ម​ឧស្សាហកម្ម និង​ផ្ទះកម្មករ នៅ​លើ​ផ្ទៃដី​ចំនួន ៣៨៥ ហិកតា រួម​ទាំង​រោងចក្រ​ផលិតកម្ម​សម្ភារៈ​កសិកម្ម មេកានិក​កសិកម្ម ការ​ផលិត​អំបោះចេក និង​ជីសរីរាង្គ។

គំរូកសិដ្ឋានកសិកម្មដែលដំណើរការផលិតកម្មតាមបែបបូកបញ្ជូល វិលជុំដោយខ្សែសង្វាក់ផលិតកម្មពេញលេញរបស់ក្រុមហ៊ុន THACO AGRI នៅ​ស្រុកស្នួល ខេត្ត​ក្រចេះ ​ប្រើប្រាស់​ទុនវិនិយោគ​សរុប​ប្រមាណ ៤៩៥ លាន​ដុល្លារ៕ នេះបើតាមប្រភពក្រុមហ៊ុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម