ព័ត៌មានជាតិ
សមាគមឧកញ៉ាកម្ពុជា ផ្ដល់អគារសិក្សា និងសម្ភារៈផ្សេងៗ សរុបទឹកប្រាក់ជាង ១,១ លានដុល្លារ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យអប់រំក្នុងខេត្តកំពង់ធំ
សមាគមឧកញ៉ាកម្ពុជា ផ្ដល់អគារសិក្សា ៥ ខ្នង ចំនួន ៥៥ បន្ទប់ និងសម្ភារៈផ្សេងៗ ដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានជីវភាពខ្វះខាត សរុបជាទឹកប្រាក់ប្រមាណជាង ១,១ លានដុល្លារ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យអប់រំក្នុងខេត្តកំពង់ធំ។

កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ប្រចាំឆ្នាំ ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា ក្រោមប្រធានបទ «ទាំងអស់គ្នា ដើម្បីការអប់រំ» នៅវិទ្យាល័យទ្រៀល ស្ថិតនៅភូមិថ្មី ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។

នាឱកាសនោះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា លើកឡើងថា សមាគមឧកញ៉ាកម្ពុជា បានចាត់ទុកការចូលរួមសកម្មភាពសប្បុរសធម៌ និងសង្គមកិច្ច គឺជាការងារអាទិភាពមួយរបស់ខ្លួន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា ដែលជាអគ្គស្ថាបនិកដ៏ឆ្នើម នៃគោលនយោបាយ ឈ្នះ-ឈ្នះ បាននាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍជាតិនាពេលបច្ចុប្បន្ន។

ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ព្រមទាំងសប្បុរសជនចំនួន ១១៤ រូប ក្នុងឆ្នាំ ២០២៥ នេះ សរុបជាសរុបជាទឹកប្រាក់ចំនួនជាង ១ ១៧៨ ៨៨៨ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ប្រគល់ជូន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងខេត្តកំពង់ធំ ក្នុងនោះរួមមាន ៖ កសាងអគារសិក្សាចំនួន ៥ ខ្នង ស្មើនឹង ៥៥ បន្ទប់ , ផ្តល់ជូនផ្ទាល់ជូនលោកគ្រូអ្នកគ្រូចំនួន ១៨៥ នាក់ មានសម្លៀកបំពាក់ចម្រុះ កាតាប និងថវិកា ៦ ម៉ឺនរៀល, ជូនលោកគ្រូអ្នកគ្រូចំនួន ១៦ នាក់ ដែលខ្វះមធ្យោបាយធ្វើដំណើរ ក្នុងម្នាក់ៗ ទទួលបានកង់ ១ គ្រឿង , ជូនលោកគ្រូអ្នកគ្រូចំនួន ១៥ នាក់ ដែលខ្វះមធ្យោបាយធ្វើដំណើរ ហើយនៅឆ្ងាយពីសាលា ម្នាក់ៗ ទទួលបានម៉ូតូ ១ គ្រឿង , ជូនដល់សិស្សានុសិស្សចំនួន ៥ ៦៥០ នាក់ ម្នាក់ៗ ទទួលបានសម្ភារៈសិក្សា ១ ឈុត ឯកសណ្ឋានសិស្ស ១ ឈុត សម្លៀកបំពាក់នៅផ្ទះ ១ ឈុត និងថវិកាចំនួន ៤ ម៉ឺនរៀល ព្រមទាំងជូនសិស្សានុសិស្សចំនួន ៧៨៤ នាក់ ដែលខ្វះខាតមធ្យោបាយធ្វើដំណើរ ម្នាក់ៗ ទទួលបានកង់ម្នាក់ ១ គ្រឿង។

ទន្ទឹមជាមួយគ្នានេះ សមាគម ក៏ជួយជួសជុលអគារ ផ្ដល់សម្ភារៈសិក្សា បរិក្ខារបង្រៀន សម្ភារៈព័ត៌មានវិទ្យាជូនដល់សាលាបឋមសិក្សាចំនួន ៦ កន្លែង ដោយគ្រោងប្រើប្រាស់ថវិកាប្រមាណជាង ៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិកផងដែរ។

ជាមួយគ្នានេះ លោក វង្សី វិស្សុត លើកឡើងដែរថា ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជានាពេលនេះ ពិតជាបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ជាពិសេសការចូលរួមនូវការអភិវឌ្ឍវិស័យអប់រំលើការបណ្តុះធនធានមនុស្សរបស់កម្ពុជា ដែលនេះមិនត្រឹមតែជួយទ្រទ្រង់ជីវភាពរបស់សិស្ស និងលោកគ្រូ អ្នកគ្រូ ប៉ុណ្ណោះនោះទេ ប៉ុន្តែជាសកម្មភាពជំរុញដល់ការអភិវឌ្ឍសង្គមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។

លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានកំណត់យកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពចម្បងបំផុត ដែលនឹងក្លាយជាកម្លាំងចលករដ៏មានប្រសិទ្ធភាពក្នុងការកសាង និងអភិវឌ្ឍន៍ជាតិមាតុភូមិ ដោយបានដាក់ចេញបន្ថែមលើគោលនយោបាយដែលមានស្រាប់នូវវិធានការគន្លឹះចំនួន ៤ រួមមាន ការពង្រឹងអភិបាលកិច្ចសាលារៀន ដោយផ្ដោតលើការគ្រប់គ្រងរបស់នាយកសាលា។ ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា ទាំងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។ ការយកចិត្តទុកដាក់លើសុខភាពសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន ព្រមទាំងជំរុញ លើកទឹកចិត្តការចូលរួមរបស់មាតាបិតា-អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំផងដែរ៕
អត្ថបទ ៖ ឈាង មករា





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ