ព័ត៌មានជាតិ
អ្នកជំនាញកសិកម្មយល់ថាការកំណត់ធ្វើស្វ័យប្រកាសដ្រូនគួរធ្វើត្រឹមទីប្រជុំជន
អ្នកជំនាញកសិកម្មយល់ថាការកំណត់ឱ្យអ្នកប្រើប្រាស់ដ្រូនទាំងអស់ដែលអាចផ្ទុកទម្ងន់ចាប់ពី២គីឡូក្រាមឡើងទៅធ្វើស្វ័យប្រកាសគួរធ្វើត្រឹមទីប្រជុំជន ឬត្រឹមដែនកំណត់ណាមួយ។ ការអនុវត្តន៍វិសាលភាពទូទាំងប្រទេសគឺធំទូលាយពេក និងបង្កការលំបាកដល់ប្រជាកសិករដែលប្រើប្រាស់ដ្រូនសម្រាប់កសិកម្ម។

ក្នុងសេចក្ដីប្រកាសអន្តរក្រសួងចំនួន៣ចុះថ្ងៃទី១៤ ខែកុម្ភៈ ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលដ្ឋាភិបាលបានកំណត់វិធានការសន្ដិសុខថ្មីមួយដោយតម្រូវឱ្យអ្នកដែលកំពុងគ្រប់គ្រង កាន់កាប់ ឬប្រើប្រាស់ដ្រូនដែលមានទម្ងន់ផ្ទុកចាប់ពី២គីឡូក្រាមឡើង ត្រូវទៅធ្វើស្វ័យប្រកាសនៅអធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌ។ បន្ថែមលើនោះរាល់មុនការបង្ហោះដ្រូនក៏ត្រូវជម្រាបដំណឹងទៅកាន់នគរបាលប៉ុស្ដិ៍នៅទីតាំងបង្ហោះនោះផងដែរ។

នាយកគ្រប់គ្រងកសិកម្មឆ្លាតវ៉ៃលោក ប៊ុននីកា សាន យល់ថាការកម្រិតថ្មីនេះធ្វើឱ្យប៉ះពាល់ដល់កសិករជាពិសេសត្រង់ចំណុចដែលតម្រូវឱ្យពួកគេត្រូវទៅជូនដំណឹងដល់នគរបាលមុនពេលគេប្រើប្រាស់ដ្រូនបាញ់ថ្នាំតែងម្ដង។ លោកយល់ថាការតម្រូវនេះគួរតែកម្រិតត្រឹមទីប្រជុំជនទើបជាការល្អ។
លោកថា៖ «គួរតែកំណត់ទីតាំងឱ្យបានច្បាស់លាស់ថានៅស្រែចម្ការប្រើមិនអីទេ! [..] ដូចថា២គីឡូដីជំវិញទីរួមស្រុក ឬក៏៣គីឡូដីជុំវិញទីរូមខេត្តត្រូវតែសុំច្បាប់អីអ៊ីចឹងណា! តែបើគ្នានៅកណ្ដាលព្រៃភ្នំតែម្នាក់ឯងរត់ចុះរត់ឡើងរវល់តែមកសុំច្បាប់នេះគឺវាដូចហួសហេតុពេកសម្រាប់ខ្ញុំយល់»។
លោកថាការបង្កផលពិបាកនេះអាចឱ្យកសិករមកប្រើប្រាស់ការបាញ់ថ្នាំតាមរបៀបពីមុនវិញដែលខាតពេលវេលា និងគ្រោះថ្នាក់ដល់សុខភាព។
ទីប្រឹក្សាឯករាជ្យផ្នែកកសិកម្មលោក សម វិទូ ស្នើឱ្យរដ្ឋគួរមានការកំណត់ទៅតាមតំបន់ដោយគិតទៅលើតំបន់ណាជាតំបន់កសិកម្ម និងតំបន់ណាជាតំបន់ទីប្រជុំជនត្រូវការបង្កើនសន្ដិសុខខ្ពស់។

លោកថា៖ «បើសិនជាម្ចាស់ស្រែដល់ពេលបាញ់ថ្នាំហើយមមាញឹកដល់ការមើលស្រូវមើលអី ហើយគាត់ត្រូវទៅប្រាប់អាជ្ញាធរទៀត វាបង្កការលំបាកដល់ពូកគាត់ដែរ ជាពិសេសអ្នកប្រកបរបរប្រើប្រាស់ដ្រូនស៊ីឈ្នួលបាញ់ថ្នាំឱ្យកសិករហ្នឹង»។
លោក ប៊ុននីកា សាន យល់ថា៖ «យើងនិយាយភាសាខ្មែរយើងមួយម៉ាត់ទៅចុះថា ទៅសុំចុះសុំឡើងវាតែងតែមានការលើកទឹកចិត្តជូនប៉ុននេះ ប៉ុណ្ណោះអីអ៊ីចឹងៗ ជារឿងមួយអត់ប្រសើរប៉ុន្មានទេសម្រាប់ខ្ញុំ»។
បច្ចុប្បន្ននិន្នាការនៃការប្រើប្រាស់ដ្រូនសម្រាប់បាញ់ថ្នាំក្នុងវិស័យកសិកម្មត្រូវបានសង្កេតឃើញមាននិន្នាការនៃការប្រើប្រាស់ច្រើន។ អ្នកជំនាញឱ្យដឹងថាការប្រើប្រាស់ដ្រូនសម្រាប់បាញ់ថ្នាំបានជួយកាត់បន្ថយកម្លាំង និងពេលវេលាជាច្រើន ជាពិសេសវាក៏កាត់បន្ថយគ្រោះថ្នាក់ពីការពុលថ្នាំផងដែរ ដោយសារមនុស្សមិនបានប៉ះពាល់ផ្ទាល់នឹងថ្នាំដែលបានបាញ់។

អ្នកនាំពាក្យក្រសួងកសិកម្មកញ្ញា អ៊ឹម រចនា ស្នើសុំការយោគយល់ពីប្រជាកសិករចំពោះវិធានការសន្ដិសុខថ្មីនេះ ដើម្បីរក្សាសន្ដិសុខ និងសណ្ឋាប់ធ្នាប់។
កញ្ញា អ៊ឹម រចនា៖ «ប្រកាសអន្តរក្រសួងបានចេញរួចរាល់ហើយ អ៊ីចឹងយើងដឹងថាការអនុវត្តន៍វាមានដំណាក់កាលហើយត្រូវការចាំបាច់ឱ្យប្រជាពលរដ្ឋលោករាយការណ៍ហើយសុំការអនុញ្ញាត អ៊ីចឹងយើងសុំឱ្យប្រជាពលរដ្ឋលោកអនុវត្តន៍តាមហ្នឹងដើម្បីសុវត្ថិភាព ជាពិសេសសន្ដិសុខដែលយើងព្រួយបារម្ភ»។

គួរឱ្យដឹងថាការកំណត់វិធានការសន្ដិសុខថ្មីរបស់រដ្ឋនេះ គឺបន្ទាប់ពីមានហេតុការណ៍ប៉ុនប៉ងធ្វើឃាតសម្ដេចតេជោ និងគ្រួសារត្រូវបានទម្លាយកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ។ ស្ត្រីម្នាក់ដែលមិនទាន់ត្រូវបង្ហាញអត្ដសញ្ញាណបានផ្ញើសារសំឡេងក្នុងក្រុមតេឡេក្រាមចង់ប្រើប្រាស់ដ្រូនកសិកម្មដាក់សាំងបាញ់ទៅលើផ្ទះសម្ដេចតេជោប៉ុនប៉ងធ្វើឃាតមិនទុកសូម្បីតែកូនតូចក្នុងអង្រឹង។ សម្ដេចតេជោចាត់ទុកអំពើនេះជាអំពើភេរវកម្ម និងប្រកាសកំចាត់ចោលអ្នកទាំងឡាយណាដែលប៉ុនប៉ងនេះផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៧ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក