Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី៖ ច្បាប់ដាក់ទោសអ្នកថាគ្មានឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម នឹងផ្ដល់ការគោរពដល់ជនពលីជីវិតដើម្បីសង្គ្រោះជាតិ និងរកសន្តិភាព

បានផុស

នៅ

ក្រោយការជជែកពីសំណាក់សមាជិក-សមាជិការដ្ឋសភា, សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ត្រូវបានអង្គរដ្ឋសភា អនុម័តជាឯកច្ឆន្ទក្នុងសំឡេង ១១៥សំឡេង នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយរដ្ឋសភាអនុម័ត, ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចបែបនេះ​។ ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកថាច្បាប់នេះ នឹងផ្ដល់ការគោរពដល់អតីតយុទ្ធជន ដែលបានពលីជីវិតក្នុងបុព្វហេតុសង្គ្រោះជាតិ ប្រជាជន និងស្វែងរកសន្តិភាពយ៉ាងលំបាក។  

ឯកឧត្ដម ហ៊ុន ម៉ានី សរសេរលើទំព័រហ្វេសប៊ុកផ្លូវការដូច្នេះ៖«ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ដែលមានសមាជិកគ្រួសារជាជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ខ្ញុំសូមប្រកាសគាំទ្រជាឱឡារិកនូវច្បាប់នេះ ដើម្បីផ្តល់នូវការគោរពដល់ជនរងគ្រោះ និងអតីតយុទ្ធជនដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិតដើម្បីរំដោះជាតិ សង្រ្គោះប្រជាជន និងស្វែងរកសន្តិភាពដ៏លំបាកលំបិនបំផុត។»។ 

គួរជ្រាបថា សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលមាន៧មាត្រា នឹងទៅជំនួសច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលជាច្បាប់ចាស់ប្រកាសឱ្យប្រើដោយព្រះរាជក្រម កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣។

ការរៀបចំឡើងវិញនូវច្បាប់នេះ គឺបន្ទាប់ពីមានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ និងទទួលបានគោលការណ៍ឯកភាពពីប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ថ្មី ជំនួសច្បាប់ចាស់។ ក្រសួងយុត្តិធម៌ ក៏បានពិនិត្យ សិក្សា និងរៀបចំការធ្វើវិសោធនកម្មច្បាប់នេះ ដើម្បីឱ្យស្របទៅតាមបរិបទថ្មីនៃការបិទបញ្ចប់ដំណើរការនីតិវិធីគ្រប់សំណុំរឿង និងការចេញសាលដីកាស្ថាពរដោយ អ.វ.ត.ក. ពិសេសគឺការកំណត់អំពីការផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម។

ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានបង្ហាញការយល់ឃើញថា  សេចក្តីព្រាងច្បាប់នេះ គឺជាការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះអាចវិលមកវិញនៅកម្ពុជា ព្រោះកម្ពុជាបានឆ្លងកាត់នូវសោកនាដកម្មប្រវត្តិសាស្រ្តដ៏ជូរចត់ កំសត់គ្រាំគ្រាជាទីបំផុត ដែលប្រជាជនរងទុក្ខវេទនារកអ្វីប្រៀបផ្ទឹមពុំបាន។

«គ្មានក្រុមគ្រួសារខ្មែរណាមួយដែលពុំបានបាត់បង់សាច់ញាតិ ឬមិនបានរងការឈឺចាប់ពីសោកនាដកម្មដែលបង្ករឡើងរបបដ៏សហាវឃោឃៅនេះឡើយ។ យើងពិតជាមិនអាចទទួលយកបានឡើយនូវការជាន់ឈ្លីដែលកើតពីការមិនទទួលស្គាល់ ឬការបំផ្លើស បំភ្លៃ បំភន្តការពិតនៃមហាសោកនាដកម្មដែលប្រទេសជាតិដ៏កំសត់របស់យើងបានឆ្លងកាត់នេះឡើយ។ ដូច្នេះ ការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ត និងដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសជាស្ថាពររួចហើយ គឺជាទង្វើអប្រិយ៍ ជាន់ឈ្លីប្រវត្តិសាស្រ្ត និងបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋដែលរងគ្រោះយ៉ាងអយុត្តិធម៌ ដែលសង្គមជាតិមិនអាចលើកលែងទោសបានឡើយ។»។ នេះជាការបន្ថែមរបស់ឯកឧត្ដម ហ៊ុន ម៉ានី។

គួរជ្រាបបន្តិចថា ច្បាប់ថ្មីនេះ បានដំឡើងកម្រិតទោសចំពោះបទមិនទទួលស្គាល់ជាសាធារណៈនូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ទៅជាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ ៥០លានរៀល៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម