ព័ត៌មានជាតិ
ស្ពៃក្តោប និងស្ពៃបូកគោខេត្តមណ្ឌលគិរី ជាបន្លែធម្មជាតិកំពុងមានទីផ្សារខ្ពស់ពីអតិថិជនទាំងក្នុងខេត្ត និងក្រៅខេត្ត
កសិករដាំបន្លែសុវត្ថិភាពសហគមន៍កសិកម្មសាមគ្គីមនោរម្យ កំពុងមមាញឹកប្រមូលផលស្ពៃក្តោប និងស្ពៃបូកគោក្នុងខែកុម្ភៈនេះ ខណៈការបញ្ជាទិញកាន់តែមានច្រើនពីអតិថិជន ព្រោះគុណភាព និងតម្លៃសមរម្យ។ ស្ពៃក្តោប និងស្ពៃបូកគោនេះ ត្រូវបានប្រជាកសិករដាំដុះតាមបែបធម្មជាតិដែលមិនបង្កផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគឡើយ។

លោក ភិន ផន ប្រធានសហគមន៍បន្លែសុវត្ថិភាពកសិកម្មសាមគ្គីមនោរម្យ បានឱ្យដឹងថា បច្ចុប្បន្ន អ្នកដាំដុះបន្លែ បានចងក្រងគ្នាជាសហគមន៍ មានចំការច្រើនទីតាំងក្នុងក្រុងសែនមនោរម្យ ដែលអាចផ្គត់ផ្គង់ទៅដល់អ្នកបញ្ជាទិញ យកទៅលក់នៅតាមបណ្តាផ្សារទំនើបនានា និងខេត្តផ្សេងៗ។ ប្រធានសហគមន៍រូបនេះបន្តថា រាល់ថ្ងៃនេះ បន្លែដែលទទួលបានការបញ្ជាទិញច្រើនជាងគេពីសំណាក់មហាជន គឺស្ពៃក្តោប និងស្ពៃបូកគោ ដោយសារវាមានរសជាតិឆ្ងាញ់ប្លែកពីតំបន់ដទៃ ទើបទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជនបែបនេះ។ ស្ពៃក្តោប និងស្ពៃបូកគោ បើនិយាយពីគុណភាពបន្លែដែលដាំ ដោយប្រជាសហគមន៍នៅក្រុងសែនមនោរម្យ គឺធានាពីសុវត្ថិភាពជូនដល់សុខភាពរបស់អ្នកបរិភោគ១០០% ដ្បិតការដាំដុះ គឺសុទ្ឋតែមានការត្រួតពិនិត្យបានយ៉ាងត្រឹមត្រូវពីអ្នកជំនាញ និងការជួយផ្នែកបច្ចេកទេសពីមន្ត្រីមន្ទីរកសិកម្មផងដែរ។

លោកបន្តថា ស្ពៃក្តោប និងស្ពៃបូកគោ ដែលលោកកំពុងប្រមូលផលនេះ គឺលក់បានតម្លៃចាប់ពី៥ ០០០រៀល ទៅ៧ ០០០រៀល។ ក្រៅពីស្ពៃបូកគោ និងស្ពៃក្តោប សហគមន៍បន្លែសុវត្ថិភាពកសិកម្មសាមគ្គីមនោរម្យ នៅមានដាំបន្លែជាច្រើនទៀតរួមមាន មើមយ៉េន ការ៉ុត ត្រប់ សាលាដ៏ ឆៃថាវទៀតផង។ លោកបញ្ជាក់ថា ទោះបីកសិករបានប្រមូលផ្តុំគ្នាជាសហគមន៍ ដើម្បីផ្គត់ផ្គង់បន្លែតាមការបញ្ជាទិញពីអតិថិជន ក៏នៅមានការខ្វះខាតបរិមាណបន្លែម្តងម្កាលនារដូវវស្សាសម្រាប់ទីផ្សារ ដែលតម្រូវឱ្យកសិករត្រូវបង្កើនការដាំដុះបន្ថែមទៀត។

ប្រធានសហគមន៍បន្លែសុវត្ថិភាពកសិកម្មសាមគ្គីមនោរម្យ ក៏បានផ្តាំផ្ញើដល់បងប្អូនកសិករទាំងអស់ដែលកំពុងប្រកបរបរដាំបន្លែ ដូចគ្នា សូមសិក្សាបច្ចេកទេសពីមន្ត្រីជំនាញឱ្យបានច្បាស់លាស់ ព្រោះនៅពេលបន្លែដែលដាំដុះមានគុណភាពល្អ មានសុវត្ថិភាព នឹងទទួលបានតម្លៃថ្លៃពីការបញ្ជាទិញ។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាកសិករ ត្រូវចេះរួបរួមគ្នាសាមគ្គីជាសហគមន៍ ដើម្បីមានឱកាស សហការជាមួយក្រុមហ៊ុនទទួលទិញបន្លែ ឬពីផ្សារទំនើបនានានៅរាជធានីភ្នំពេញ ដែលអាចធានាពីតម្លៃទីផ្សារល្អសម្រាប់អ្នកដាំដុះផ្ទាល់។

លោក សេង សៅ ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បានឱ្យដឹងថា បន្លែសុវត្ថិភាព គឺមានទីផ្សារច្រើនសម្រាប់នាំចេញ ជាពិសេស គឺស្ពៃក្តោប និងស្ពៃបូកគោ។ លោកបញ្ជាក់ថា សម្រាប់ ឆ្នាំ២០២៤ កន្លងទៅ ការងារបង្កបង្កើនផលដំណាំសាកវប្បកម្ម បន្លែ ល្ហុង ឪឡឹក ម្នាស់ ស្វាយ ទុរេន ប័រ ក្រូច វល្លិ៍ និងស្រកានាគ អនុវត្តបាន សរុបចំនួនជាង២ពាន់ហិកតា កើនលើសឆ្នាំ២០២៣ ចំនួន៦៣ហិកតា និងមានទិន្នផលមធ្យម ១២ តោនក្នុងមួយហិកតាស្មើ បរិមាណផលសរុបជាង២ម៉ឺនតោន៕



អត្ថបទ៖ រៀម សុខហេង

-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?