Connect with us

ព័ត៌មានជាតិ

ករណីកាយដាក់លូហើយចំហចោល សម្តេចធិបតី ស្នើឱ្យពិនិត្យឡើងវិញ

បានផុស

នៅ

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្តល់គោលការណ៍ណែនាំឱ្យក្រសួង ស្ថាប័ននានា ត្រូវអនុវត្តលក្ខខណ្ឌតឹងរ៉ឹងលើក្រុមហ៊ុនឯកជនដែលចុះកិច្ចសន្យាសម្រាប់គម្រោងសាងសង់ផ្លូវ និងដំឡើងប្រព័ន្ធលូ ដើម្បីធានាពីគុណភាព និងចៀសវាងបង្កការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា គ្រប់ក្រសួងស្ថាប័នដែលសហការជាមួយក្រុមហ៊ុនឯកជន ត្រូវប្រឹងប្រែងសាងសង់ផ្លូវ និងប្រព័ន្ធលូ ដើម្បីការពារការរំខានដល់ប្រជាពលរដ្ឋ។ សម្តេចសង្កត់ថា៖«ជាពិសេស អ្នកកុងត្រាជាមួយស្ថាប័នរដ្ឋ ត្រូវដាក់លក្ខខណ្ឌតែម្តង កុំឱ្យទៅដល់កាយ(លូ)ហើយទុកចោល»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងន័យនេះ សម្តេចនាយករដ្ឋមន្រី្ត បានណែនាំថា នៅពេលដែលការស្ថាបនាផ្លូវត្រូវមានការដំឡើងប្រព័ន្ធលូនៅមុខផ្ទះប្រជាពលរដ្ឋ, ការជួសជុល និងការដាក់សម្ភារៈបណ្តោះអាសន្ន ដូចជាឈើ ឬដែក គឺជាការចាំបាច់ ដើម្បីធានាបាននូវការឆ្លងកាត់ប្រកបដោយសុវត្ថិភាព និងទប់ស្កាត់គ្រោះថ្នាក់។ សម្តេចបញ្ជាក់ថា៖«កាយលូភ្លាម ដាក់ភ្លាម​  ខ្ញុំសូមឱ្យគិតគូរបែបនេះ កាត់បន្ថយផលប៉ះពាល់ទៅដល់ជីវភាពរស់នៅប្រជាពលរដ្ឋ បើយើងទៅដល់កាយហើយ ទុកចោលគាត់ចេញទៅណា»។

គោលការណ៍ណែនាំនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋបានបង្ហាញការមិនពេញចិត្ត និងប្រតិកម្មជុំវិញការសាងសង់លូក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលត្រូវគេរាយការណ៍ថា លូ១កង់មានតម្លៃ ៤០ដុល្លារ ដែលជាតម្លៃមួយបង្កការមិនពេញចិត្តពីសាធារណជន។

ពាក់ព័ន្ធបញ្ហានេះ​ សម្តេចនាយករដ្ឋមន្ត្រី បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអាជ្ញាធរ ក្រុមហ៊ុនឯកជន និងប្រជាពលរដ្ឋ ត្រូវមានការឯកភាពគ្នា មុននឹងធ្វើការដំឡើងប្រព័ន្ធលូ ដើម្បីទប់ស្កាត់បញ្ហានាពេលអនាគត។
សម្តេចថ្លែងថា៖«មុននឹងធ្វើខ្ញុំសូមឱ្យអាជ្ញាធរមូលដ្ឋាន អញ្ជើញប្រជាពលរដ្ឋជួបជាមួយនឹងក្រុមហ៊ុន និយាយគ្នាពីលក្ខខណ្ឌនៃការធ្វើតែម្តង ដើម្បីកុំឱ្យមានបញ្ហា រឿងបញ្ហាដោយមិននិយាយគ្នាច្បាស់លាស់ ដល់គេជេ ជេរដ្ឋាភិបាអត់ទាំងដឹងផង»។

សម្តេចធិបតី ហ៊ុន​ ម៉ាណែត បានបញ្ជាក់ថា ក្នុងមួយឆ្នាំៗ រាជរដ្ឋាភិបាលបានចំណាយថវិការាប់រយលានដុល្លារ លើការសាងសង់ផ្លូវថ្នល់ជាតិ ផ្លូវខេត្ត និងផ្លូវជនបទ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ប្រទេសជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម