ព័ត៌មានជាតិ
គុយបា នឹងគាំទ្របន្ថែមលើវិស័យអប់រំកាយ និងកីឡា ដើម្បីឱ្យកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ប្រកួតថ្នាក់ជាតិ និងអន្តរជាតិ
ប្រទេសគុយបា នឹងបន្តគាំទ្របន្ថែមទៀតចំពោះវិស័យអប់រំកាយ និងកីឡា មកកម្ពុជា តាមរយៈការបណ្តុះបណ្តាលកីឡាករកម្ពុជា ពីគ្រូបង្វឹកជំនាញរបស់ប្រទេសគុយបា ដើម្បីឱ្យកីឡាករកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតនៅថ្នាក់ជាតិ និងអន្តរជាតិ។ នេះបើតាមក្រសួងអប់រំ ដែលបានផ្សាយនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ប្រចាំកម្ពុជា នៅទីស្តីការក្រសួង។ ក្នុងជំនួបនេះ លោកស្រី ឯកអគ្គរដ្ឋទូត បានពិភាក្សាពីកិច្ចសហការរវាងកម្ពុជា និងគុយបា ជាពិសេស លើវិស័យអប់រំកាយ និងកីឡា ដែលប្រទេសទាំងពីរបានសហការគ្នាជាច្រើនឆ្នាំមកហើយ។

បើតាមក្រសួងអប់រំ លោកស្រី ឯកអគ្គរដ្ឋទូត បានលើកឡើងពី៖ “ការសហការនិងគាំទ្រពីនាយកប្រតិបត្តិនៃ វិទ្យាស្ថាន INDER លើការអប់រំកាយ និងបន្តកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរវប្បធម៌ និងចែករំលែកបទពិសោធនានាចំពោះវិស័យអប់រំកាយ និងកីឡា ដូចជាកីឡាបាល់ទះ កីឡាប្រដាល់ និងកីឡាផ្សេងទៀត ដែលមានគ្រូបង្វឹក និងអ្នកជំនាញពីប្រទេសគុយបាមកជួយគាំទ្រ និងជួយបង្វឹកបណ្តុះបណ្តាលកីឡាករកម្ពុជា ដើម្បីទទួលបានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងកម្រិតជាតិ និងអន្តរជាតិ”។ បន្ថែមពីនេះ លោកស្រីក៏បានលើកឡើងពីការផ្តល់អាហារូបករណ៍ផ្នែកឱសថ សម្រាប់ឆ្នាំ២០២៥-២០២៦ មកកាន់កម្ពុជាផងដែរ។

ជាការឆ្លើយតប បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា តាមរយៈការកាំទ្រពីប្រទេសគុយបាលើវិស័យអប់រំកាយ និងកីឡាកន្លងមក បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ជាពិសេសកីឡាបាល់ទះ។ លោកបណ្ឌិត បានថ្លែងអំណរគុណចំពោះអាហារូបករណ៍ និងកិច្ចសហប្រតិបត្តិការអប់រំកាយ និងកីឡាជាមួយវិទ្យាស្ថានផ្សេងៗ របស់ប្រទេសគុយបា ដែលទាំងអស់នេះមិនត្រឹមតែជួយអភិវឌ្ឍធនធានមនុស្សកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស្និទ្ធស្នាលថែមមួយកម្រិតទៀត។

បណ្ឌិសភាចារ្យ ក៏បានគាំទ្រនូវគំនិតផ្តួចផ្តើមរបស់ប្រទេសគុយបា ក្នុងការសហការលើកីឡាបេស្បល និងកីឡាផ្សេងទៀត ដោយនឹងមានកិច្ចប្រជុំពិភាក្សា ដើម្បីវាយតម្លៃ និងសម្រេចលើចក្ខុវិស័យនេះផងដែរ។ តាមរយៈកិច្ចសហប្រតិបត្តការកន្លងមក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំសង្ឃឹមថា ប្រទេសទាំងពីរ នឹងបន្ត ពង្រឹង និងពង្រីកសហប្រតិបត្តិការបន្ថែមទៀត ព្រមតាំងស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗសម្រាប់ការរីកចម្រើន និងការចែករំលែកបទពិសោធរវាងប្រទេសទាំងពីរ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី