Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសមត្ថកិច្ចជំនាញខេត្តកោះកុង បង្ក្រាបសាឡង់ និងគ្រឿងចក្របូមខ្សាច់ ក្នុងតំបន់អភិរក្សអណ្តើកហ្លួង

បានផុស

នៅ

សា​ឡង់ គ្រឿងចក្រ និង​វត្ថុតាង​ជាច្រើន ត្រូវ​បាន​អាជ្ញាធរ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កោះកុង ចុះ​ពិនិត្យ​បង្ក្រាប​ឃាត់​បាន ខណៈ​កំពុង​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ខុសច្បាប់​ក្នុង​តំបន់​ការពារ​ធម្មជាតិ​អភិរក្ស​សត្វ​អណ្តើក​ហ្លួង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហាក់ ឡេង អភិបាលរង​ខេត្តកោះកុង ប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃទី ២០ ខែ​កុម្ភៈ ឆ្នាំ ២០២៥ នេះ​ថា លោក​កំពុង​ចាត់​កម្លាំង​សមត្ថកិច្ច​ជំនាញ​តាម​ស្វែងរក​ម្ចាស់​អាជីវកម្ម​ខ្សាច់​មក​ដោះស្រាយ និង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​អនុវត្ត​តាម​នីតិវិធី។

លោក​អភិបាលរង​ខេត្ត បន្តថា សកម្មភាព​អាជីវកម្ម​គ្មាន​ច្បាប់​តាម​ដងព្រែក​ក្នុង​តំបន់​ការពារ​អភិរក្ស​អណ្តើក​ហ្លួង កាលពី​ថ្ងៃទី ១៩ ខែ​កុម្ភៈ ម្សិលមិញ ស្ថិតនៅ​ស្រុកស្រែ​អំបិល ខេត្ត​កោះកុង ជាប់​ព្រំប្រទល់​ជាមួយ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ ដោយ​នេះ​ជា​លើក​ទី ៣ ហើយ បង្ក្រាប​បាន។

លោក ហាក់ ឡេង អះអាង​ទៀត​ថា ម្ចាស់​អាជីវកម្ម កំពុង​រត់គេចខ្លួន​ពី​ទីតាំង​ប្រព្រឹត្ត​បទល្មើស តែ​ទោះ​យ៉ាងណា​អាជ្ញាធរ​សមត្ថកិច្ច​ជំនាញ​បាន​កំណត់​មុខសញ្ញា​រួចរាល់​ហើយ ដោយ​បញ្ជូន​គ្រឿង​ចក្រ​ជា​វត្ថុ​តាង​មក​រក្សា​នៅ​សាលាស្រុក​ស្រែអំបិល។

ចំណែក​លោក ឡាង គិរី អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កោះកុង ថ្លែង​ដែរ​ថា វត្ថុតាង​ឃាត់​បាន​មាន​អេស្កាវាទ័រ ១ គ្រឿង ,ទូក​ម៉ាស៊ីនបូម​ខ្សាច់​ ១​ គ្រឿង , ទូក​តូចៗ ២ គ្រឿង , ទុយោ​បូម​ខ្សាច់ ២១០ ម៉ែត្រ ,ម៉ាស៊ីន​រែង​ខ្សាច់ ១ ឈុត និង​កាមេរ៉ា ២ គ្រឿង។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​ប្រកាស​ចុះ​ថ្ងៃទី ០៦ ខែ​មីនា ឆ្នាំ ២០១៩ ស្ដីពី​ការ​ដាក់​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ជា​តំបន់​គ្រប់គ្រង និង​អភិរក្ស​អណ្តើក​ហ្លួង និង​ក្រពើ​ត្រី។ ប្រកាស​នេះ​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​នេសាទ​ខុសច្បាប់ និង​ជាពិសេស​សកម្មភាព​បូម​ខ្សាច់​នានា​នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល មានដូចជា ព្រែក​កំពង់សោម ព្រែក​ក្អោ​ង និង​ព្រែក​កំពង់​លើ​ជាដើម​”។

រដ្ឋបាល​ជលផល បាន​ធ្វើ​ការងារ​យ៉ាងសកម្ម​ជាមួយ​អង្គការ WCS ដើម្បី​អភិរក្ស​អណ្តើក​ហ្លួង តាមរយៈ​សកម្មភាព​ការពារ​ទីជម្រក ឆ្នេរ​ខ្សាច់ ការស្រាវជ្រាវ និង​តាមដាន កម្មវិធី​ការពារ​សំបុក ការ​បង្កើត​សហគមន៍​នេសាទ និង​ការងារ​លើកស្ទួយ​ជីវភាព​សហគមន៍​នានា​”៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម