ព័ត៌មានជាតិ
ប្រធានមន្ទីរអប់រំ ៖ ការហាមឃាត់ការប្រើទូរសព្ទដៃក្នុងម៉ោងសិក្សា ជួយបង្កើនគុណភាពសិក្សារបស់សិស្សកាន់តែប្រសើរ
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានអះអាងថា ការហាមឃាត់ការប្រើប្រាស់ទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកក្នុងថ្នាក់រៀន ឬម៉ោងសិក្សា ដែលមិនបម្រើឱ្យសកម្មភាពសិក្សា ពិតជាបានចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពការសិក្សារបស់សិស្សានុសិស្សបានកាន់តែប្រសើរ។

កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំស្តីពី ការពង្រឹងវិន័យ និងបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ ដោយធ្វើការហាមឃាត់ការប្រើប្រាស់ទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកក្នុងថ្នាក់រៀន ឬម៉ោងសិក្សា ដែលមិនបម្រើឱ្យសកម្មភាពសិក្សា ដោយគ្មានការអនុញ្ញាតពីគ្រូកំពុងបង្រៀន ជាពិសេសការលេងហ្គេម និងបណ្ដាញទំនាក់ទំនងសង្គម ដែលមិនពាក់ព័ន្ធនឹងសកម្មភាពសិក្សា។ ជាមួយគ្នានោះ ពេលគ្រូកំពុងបង្រៀនក្នុងថ្នាក់ និងប្រធានថ្នាក់ ត្រូវណែនាំសិស្សក្នុងថ្នាក់ ដែលប្រើប្រាស់ទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិក នាំឱ្យខាត ឬរំខានដល់ការសិក្សា។

លោកប្រធានមន្ទីរអប់រំ បានមានប្រសាសន៍កាលពីថ្ងៃទី ១៩ កុម្ភៈថា «គោលការណ៍ហាមឃាត់ការប្រើប្រាស់ទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកក្នុងថ្នាក់រៀន ឬម៉ោងសិក្សា នៅតែមានជាធរមានដដែលទេ បើប្រើទូរស័ព្ទដៃក្នុងប្រយោជន៍ការសិក្សា និងមានការអនុញ្ញាតពីគ្រូ ទើបអាចប្រើបាន តែបើប្រើមិនបម្រើឱ្យការរៀនសូត្រ គឺមិនអនុញ្ញាតទេ»។

លោកប្រធានមន្ទីរ បានបន្តទៀតថា ការហាមប្រាមរបស់ក្រសួងនេះបានជួយដល់ការសិក្សារបស់សិស្សានុសិស្សយ៉ាងច្រើន ដែលផ្ទុយពីមុនសិស្សមិនសូវយកចិត្តទុកដាក់ក្នុងការរៀនសូត្រដូចជាស្តាប់គ្រូពន្យល់ជាដើម ធ្វើឱ្យការសិក្សាធ្លាក់ចុះ ហើយការហាមប្រាមនេះក៏ទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់សិស្សខ្លួនឯង និងអាណាព្យាបាល និងឪពុកម្តាយផងដែរ។

អ្នកស្រី ស៊ានសុខា រស់នៅរាជធានីភ្នំពេញ បានគាំទ្រយ៉ាងខ្លាំងពេលក្រសួងអប់រំបានចេញប្រកាសហាមឃាត់មិនឱ្យសិស្សប្រើប្រាស់ទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកក្នុងថ្នាក់រៀន ឬម៉ោងសិក្សា។
អ្នកស្រីបានបន្តថា «ពេលក្រសួងចេញប្រកាសខ្ញុំពេញចិត្ត ព្រោះវាជាវិធានការមួយដ៏ល្អក្នុងការជួយទប់ស្កាត់ការប្រើទូរស័ព្ទរបស់សិស្ស ខណៈបច្ចុប្បន្ននេះការប្រើទូរស័ព្ទដៃក្លាយជាបញ្ហារបស់សិស្សមួយចំនួនធំមិនខ្វល់ទៅនឹងការសិក្សាទេ ទាំងនៅពេលកំពុងសិក្សា និងពេលត្រឡប់មកដល់ផ្ទះ គឺគាត់វក់ខ្លាំងតែម្តង»។
អ្នកស្រី បានស្នើឱ្យលោកគ្រូអ្នកគ្រូនៅតាមថ្នាក់រៀននីមួយៗ សូមបន្តពង្រឹងការអនុវត្តហាមឃាត់មិនឱ្យសិស្សប្រើប្រាស់ទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកក្នុងថ្នាក់រៀន ឬម៉ោងសិក្សាឱ្យបានតឹងរ៉ឹងបន្ថែមទៀត ដើម្បីឱ្យសិស្សយកចិត្តទុកដាក់រៀនសូត្រ។ ចំណែកនៅផ្ទះអ្នកស្រីក៏នឹងបន្តពង្រឹងដល់កូនៗផងដែរ ព្រោះថាបើឱ្យតែខាងសាលារៀនពង្រឹងតែអ្នកផ្ទះមិនពង្រឹង ក៏មិនអាចជួយដល់ការសិក្សារបស់កូនៗ បានដែរ។
ក្រៅពីហាមឃាត់មិនឱ្យសិស្សប្រើប្រាស់ទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកក្នុងថ្នាក់រៀន ឬម៉ោងសិក្សា ក្រសួងអប់រំ យុវជន និងកីឡា ណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវជំរុញ និងលើកទឹកចិត្តឱ្យសិស្សមានទម្លាប់ធ្វើស្វ័យសិក្សា អាន និងស្រាវជ្រាវ ក្នុងបណ្ណាល័យ។ បង្កើត និងអនុវត្តការអប់រំក្រៅម៉ោងសិក្សា ដូចជាក្លិបសិក្សាតាមកម្រិតថ្នាក់ និងតាមមុខវិជ្ជាផងដែរ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?