ព័ត៌មានជាតិ
ជំនួបរដ្ឋមន្ត្រីមហាផ្ទៃជាមួយសមភាគីវៀតណាម ផ្ដោតលើការរក្សាសន្តិសុខតាមព្រំដែនដោយសន្តិភាព និងអភិវឌ្ឍន៍
ជំនួបសន្ទនារវាងប្រមុខក្រសួងមហាផ្ទៃកម្ពុជា ជាមួយនឹងសមភាគី គឺប្រមុខក្រសួងនគរបាលវៀតណាម គឺបានជជែកគ្នាដោយផ្ដោតទៅលើការពង្រឹងកិច្ចការពារ និងថែរក្សានូវសន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ ជាព្រំដែនសន្តិភាព និងការអភិវឌ្ឍ។ នេះបើតាមលើកឡើងរបស់លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យផ្ទាល់លោកប្រមុខក្រសួងមហាផ្ទៃ។

លោក រ៉េន រតនៈ បានលើកឡើងថា ទស្សនៈកិច្ចរបស់លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅប្រទេសវៀតណាម ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានធ្វើឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម ក្នុងវិស័យមហាផ្ទៃ បានបន្តបោះជំហានប្រកបដោយវឌ្ឍនភាពជូនរាជរដ្ឋាភិបាល និងប្រជាជន ទាំងកម្ពុជា និងវៀតណាម។
បើតាមលោក រ៉េន រតនៈ ក្នុងជំនួបចង្អៀត និងកិច្ចប្រជុំទ្វេភាគី លោក ស សុខា និងលោកឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាត្រង់ទៅត្រង់មកអំពីបទពិសោធន៍ និងលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ២០២៤ កន្លងទៅ ព្រមទាំងទិសដៅបន្តសម្រាប់ឆ្នាំ២០២៥។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ឱ្យដឹងថា ប្រធានបទសំខាន់ៗនៃជំនួប គឺភាគីទាំងពីរ បានផ្ដោតលើការថែរក្សាសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ការអនុវត្តច្បាប់ ការផ្លាស់ប្ដូរព័ត៌មាន ការបណ្ដុះបណ្ដាលធនធានមនុស្ស ព្រមទាំងសភាពការណ៍តំបន់ និងពិភពលោក ដោយភាគីទាំងពីរ បង្ហាញការពេញចិត្តចំពោះលទ្ធផលសម្រេចបានក្នុងស្ថានភាពពិភពលោកមានការប្រឈមបញ្ហាស្មុគស្មាញ ទាំងបទល្មើសមិនប្រពៃណី ដូចជា អំពើឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស រួមទាំងបញ្ហាសង្គ្រាមប្រដាប់អាវុធ និងការប្រជែងភូមិសាស្រ្តនយោបាយ។

ឈរលើស្មារតីនេះ ភាគីទាំងពីរ បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៥ ចំនួន៥បន្តទៀត គឺ១ កិច្ចសហប្រតិបត្តិការការពារសន្តិសុខជាតិ កសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព និងអភិវឌ្ឍន៍ ២កិច្ចសហប្រតិបត្តិការបង្ការ បង្ក្រាបឧក្រិដ្ឋកម្ម រក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ៣កិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរគណៈប្រតិភូបំពេញទស្សនកិច្ចការងារ និងព្យាបាលជំងឺ ៤កិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងបំពាក់បំប៉នមន្រ្តី និងទី៥កិច្ចសហប្រតិបត្តិការវិស័យភស្តុភារ និងសម្ភារៈបច្ចេកទេស។

ក្រៅពីជំនួបការងារទ្វេភគីជាមួយក្រសួងនគរបាលវៀតណាម ឧបនាយករដ្ឋមន្ត្រី ស សុខា បានបន្តចូលជួបលោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម។ បើតាមលោក រ៉េន រតនៈ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បង្ហាញអំណរសាទរចំពោះទំនាក់ទំនងដ៏ល្អ និងបញ្ជាក់ពីការគាំទ្រពេញទំហឹងចំពោះថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដែលបានឯកភាពពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឈរលើស្មារតីភាពជា អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង ពិសេសគឺស្មារតីនៃប្រវត្តិសាស្រ្តជាតិ ដែលប្រទេសទាំងពីរធ្លាប់ជួយគ្នាទៅវិញទៅមក គឺកម្ពុជាបានជួយវៀតណាមបង្រួបបង្រួមទឹកដី ហើយ វៀតណាមក៏បានជួយរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តីវៀតណាម ផាម មិញជិញ បានអបអរសាទរ និងគាំទ្រចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ជាពិសេសការឈានទៅចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៥ ដោយបានបង្ហាញការជឿជាក់ជាថ្មីទៀតថា ស្ថាប័នទាំងពីរនឹងបន្តកិច្ចសហប្រត្តិការល្អជាមួយគ្នាដើម្បីនាំមកនូវវិបុលភាពជូនរដ្ឋាភិបាល និងប្រជាជនទាំងសងខាង។ នេះបើតាមការឱ្យដឹងបន្ថែមពីអ្នកនាំពាក្យរបស់លោក ស សុខា ដដែល៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ