Connect with us

ព័ត៌មានជាតិ

កូរ៉េខាងត្បូង ផ្ដល់ឧបករណ៍តាមដានគុណភាពខ្យល់ស្តង់ដារអន្តរជាតិ៣គ្រឿងឱ្យកម្ពុជា

បានផុស

នៅ

រដ្ឋាភិបាលកូរ៉េខាងត្បូង ផ្តល់ឧបករណ៍តាមដានត្រួតពិនិត្យគុណភាព​ខ្យល់​ស្តង់ដារអន្តរជាតិចំនួន៣គ្រឿង ដល់ក្រសួងបរិស្ថាន ដែលជាសេនាធិការរបស់រដ្ឋាភិបាលកម្ពុជា។ តាមរយៈឧបករណ៍តាម​ដាន​ត្រួតពិនិត្យ​គុណភាពខ្យល់មានកម្រិតស្តង់ដារអាមេរិក និងប្រទេសនៅតំបន់អឺរ៉ុប​នេះ នឹងធ្វើឱ្យការគ្រប់គ្រង និងតាមដានគុណភាពខ្យល់នៅកម្ពុជាកាន់តែច្បាស់លាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រគល់ និងទទួលឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់នេះ ធ្វើឡើងនៅ​ក្រសួង​​បរិស្ថាននៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមវត្តមានលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ផាក ជុង វុក (Park Jung Wook) ឯកអគ្គរដ្ឋទូត​សាធារណ​រដ្ឋ​កូរ៉េ (កូរ៉េខាងត្បូង) ប្រចាំនៅកម្ពុជា។

ក្រសួងបរិស្ថានយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងគុណភាពខ្យល់ ដើម្បីធានា​រក្សារក្សា​បានសុខុមាលភាពល្អជូនប្រជាពលរដ្ឋ។ លោក អ៊ាង សុផល្លែត បានឱ្យ​ដឹងថា ឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់ដែលផ្តល់ជូនដោយរដ្ឋាភិបាលកូរ៉េខាងត្បូង​នេះ មានស្តង់ដារអន្តរជាតិ ត្រូវបានទទួលស្គាល់ដោយសហរដ្ឋាអាមេរិក ក៏ដូចជាបណ្តា​ប្រទេសនៅអឺរ៉ុបផងដែរ។

លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា តាមរយៈឧបករណ៍តាមដានត្រួត​ពិនិត្យគុណភាពខ្យល់ពីប្រទេសកូរ៉េខាងត្បូងនេះ ជួយឱ្យកម្ពុជាពង្រីកការគ្រប់គ្រង និង​ទទួលព័ត៌មានពីគុណភាពខ្យល់កាន់តែច្បាស់លាស់ និងមានស្តង់ដារខ្ពស់។ ឧបករណ៍​នេះ ក៏មានសមត្ថភាពបញ្ជាក់ព័ត៌មាននៃលំហូរ និងទិសដៅខ្យល់ពីប្រទេសមួយ​ទៅ​ប្រទេស​មួយថែមទៀតផង។

ក្រៅពីទទួលបានឧករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់ស្តង់ដារអន្តរជាតិហើយនោះ ក្រសួងបរិស្ថាន ក៏សហការជាមួយសាកលវិទ្យាជាតិ​សេអ៊ូលរបស់កូរ៉េខាងត្បូង ដើម្បីទទួលបានព័ត៌មាននានាពីលំហូរខ្យល់ពុលថែមទៀតផង។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អ៊ាង​ សុផល្លែត។

រដ្ឋមន្ត្រីបរិស្ថាន លោក អ៊ាង សុផល្លែត គូសបញ្ជាក់ពីការប្រឹងប្រែងលើកិច្ចការតាមដាន និង​ត្រួតពិនិត្យគុណភាពខ្យល់យ៉ាងដូច្នេះ «យើងប្រឹងប្រែងឱ្យអស់លទ្ធភាព​ធ្វើយ៉ាងណា​រក្សា​គុណភាពខ្យល់នៅកម្ពុជាឱ្យបានល្អ និងជូនព័ត៌មានដល់ប្រជាជនបានទាន់​ពេល​វេលា»។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ឧបករណ៍ដែលកម្ពុជាទទួលបាន​ពី​រដ្ឋា​ភិបាលកូរ៉េខាងត្បូងនេះ ​មានដំឡើងនៅប្រទេសថៃ ឡាវ និងបណ្តាប្រទេស​អាស៊ាន​មួយ​ចំនួនទៀត។ ដូច្នេះតាមរយៈឧបករណ៍នេះ នឹងធ្វើឱ្យបណ្តាប្រទេសនៅតំបន់​អា​ស៊ាន ទទួលបានព័ត៌មានគុណភាពខ្យល់ជាក់លាក់ ដោយមិនអាចចោទប្រកាន់គ្នាពាក់​ព័ន្ធ​បញ្ហាគុណភាពខ្យល់ទៀតនោះឡើយ។

បើទោះបីជាយ៉ាងណា ដើម្បីឈានទៅគ្រប់គ្រងគុណភាពខ្យល់ក្នុងតំបន់ឱ្យបានល្អ​ប្រ​សើរ លោកបណ្ឌិត អ៊ាង សុផល្លែត ទទូចដល់ប្រទេសសមាជិកអាស៊ាន​រួមគ្នា​យកចិត្ត​ទុកដាក់លើគុណភាពខ្យល់ ដោយតាមដាន ចាត់វិធានការទប់ស្កាត់ និងកែលំអរ។

លោកបណ្ឌិត បានលើកឡើងថា មានតែធ្វើការរួមគ្នាទេ ទើបអាចគ្រប់គ្រង​គុណភាព​ខ្យល់​បានល្អប្រសើរ ទាំងក្នុងតំបន់ និងពិភពលោក។

គួរជ្រាបថា ក្រសួងបរិស្ថានបានដំឡើងឧបករណ៍តាមដានគុណភាពខ្យល់ស្វ័យប្រវត្តិ ចំនួន៥៣គ្រឿង និងបង្កើតស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ ចំនួន១០ទីតាំង នៅរាជធានី ខេត្តទូទាំងប្រទេសកម្ពុជា។

ក្រសួងបរិស្ថាន បានតាមដានគុណភាពខ្យល់ជាប់ជា​ប្រចាំជាមួយ​ឧបករណ៍​ដែលកម្ពុជាកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន។ តាមរយៈឧករណ៍ដែលកម្ពុជា ប្រើ​ប្រាស់នាពេលបច្ចុប្បន្ននេះ បានបង្ហាញថា គុណភាពខ្យល់រាជធានីភ្នំពេញ ក៏ដូចជា​តាមបណ្តាខេត្តដទៃទៀត មានសភាពល្អប្រសើរ។

ព័ត៌មានពាក់ព័ន្ធគុណភាពខ្យល់នេះ ត្រូវបានក្រសួងបរិស្ថាន ធ្វើបច្ចុប្បន្នភាព និងផ្សព្វ​ផ្សាយ​ជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃផងដែរ។ ដើម្បីតាមដាន និងពិនិត្យគុណភាព​ខ្យល់​នៅកម្ពុជា ចូលទៅមើលជាមួយកម្មវិធីលើទូរស័ព្ទដៃរបស់ក្រសួងបរិស្ថាន ដែលមាន ឈ្មោះថា CGS SPA។

កម្មវិធីនេះ គេអាចចូលទៅទាញយកពី App Store សម្រាប់ទូរស័ព្ទ iphone និងទាញយកពី Play Store សម្រាប់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម