ព័ត៌មានជាតិ
ក្រសួងអប់រំ ប្រកាសរៀបចំប្រឡងសិស្សពូកែទូទាំងប្រទេស នៅដើមខែមេសា ខាងមុខ
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់សិស្សថ្នាក់ទី ៩ និងថ្នាក់ទី ១២ នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ។

បើតាម ក្រសួងអប់រំ ការរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសនេះក្នុងគោលបំណងដើម្បីលើកកម្ពស់គុណភាពអប់រំតាមរយៈការអភិវឌ្ឍធនធានមនុស្សដែលមានចំណេះដឹង និង ជំនាញប្រកបដោយសមត្ថភាពខ្ពស់ សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជាកសាងសង្គមជាតិឱ្យបានរឹងមាំ។

យោងតាមសេចក្តីអំពាវនាវស្តីពីការជួយឧបត្ថម្ភសម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែមដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ដែលទើបទទួលបាននៅថ្ងៃទី ២១ កុម្ភៈ នេះ បានឱ្យដឹងថា ពិធីបើកការប្រឡងសិស្សពូកែនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ៨:០០ នាទីព្រឹក នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ និងពិធីបិទការប្រឡង ចែកវិញ្ញាបនបត្រ និង រង្វាន់ជ័យលាភី នឹងប្រព្រឹត្តទៅនាថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ១៤:០០ នាទីរសៀល នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ។

ដើម្បីធ្វើឱ្យពិធីនេះកាន់តែអធិកអធម ក្រសួងអប់រំ សូមធ្វើការអំពាវនាវចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនក្នុងប្រទេស និងក្រៅ ប្រទេស មេត្តាជួយឧបត្ថម្ភជាថវិកាជាសម្ភារៈសម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែមដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស និងគណៈកម្មការរៀបចំ សំដៅជំរុញចលនានេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នៅឆ្នាំបន្តបន្ទាប់។

ជាមួយគ្នានេះដែរ សប្បុរសជន នឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីបិទការប្រឡង ចែកវិញ្ញាបនបត្រ និងរង្វាន់ជ័យលាភី ដើម្បីទទួលលិខិតថ្លែងអំណរគុណរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ថវិកា និងសម្ភារៈចូលរួម សូមផ្ញើ ឬប្រគល់មក លោក គឹម ថាច ទូរសព្ទលេខ ០១២ ៨៤៣ ៤៧៥ នៅនាយកដ្ឋាន កិច្ចការប្រឡង ស្ថិតនៅអគារលេខ ១៦៩ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ។
ក្រសួងអប់រំ មានជំនឿយ៉ាងមុតមាំថា នឹងទទួលបាននូវការជួយឧបត្ថម្ភគាំទ្រពីសំណាក់ សម្តេច ឯកឧត្តម លោក ជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ទាំងអស់ដោយទឹកចិត្តសប្បុរស។
បើតាម លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សម្រាប់ឆ្នាំនេះ ក្រសួង ជ្រើសរើសយកតែចំណាត់ថ្នាក់លេខ ១ ដល់លេខ ៥ ខណៈឆ្នាំមុនៗ ជ្រើសរើសពីចំណាត់ថ្នាក់លេខ ១ ដល់លេខ ១០។ ក្នុងនោះ ចំណាត់ថ្នាក់លេខ ១ ទទួលបានថវិកា ៣ លាន ៥ សែនរៀល លេខ ២ បាន ៣ លាន ២ សែនរៀល លេខ ៣ បាន ២ លាន ៩ សែនរៀល លេខ ៤ បាន ២ លាន ៦ សែនរៀល និងលេខ ៥ បាន ២ លាន ៣ សែនរៀល។ លោកស្រី បានបន្ថែមថា សិស្សជ័យលាភី អាចនឹងទទួលប្រាក់រង្វាន់ និងវត្ថុផ្សេងៗ ទៀត ពីសប្បុរសជនផងដែរ។
គួរបញ្ជាក់ថា ការប្រឡងជ្រើសរើសសិស្សពូកែឆ្នាំ ២០២៤ ក្រសួងអប់រំ បានរៀបចំចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ