ព័ត៌មានជាតិ
សភាសិក្សាវិធានការដើម្បីកាត់បន្ថយការបោះបង់ការសិក្សារបស់សិស្សក្រោមថ្នាក់ទី៩
អគ្គលេខាធិការដ្ឋានរដ្ខសភាបានរៀបចំបទបង្ហាញមួយស្ដីពី«ការអនុវត្តតម្រូវការនៃការបញ្ចប់ការសិក្សាថ្នាក់ទី៩ នៅកម្ពុជាតាមរយៈការស្វែងយល់ពីវិធានការផ្សេងទៀត» ដើម្បីគិតគូររួមគ្នាក្នុងជំរុញឱ្យអត្រាចុះឈ្មោះសិស្សចូលរៀននិងកាត់បន្ថយអត្រាបោះបង់ការសិក្សា របស់សិស្សានុសិស្សក្រោមថ្នាក់ទី៩ឱ្យបានជាអតិប្បរិមា។

ថ្លែងក្នុងកម្មវិធីបទបង្ហាញធ្វើឡើងនៅក្នុងវិមានសភាកម្ពុជា រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គលេខាធិការរងរដ្ឋសភានិងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភាលោក កែវ ពិសិដ្ឋ មានប្រសាសន៍ថា ការអប់រំមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប។ ការអប់រំជាកក្កតាដ៏សំខាន់នៅក្នុងការផ្លាស់ប្តូរជោគវាសនារបស់មនុស្ស ធ្វើឱ្យជីវភាពរស់នៅកាន់តែល្អ ប្រសើរនិងមានលទ្ធភាពក្នុងការចូលរួមចំណែកជួយអភិវឌ្ឍន៍សង្គមជាតិបានទៀតផង។
លោក កែវ ពិសិដ្ឋ បានសង្កត់ធ្ងន់ថាមនុស្សគ្រប់រូបត្រូវសិក្សារៀនសូត្រយ៉ាងតិចបានចប់ថ្នាក់ទី៩ សម្រាប់ជួយខ្លួនឯង និងអាចមានលទ្ធភាពរួមចំណែកជួយសង្គមជាតិផងដែរ។

លោកបានគូសបញ្ជាក់ថា៖ «ស្របពេលបច្ចេកវិទ្យាសកលលោកកំពុងវិវឌ្ឍន៍យ៉ាងលឿន ពលរដ្ឋគ្រប់រូបពិសេសកុមារ ក៏ងាយនឹងរងគ្រោះពីបច្ចេកវិទ្យានេះដូចជាក្នុងធ្លាក់ក្នុងការឆបោកតាមប្រព័ន្ធអ៊ីនធឺណែត និងការជួញដូរមនុស្សជាដើម។ ជនងាយរងគ្រោះករណីទំាងនេះ ភាគច្រើនជាអ្នកមានការអប់រំបានទាប»។
លោកអគ្គលេខាធិការរងរដ្ឋសភា ជំរុញនិងលើកទឹកចិត្តឱ្យមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ ខិតខំអភិវឌ្ឍន៍ចំណេះ ជំនាញឱ្យបានជាប់ជាប្រចាំស្របតាមបរិបទនៃការរីកចម្រើនរបស់សង្គមជាតិ នៅក្នុងនោះក៏ត្រូវខិតខំចូលរួមជំរុញ លើកទឹកធ្វើយ៉ាងណាឱ្យកុមារកម្ពុជា បានចូលរៀនគ្រប់ៗគ្នានិងរៀនបានយ៉ាងហោចណាស់ត្រូវចប់ថ្នាក់ទី៩។

កម្មវិធីបទបង្ហាញនេះ មានថ្នាក់ដឹកនាំនិងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រមាណ៧០រូប បានចូលរួម ដោយមានបណ្ឌិត ជុំ សន្យា សមាជិកក្រុមទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា ជាវាគ្មិនផងដែរ។
លោក ជុំ សន្យា បានធ្វើបទបង្ហាញដោយលើកឡើងពីលក្ខខណ្ឌច្បាប់ ការវិវត្តនចុងក្រោយនៃ អត្រាសិស្សចុះឈ្មោះចូលរៀននិងការបោះបង់ចោលការសិក្សាមុនថ្នាក់ទី៩ និងបានបង្ហាញពីវិធានការដោះស្រាយចំពោះមុខ។ បើតាមប្រភពព័ត៌មានពីប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំឃើញថាចន្លោះពីឆ្នាំ២០២៩ ដល់ឆ្នាំ ២០២១ អត្រាបោះបង់ការសិក្សារបស់សិស្សនៅក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជានៅមានកម្រិតខ្ពស់ ប្រមាណជា២០ភាគរយ ។

លោកបន្តថាគិតចាប់ពីឆ្នាំ១៩៩៣ រហូតមកទល់ពេលបច្ចុប្បន្ននេះ វិធានការផ្តល់ការអប់រំ បានប្រើប្រាស់តែយន្តការទន់ ដូចជាយន្តការអប់រំ ផ្សព្វផ្សាយ លើកទឹកចិត្ត។ ប៉ុន្តែវិធានការទន់មិនសូវមានប្រសិទ្ធភាពខ្ពស់នោះទេ តាមអ្វីដែលពិភពលោកបានអនុវត្ត។
លោកបានលើកឡើងថា៖ «ការអនុវត្តវិធានច្បាប់ចាប់បង្ខំឱ្យពលរដ្ឋសិក្សាបានខ្ពស់គ្រប់ៗគ្នា ល្មមដល់ពេលត្រូវអនុវត្តដើម្បីឆ្លើយតបគោលដៅអភិវឌ្ឍន៍កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០»។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន៥ គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» និងមានអាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ជាពិសេសគឺ បច្ចេកវិទ្យាឌីជីថល។ មូលធនមនុស្ស គឺជាអាទិភាពគន្លឹះទីមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការជំរុញសេដ្ឋកិច្ច ឱ្យសម្រេចបាននូវគោលដៅរបស់កម្ពុជានៅឆ្នាំ២០៣០ និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ