ព័ត៌មានជាតិ
ភ្នំពេញជាប់លេខ ១ បាត់ដំបងលេខ ១១ ខណៈអាជ្ញាធរជំរុញចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបន្ថែមទៀត
គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហការជាមួយរដ្ឋបាលខេត្តបាត់ដំបងបានរៀបចំយុទ្ធនាការផ្សព្វផ្សាយដ៏ធំមួយ ដើម្បីជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែបំប៉នអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងអាចឈានទៅក្នុងប្រព័ន្ធ។
ថ្លែងទៅកាន់អ្នកចូលរួមសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ៣ ០០០ នាក់ នៅក្នុងខេត្តបាត់ដំបង លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាកិច្ចការអាទិភាព និងចាំបាច់ ដើម្បីជំរុញការចូលរួមរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើតតម្លៃបន្ថែម ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ព្រមទាំងចូលរួមដោយផ្ទាល់ក្នុងការកាត់បន្ថយអត្រាភាពក្រីក្រ និងវិសមភាពសង្គម។

លោករដ្ឋមន្រ្តីបានពន្យល់ពីភាពចាំបាច់ នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងថាការចុះឈ្មោះក្នុងថ្នាលឌីជីថលនេះ អាចឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលទ្ធភាពទទួលបានសេវាគាំទ្រសំខាន់ៗ រួមទាំងការអភិវឌ្ឍជំនាញ អត្ថប្រយោជន៍សន្តិសុខសង្គម សេវាហិរញ្ញវត្ថុផ្លូវការ និងសេវាគាំពារសង្គមជាដើម។
លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានលើកឡើងថា ខេត្តបាត់ដំបងជាខេត្តធំមួយរបស់កម្ពុជា ដែលមានប្រជាជនប្រមាណ ១,៤ លាននាក់ ហើយក៏មានអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏ច្រើនផងដែរ។
ខេត្តបាត់ដំបងស្ថិតក្នុងចំណាត់ថ្នាក់ទី ១១ ដោយទទួលបានពាក្យស្នើសុំចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៣៩៤ សំណើ ហើយយុទ្ធនាការនេះគឺដើម្បីពន្លឿនការចុះឈ្មោះក្នុងខេត្តឱ្យបានកាន់តែច្រើន។ លោក សុខ លូ បន្ថែម។


ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៤ ដើម្បីសម្រួលដល់ការចុះឈ្មោះឱ្យមានភាពងាយស្រួល និងសាមញ្ញ។
ថ្នាលនេះប្រើប្រាស់បច្ចេកវិទ្យាទំនើប រួមទាំងជំនួយបញ្ញាសិប្បនិម្មិតសម្រាប់ចាប់យកទិន្នន័យពីអត្តសញ្ញាណប័ណ្ណ, ថ្នាល CamDigiKey សម្រាប់កំណត់សុវត្ថិភាពនៃអត្តសញ្ញាណ, ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDx), និងថ្នាល verify.gov.kh សម្រាប់ការផ្ទៀងផ្ទាត់និន្ន័យជាដើម។
បន្ទាប់ពីយុទ្ធនាការលើកទី១ នៅរាជធានីភ្នំពេញកាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៥ ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង។
គិតត្រឹមថ្ងៃ ២១ ខែកុម្ភៈ ឆ្នាំ២០២៥ ថ្នាលនេះទទួលពាក្យស្នើសុំចុះឈ្មោះចំនួន ១៨ ៥២២ សំណើ ដោយក្នុងនោះ ភូមិសាស្ត្ររាជធានីភ្នំពេញទទួលបានពាក្យស្នើសុំច្រើនជាងគេ។
ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ហែម វណ្ណឌី ក៏បានស្នើឱ្យក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តបន្តជំរុញផ្សព្វផ្សាយ និងរៀបចំយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យបានទូលំទូលាយដល់មូលដ្ឋានភូមិ ឃុំ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីគុណតម្លៃ និងអត្ថប្រយោជន៍ ព្រមទាំងពង្រីកការចុះឈ្មោះនៅទូទាំងប្រទេស។
ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានមធ្យោបាយចុះឈ្មោះច្រើនជម្រើស តាមរយៈកម្មវិធីទូរសព្ទដៃ (CAM-IE app) វិបផតថល និងតាមរយៈសាខានៃភ្នាក់ងារចុះឈ្មោះនៅទូទាំងប្រទេស ដែលបច្ចុប្បន្នរួមមាន ធនាគារវីង, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ SME, និង ធនាគារ ARDB។
ក្រុមគោលដៅសម្រាប់ការចុះឈ្មោះនេះរួមមានសហគ្រាសធុនមីក្រូ, កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ, កម្មករ-និយោជិតម្តងម្កាល, និងបុគ្គលស្វ័យនិយោជន៍ ដែលប្រកបអាជីវកម្ម មុខរបរ និង/ឬ ការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២២ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា