ព័ត៌មានជាតិ
រដ្ឋបាលខេត្តរតនគិរី រៀបចំវេទិកាដើម្បីបញ្ជ្រាបចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមដល់កសិករ ក្នុងការដាំដំណាំ
រដ្ឋបាលខេត្តរតនគិរី បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្តីពីការចងក្រងសហគមកសិកម្មទំនើប សម្រាប់ដំណាំទុរេន ដំណាំម្រេច ដំណាំស្វាយចន្ទី និងដំណាំផ្សេងៗទៀតនៅខេត្តរតនគិរី។ វេទិកានេះរៀបចំធ្វើឡើងនៅ សាលមហោស្រពរតនៈ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោក អ៊ុក គង់ សមាជិកព្រឹទ្ធសភា និងជាអគ្គនាយកក្រុមហ៊ុន K&D។

ថ្លែងនៅក្នុងវេទិកានេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងថា យោងតាមធាតុចូលជាច្រើនដែលទទួលបានពីកសិករនៅក្នុងខេត្ត ក៏ដូចជា ដៃគូអភិវឌ្ឍ តាមរយៈមន្ត្រីកសិកម្ម និងវេទិកានានា រដ្ឋបាលខេត្តបានកត់សម្គាល់ឃើញថា មានការរអ៊ូរទាំចេញពីក្រុមផលិត ដែលបានលើកឡើងចំពោះទីផ្សារកសិផលមានលក្ខណៈតូចចង្អៀត និងមានតម្លៃទាប និងពេលខ្លះផលិតបានហើយ មិនដឹងថាយកទៅលក់នៅឯណា។ កង្វល់ទាំងអស់នេះ ត្រូវបានរដ្ឋបាលខេត្តប្រមូលផ្តុំ និងរៀបចំជាផែនការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីព្យាយាមឱ្យអស់លទ្ធភាពក្នុងការស្វែងរកដំណោះស្រាយជូនកសិករ ដោយធ្វើការផ្សព្វផ្សាយ កៀរគរ និងទាក់ទាញវិនិយោគិន ឱ្យចូលមកបណ្តាក់ទុននៅក្នុងខេត្តជាបន្តបន្ទាប់។
លោកបន្តថា តាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្តីពីការចងក្រងសហគមន៍កសិកម្មទំនើប សម្រាប់ ដំណាំទុរេន ដំណាំម្រេច ដំណាំចន្ទី និងទីផ្សារបញ្ជាទិញ នៅថ្ងៃនេះ នឹងជួយដល់កសិករទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ក្នុងការដាំដំណាំយុទ្ធសាស្ត្រប្រកបដោយសក្តានុពលបែបទំនើប ជាពិសេស បញ្ហាខ្វះទីផ្សារ លែងជាកង្វល់តទៅទៀតហើយចាប់ពីនេះតទៅ។

វេទិកានេះ ក៏មានបទបង្ហាញចែករំលែកការដាំដំណាំ និងការបង្ហាញពីក្រុមហ៊ុនបញ្ជាទិញកសិផលរបស់កសិករ ក្នុងតម្លៃទីផ្សារសមរម្យអាចទទួលយកបាន តាមរយៈការចុះកិច្ចសន្យាដោយផ្ទាល់រវាងក្រុមហ៊ុន និងប្រជាកសិករ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរខេត្ត ដែលមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ ក្នុងនោះដែរទីផ្សានាំចេញដ៏ធំបំផុតរបស់ខេត្តរតនគិរី គឺក្រុមហ៊ុនពីប្រទេសចិន ជាអ្នកចុះមកទទួលទិញដោយផ្ទាល់។
លោក ញ៉ែម សំអឿន បានគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមហ៊ុន K&D ក្រុមហ៊ុន H&G និងក្រុមហ៊ុនសេះបង្កង់ ដែលបានចូលរួមចំណែកក្នុងជួយដោះស្រាយចំពោះទុក្ខកង្វល់របស់ប្រជាកសិករនៅក្នុងខេត្តរតនគិរី ហើយក៏បានស្នើដល់ក្រុមហ៊ុន ឱ្យយកចិត្តទុកដាក់ក្នុងការជួយដល់ប្រជាកសិករ រួមទាំងការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ដើម្បីធានាថា ថ្លៃដើមផលិតទាប កសិផលមាន គុណភាព មានសុវត្ថិភាព និងមានតម្លៃល្អ ស្របតាមស្តង់ដារ GAP (Good Agriculture Practices) សម្រាប់ការនាំចេញ ក្នុងក្របខ័ណ្ឌប្រកួតប្រជែងទីផ្សារសេរី។

សូមបញ្ជាក់ថា វេទិកានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រីកវិសាលភាព នៃកំណើនសេដ្ឋកិច្ចខេត្តរតនគិរី ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដោយធ្វើការផ្លាស់ប្តូរផ្នត់គំនិតកសិករ លើការងារដាំដុះដំណាំដែលមានសក្តានុពល ដោយប្រើប្រាស់ ផ្ទៃដីដាំដុះតិច ប៉ុន្តែអាចផ្តល់អត្ថប្រយោជន៍ច្រើនមានចំណូលខ្ពស់ និងការរំដោះខ្លួនឱ្យផុតពីបន្ទាត់នៃភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹក នាំដ៏ឆ្លាតវៃ ប្រកបដោយថាមពលរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឆ្ពោះទៅការសម្រេចគោលដៅយុទ្ធសាស្ត្រ ឆ្នាំ២០៣០-២០៥០៕
ដោយ៖ ខៀវ ចាប




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ