ព័ត៌មានជាតិ
សមត្ថកិច្ចបង្ក្រាបទីតាំងអនឡាញខុសច្បាប់២កន្លែងក្នុងក្រុងប៉ោយប៉ែត ដោយឃាត់បានជនបរទេស២៣០នាក់
សមត្ថកិច្ចកម្ពុជា ចុះបង្ក្រាបទីតាំងប្រតិបត្តិការអនឡាញខុសច្បាប់ចំនួន២ទីតាំងភូមិសាស្ត្រក្នុងក្រុងប៉ោយប៉ែត ដោយសមត្ថកិច្ចឃាត់បានជនបរទេសសរុប២៣០នាក់។ បើតាមអគ្គស្នងការដ្ឋាននគរបាល មុនឈានដល់ការបង្ក្រាបទីតាំងទាំងពីរនេះ គឺសមត្ថកិច្ចបានស្រាវជ្រាវស៊ើបអង្កេតអស់រយៈពេលជាង៣ខែមកហើយ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបញ្ជាក់ឱ្យដឹងថា ក្រុមប្រតិបត្តិការរបស់គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យជាក់ស្តែងលើទីតាំងចំនួន២ទីតាំង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានធ្វើការស្រាវជ្រាវស៊ើបអង្កេតលើទីតាំង ខាងលើរយៈពេលជាងបីខែកន្លងមក។

ការឈានទៅបង្ក្រាបទីតាំងទាំងពីរខាងលើនេះ ធ្វើឡើងក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់បំផុតរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាការចង្អុលដឹកនាំដោយផ្ទាល់របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
ក្នុងការឆ្មក់ចូលក្នុងទីតាំងខាងលើ សមត្ថកិច្ចបានរកឃើញជនបរទេសសរុបចំនួន ២៣០នាក់ (ស្រី ៦៨នាក់) ក្នុងនោះមានជនជាតិថៃចំនួន ១២៣នាក់ មានស្រី ៥៩នាក់។ តាមការបញ្ជាក់របស់អគ្គស្នងការដ្ឋាននគរបាលជាតិ គឺជនបរទេសទាំងនោះកំពុងសម្ងំលាក់ខ្លួនលួចលាក់ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ ដោយមានមេក្លោងជាជនជាតិចិន និងស្ថិតក្នុង ស្ថានភាពរស់នៅធម្មតា ព្រមទាំងទទួលយកការងារខុសច្បាប់ទាំងនោះដោយស្ម័គ្រចិត្ត។

សម្រាប់ពលរដ្ឋថៃទាំង១២៣នាក់ នគរបាលជាតិកម្ពុជា នឹងស្នើសុំកិច្ចសហការជាមួយនគរបាលភូមិន្ទថៃ ដើម្បីមានវិធានការបន្ត ក៏ដូចជាសហការដើម្បីកំណត់មុខសញ្ញាមេក្លោងសំខាន់ដទៃទៀត នឹងឈានទៅស្វែងរកចាប់ខ្លួនជនល្មើសជាមេក្លោងយកមកអនុវត្តច្បាប់កម្ពុជា។ ចំពោះជនបរទេសផ្សេងទៀត សមត្ថកិច្ចកំពុងសាកសួរ និងចាត់វិធានតាមច្បាប់ម្ពុជាដូចគ្នា។ នេះតាមការបញ្ជាក់របស់អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ក្នុងសេចក្ដីប្រកាសខាងលើដដែល។
ជុំវិញករណីនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានថ្លែងប្រាប់ «កម្ពុជាថ្មី» ថា កម្ពុជាបានធ្វើរឿងនេះតាំងពីយូរមកហើយ គឺតាំងពីរដ្ឋាភិបាលចាស់ម្ល៉េះ ហើយបាននិងកំពុងស៊ើបអង្កេតបង្ក្រាបជាបន្តបន្ទាប់។ ចំពោះករណីថៃ ឃើញរដ្ឋាភិបាលថ្មីចាប់ផ្ដើមធ្វើរឿងនេះដែរ ដើម្បីបង្ហាញឆន្ទៈ ពិសេសទប់នឹងការវាយប្រហារពីបក្សប្រឆាំងខ្លួន ដែលឆ្កឹះប្រធានបទជាច្រើនដាក់បន្ទុកដល់រដ្ឋាភិបាល ឬបក្សកាន់អំណាច។
អ្នកនាំពាក្យ បន្តថា កម្ពុជាបានធ្វើច្រើន និងបន្តធ្វើទៀត មិនមែនត្រឹមកម្រិតប្រទេសជាប់ព្រំគ្នាទេ បណ្ដាប្រទេសផ្សេងៗក៏មានកិច្ចសហការជួយគ្នាទៅវិញទៅមក ទាំងការបញ្ជូនព័ត៌មាន សហការបង្ក្រាប ការជួយគ្នាលើផ្នែកធនធានមនុស្ស និងឧបករណ៍បច្ចេកទេស។ លោក ទូច សុខៈ បានអះអាងថា ករណីតាមប្រព័ន្ធ Call Centre ជាករណីរួមគ្នាហើយកម្ពុជាបានធ្វើឱ្យភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគមានទំនុកចិត្តគួរឱ្យកត់សម្គាល់ គឺបទល្មើសប្រភេទនេះបានស្រាកស្រាន និងគ្រប់គ្រងបាន៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?