ព័ត៌មានជាតិ
អាមេរិក ពិភាក្សាជាមួយកម្ពុជា ដើម្បីធានាថាកងទ័ពទាំងពីរអាចធ្វើសមយុទ្ធឆ្មាំអង្គរឡើងវិញបាន
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន ពិភាក្សាពីលទ្ធភាពធ្វើសមយុទ្ធយោធាឆ្មាំអង្គរឡើងវិញជាមួយអាមេរិក បន្ទាប់ពីបានផ្អាកកាលពីឆ្នាំ២០១៧។ ជាការឆ្លើយតប មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក អះអាងថា ខ្លួន បានជជែកអំពីគោលនយោបាយជាមួយ សម្ដេច ហ៊ុន ម៉ាណែត ដើម្បីធានាថាកងទ័ពប្រទេសទាំងពីរអាចចាប់ផ្ដើមធ្វើសមយុទ្ធនេះបាន។

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន ជជែកគ្នាអំពីសមយុទ្ធយោធាឆ្មាំអង្គរយ៉ាងដូច្នេះ នៅក្នុងពេលអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ រ៉ូណាល់ ក្លាក (RONALD P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋ អាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ នេះ។

សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលជំនួប សរសេរអំពីការសំណូមពររបស់លោក វង្ស ពិសេន ឱ្យអាមេរិករៀបចំសមយុទ្ធឆ្មាំអង្គរឡើងវិញដូច្នេះ៖«ចំពោះសំណូមពរធ្វើសមយុទ្ធឆ្មាំអង្គររួមគ្នាឡើងវិញ ឯកឧត្ដម នាយឧត្តមសេនីយ៍ រ៉ូណាល់ ក្លាក បានគូសបញ្ជាក់ពីកិច្ចពិភាក្សាជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនោះសហរដ្ឋអាមេរិក បានធ្វើការពិភាក្សាអំពីគោលនយោបាយ ដើម្បីធានាថាកងទ័ពប្រទេសទាំងពីរអាចចាប់ផ្ដើមធ្វើសមយុទ្ធនេះបាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។»។

គួរឱ្យដឹងថា សមយុទ្ធយោធា «ឆ្នាំអង្គរ» ជាសមយុទ្ធមួយដែលកម្ពុជា និងអាមេរិក បានចាប់ដៃគ្នាធ្វើជាលើកដំបូង នៅក្នុងឆ្នាំ ២០១០ ហើយបន្តធ្វើសមយុទ្ធរួមគ្នានៅរៀងរាល់ចុងឆ្នាំនីមួយៗរយៈពេល៧លើកជាប់ៗគ្នា។ សមយុទ្ធ ឆ្មាំអង្គរ ត្រូវបានផ្អាកនៅឆ្នាំ២០១៧។ ចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០២៥នេះ សមយុទ្ធយោធារវាងកម្ពុជា និងសហរដ្ឋអាមេរិក មិនបានរៀបចំឡើងវិញម្ដងណាឡើយ។

តាមរយៈជំនួប នាយឧត្ដមសេនីយ៍ វង្ស ពិសេន វាយតម្លៃចំពោះដំណើរទស្សនកិច្ចរបស់មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកមកកាន់កម្ពុជានៅពេលនេះ ថាបាននាំមកនូវការពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរប្រកបដោយភាពជឿទុកចិត្តគ្នា។

លោក អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្នុងដំណើរការបង្រួបបង្រួមជាតិ ការកសាងនិងថែរក្សាសន្តិភាពនៅកម្ពុជានាទសវត្សរ៍៩០ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ រួមនឹងការអភិវឌ្ឍកម្ពុជាលើវិស័យមួយចំនួនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ សុខាភិបាល ដោះមីន មនុស្សធម៌ និងការធ្វើមាតុភូមិនិវត្តន៍សម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រកម្ពុជា។

លោក បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-សហរដ្ឋអាមេរិក នាពេលកន្លងមក តាមរយៈការបំពេញទស្សនកិច្ចជាបន្តបន្ទាប់របស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក នៅកម្ពុជា ការចូលចតនាវានៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងយោធពលខេមរភូមិន្ទបានបញ្ជូនប្រតិភូទៅចូលរួមកម្មវិធីនានាដែលរៀបចំឡើងដោយកងទ័ពសហរដ្ឋអាមេរិក ជាដើម។
លោក បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានផ្តល់ឡើងវិញសម្រាប់វគ្គបញ្ជាការសេនាធិការ វគ្គការពារជាតិ និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លីលើផ្នែកសន្តិសុខ ប្រឆាំងភេរវកម្ម និងភាសាអង់គ្លេស ដល់នាយទាហានកម្ពុជា ដើម្បីពង្រឹងបន្ថែមសមត្ថភាព។

លោក បានសំណូមពរកិច្ចការមួយចំនួនដើម្បីបង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដូចជាការផ្លាស់ប្តូរទស្សនកិច្ចយោធាគ្រប់កម្រិត ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពនិងប្រភេទទ័ព កិច្ចសន្ទនារវាងកងទ័ពជើងគោកប្រទេសទាំងពីរ ការបង្កើនវគ្គបណ្តុះបណ្តាលបណ្ឌិតសភាយោធាតាមបណ្តាប្រភេទទ័ព រួមនឹងវគ្គទំនាញមួយចំនួនទៀត។
ទន្ទឹមនេះ លោកបានសំណូមពរ ពិនិត្យនិងពិភាក្សាពីលទ្ធភាពក្នុងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាឡើងវិញ ដូចជាសមយុទ្ធឆ្មាំអង្គរ ដែលបានអាក់ខានតាំងពីឆ្នាំ២០១៧ ការបន្តកិច្ចសហការក្នុងស្មារតីមិត្តភាព ដូចជាការផ្លាស់ប្តូរព័ត៌មានដើម្បីទប់ស្កាត់រាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ការប្រឆាំងអំពើភេរវកម្ម និងការបន្តបេសកកម្មរុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួននៅកម្ពុជា។

ជាការឆ្លើយតប លោក នាយឧត្តមសេនីយ៍ រ៉ូណាល់ ក្លាក បានថ្លែងអំណរគុណលោក អគ្គមេបញ្ជាការ ដែលបានលើកឡើងពីសំណូមពរនានានៅកិច្ចការដែលកងទ័ពប្រទេសទាំងពីរអាចធ្វើការជាមួយគ្នា ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
លោក នាយឧត្តមសេនីយ៍ រ៉ូណាល់ ក្អាក បានសន្យាថានឹងពាំនាំនូវសំណូមពរទាំងនេះទៅពិភាក្សានៅឯបញ្ជាការ ក្នុងនោះផ្ដោតសំខាន់លើការបង្កើនទំនាក់ទំនងទ្វេភាគី ការផ្លាស់ប្ដូរព័ត៌មាន ការបណ្ដុះបណ្ដាលក្នុងវិស័យផ្សេងៗ និងការប្រឆាំងភេរវកម្មជាដើម។

លោក មេបញ្ជាការកងទ័ពជើងគោកប្រចាំតំបន់ប៉ាស៊ីហ្វិក បានថ្លែងអំណរគុណដល់លោកអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ចំពោះការទទួលខុសត្រូវដល់បុគ្គលិកជនជាតិអាមេរិកបាត់ខ្លួនលើទឹកដីកម្ពុជា ក្នុងការបន្តស្វែងរកអដ្ឋិធាតុដើម្បីប្រគល់ជូនដល់ក្រុមគ្រួសារអ្នកទាំងនោះវិញ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ