ព័ត៌មានជាតិ
មេទ័ពជើងគោកអាមេរិក ប្រចាំប៉ាស៊ីហ្វិក÷ អាមេរិក ចង់ឃើញទំនាក់ទំនងកងទ័ពជាមួយកម្ពុជាមានភាពល្អប្រសើរ
នៅចំពោះមុខសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោក រ៉ូណាល់ ខ្លាក បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនិងកងទ័ព នៃប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកចង់ឃើញការរីកចម្រើននៅក្នុងទំនាក់ទំនងនេះ ជាពិសេសទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ។

នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក( Ronald P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) លើកឡើងបែបនេះ ក្នុងឱកាសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប, លោក រ៉ូណាល់ ខ្លាក បានសម្ដែងក្ដីសោមនស្សរីករាយដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាថ្មីម្ដងទៀតនៅកម្ពុជា និងបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបជាមួយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជេីងគោក។

បន្ថែមលើនោះ លោក រ៉ូណាល់ ខ្លាក បានសម្ដែងនូវការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងបេសកកម្មថែរក្សាសន្ដិភាព តាមរយៈការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅតាមបណ្ដាប្រទេសមួយចំនួនលើពិភពលោក ។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានស្វាគមន៍ឯកឧត្តមនាយឧត្តមសេនីយ៍ និងគណៈប្រតិភូដែលបានបំពេញទស្សនកិច្ចនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អនៃជំនួបរវាងបញ្ជាការដ្ឋានកងទ័ពជេីងគោគ កងយោធពលខេមរភូមិន្ទនៃព្រះរាជាណាចក្រកម្ពុជា ជាមួយគណៈប្រតិភូកងទ័ពជើងគោក សហរដ្ឋអាមេរិក។

សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាញឹកញាប់ រវាងកងទ័ពនិងកងទ័ព ក៏ដូចជាការបន្ដកិច្ចសហប្រតិបត្តិការឡេីងវិញលើសកម្មភាពមួយចំនួនដូចជា ការបណ្ដុះបណ្ដាល ជាដេីម នាពេលកន្លងមក បានឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ។

សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិកដែលបានផ្ដល់ការគាំទ្រកម្ពុជាក្នុងសកម្មភាពបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងបានគូសបញ្ជាក់ថា “ពីមុន កម្ពុជាធ្លាប់ជាប្រទេសទទួលយកកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ តែមកដល់បច្ចុប្បន្ននេះ កម្ពុជាបានប្រែក្លាយទៅជាប្រទេសបញ្ជូនកងកម្លាំងដើម្បីចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពនៅតាមបណ្ដាប្រទេសលើពិភពលោក”។

ក្នុងឱកាសនោះដែរ សម្ដេចបវរធិបតីបានលើកទឹកចិត្តឱ្យកងទ័ពជើងគោកសហអាមេរិក និង បញ្ជាការដ្ឋានកងទ័ពជេីងគោក កងយោធពលខេមរភូមិន្ទ បន្តទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង