ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ណែនាំមន្ទីរពេទ្យ កុំឱ្យរើសអើងអ្នកប្រើប័ណ្ណសមធម៌ ប.ស.ស និងងាយរងហានិភ័យ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត កុំមានការរើសអើងចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់ប័ណ្ណសមធម៌ ប័ណ្ណ ប.ស.ស និងប័ណ្ណងាយរងហានិភ័យឡើយ ពោលគឺត្រូវយកចិត្តទុកដាក់ពិនិត្យព្យាបាលជំងឺដូចប្រជាពលរដ្ឋទូទៅ។

នៅក្នុងកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាព និងលើកទិសដៅការងារបន្ត កាលពីរសៀលថ្ងៃទី ២៤ កុម្ភៈ នៅទីស្តីការក្រសួង លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា «ថ្នាក់ដឹកនាំមន្ទីរពេទ្យ មន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវអនុវត្តតាមអភិក្រម ក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌ ប័ណ្ណប.ស.ស ប័ណ្ណងាយរងហានិភ័យ ដោយធានាបានថា កុំឱ្យមានការរើសអើង ត្រូវគិតថាប្រជាពលរដ្ឋម្នាក់ៗ ត្រូវតែទទួលបានការព្យាបាលដូចគ្នា»។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក ត្រូវតាមដាន និងយកចិត្តទុកដាក់បញ្ហាជំងឺឆ្លងដែលអាចនឹងមានកើតជាយថាហេតុណាមួយ ក្នុងករណីដែលមិនមានការវាយតម្លៃ និងទប់ស្កាត់បានទាន់ពេលវេលា។ ក្នុងនោះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ត្រូវពិនិត្យតាមដាន វាយតម្លៃសភាពការ និងស្រាវជ្រាវពីភាពច្បាស់លាស់ នៃជំងឺឆ្លងផ្សេងៗ។ ទន្ទឹមនឹងនេះដែរ ត្រូវបន្តយកចិត្តទុកដាក់បញ្ហាជំងឺមិនឆ្លង ដែលជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់ ហើយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ត្រូវបង្កើនការបណ្តុះបណ្តាល និងបង្កើនការផលិតសារអប់រំសុខភាពដល់ប្រជាពលរដ្ឋ ដូចជាការធ្វើលំហាត់ប្រាណជាប្រចាំ ផ្លាស់ប្តូរទម្លាប់ នៃការរស់នៅ របបអាហារ «តិចអំបិល តិចខ្លាញ់ តិចស្ករ» និងផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមគ្រប់មធ្យោបាយ។

លោករដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំ ត្រូវដឹងអំពីការរៀបចំទំរង់ឯកសារ លិខិតស្នាម របាយការណ៍ ជំនួយស្មារតី និងការវាយតម្លៃសភាពការណ៍ផ្សេងៗ និងការសរសេរឱ្យចំគោលដៅ នៃទិសដៅការងារ ដើម្បីក្លាយជាឯកសារដែលមានទាំងសារគន្លឹះ ជាមួយចក្ខុវិស័យ និងទិសដៅការងារច្បាស់លាស់ ដើម្បីជួយជំរុញក្នុងការសម្រេចចិត្ត ក្នុងនាមអង្គភាព ស្ថាប័ន ឱ្យកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ