ព័ត៌មានជាតិ
រដ្ឋមន្ត្រីបរិស្ថាន រំឮកមន្ត្រីថា កុំព្រោះលុយតិចតួចពីក្រុមហ៊ុនខិលខូច ធ្មេចភ្នែកមិនមើលពលរដ្ឋរងគ្រោះដល់ជីវិត
ដោយហេតុថាប្រភពទឹកមានសារសំខាន់ទ្រទ្រង់អាយុជីវិតមនុស្ស រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ក្រើនរំលឹកមន្ត្រីនៃក្រសួងបរិស្ថានថា កុំដើម្បីតែលុយបន្តិចបន្តួចបានមកពីការសូកប៉ាន់របស់ក្រុមហ៊ុនខិលខូចមួយចំនួនដែលលួចបង្ហូរកាកសំំណល់រាវចូលក្នុងប្រភពទឹកបំពុលទឹក បំពុលបរិស្ថាន សុខចិត្តធ្មេចភ្នែកមិនមើលពលរដ្ឋរងគ្រោះថ្នាក់ពីការបំពុលប្រភពទឹករហូតប៉ះពាល់ដល់អាយុជីវិត។

លោករដ្ឋមន្ត្រី ក្រើនរំលឹកបែបនេះ នៅក្នុងឱកាសបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្ត និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្តសម្រាប់អាជីវកម្មបូមខ្សាច់ទន្លេ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន អ៊ាង សុផល្លែត សង្កត់ធ្ងន់ដូច្នេះ៖« មន្ត្រីក្រសួងបរិស្ថានត្រូវចាំ កុំដើម្បីលុយបន្តិចបន្តួច ឱ្យប្រជាពលរដ្ឋខ្មែរ អ្នកស្លូតត្រង់រងគ្រោះដោយសារយើង ព្រោះយើងជាតំណាងគាត់ យើងជាអ្នកការពារគាត់ យើងជាអ្នករក្សាប្រភពទឹកឱ្យគាត់ ដើម្បីជំនាន់ក្រោយតទៅទៀត។ អ៊ឹចឹងទេ សុំសូមក្រែប្រែឥរិយាបថក្នុងករណីដែលបានប្រព្រឹត្តខុសកន្លងមក »។

តាមរយៈសិក្ខាសាលាដដែល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានលើកឡើងថាមូលហេតុដែលក្រុមហ៊ុនមួយចំនួនលួចបង្ហូរកាកសំណលរាវចូលទៅក្នុងប្រភពទឹកដូចជាស្ទឹង ប្រឡាយ គឺព្រោះតែក្រុមហ៊ុនមួយចំនួននោះចង់កេងចំណេញជ្រុល ដោយមិនចាំបាច់ចំណាយថវិកាសាងសង់អាងប្រព្រឹត្តិកម្មទឹក និងចំណាយថវិកាសម្អាតទឹកសំណល់ទាំងនោះឱ្យបានស្អាត។

រដ្ឋមន្ត្រី អ៊ាង សុផល្លែត ក៏បានប្រាប់ទៅកាន់មន្ត្រីក្រសួង និងភាគីក្រុមហ៊ុន ឱ្យគិតពិចារណាថា បើផលប៉ះពាល់កើតចេញពីការបំពុលប្រភពទឹកនេះ កើតឬធ្លាក់ទៅលើក្រុមគ្រួសាររបស់ខ្លួន នឹងមានអារម្មណ៍បែបណា និងអាយុជីវិតរបស់ប្រជាពលរដ្ឋ គឺមានតម្លៃថ្លៃជាងរោងចក្រដែលបង្ហូរកាកសំណល់ចូលទៅក្នុងប្រភពទឹកទៅទៀត។
លោក អ៊ាង សុផល្លែត ក៏ណែនាំមន្ត្រីទាំងនោះ ឱ្យធ្វើខ្លួនស្អាតស្អំ អនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីជាគម្រូ និងជាការព្រមានទៅកាន់ក្រុមហ៊ុនខិលខូចដែលល្មើសហ៊ានបង្ហូរកាកសំណល់រាវចូលប្រភពទឹក រហូតបង្កការប៉ះពាល់ដល់ពលរដ្ឋ។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានលើកឡើងថា កុំស្មានថា រដ្ឋមន្ត្រីក្រសួងបរិស្ថាន អង្គុយបំពេញការងារតែក្នុងការិយាល័យមិនដឹងពីបញ្ហា ផលប៉ះពាល់ដែលកើតមាននានា ព្រោះបច្ចុប្បន្នបច្ចេកវិទ្យាជឿនលឿន លោកអាចទទួលបានព័ត៌មាននៃផលប៉ះពាល់ ចំណុចអវិជ្ជមាននានាបានគ្រប់ពេលវេលា។
យ៉ាងណា លោក អ៊ាង សុផល្លែត ក៏ទុកឪកាសឲ្យមន្ត្រីដែលធ្លាប់ ត្រូវកែប្រែកំហុសរបស់ខ្លួនឈប់ទទួលសំណូកពីក្រុមហ៊ុនបំពុលបរិស្ថាន ហើយងាកមករាយការណ៍ពីការបំពុលបរិស្ថានរបស់ក្រុមហ៊ុន ដើម្បីការពារ និងបញ្ចៀសផលប៉ះពាល់លើសុខភាពពលរដ្ឋ។
ជាមួយគ្នា លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត ក៏បានប្ដេជ្ញាដោះស្រាយបញ្ហាអវិជ្ជមាន ផលប៉ះពាល់នានា ក្នុងវិស័យបរិស្ថានម្ដងមួយជំហានៗ ដើម្បីធានាដល់ស្ថិរភាពសង្គម សេដ្ឋកិច្ច នយោបាយ មិនឱ្យប៉ះពាល់អ្នកវិនិយោគឡើយ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ