ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាលអនុញ្ញាតឲ្យឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃ តែត្រូវអនុវត្តវិធានការសុខាភិបាល
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុញ្ញាតិឲ្យមន្ដ្រីរាជការ កម្មករនិយោជិត ឈប់សម្រាករយៈ ពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ តែត្រូវអនុវត្តវិធានសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ នេះបើតាមសារាចរណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលទទួលបាននៅរសៀលនេះ។
សារាចរណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងបរិការណ៍នៃ “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១” ដែលប្រទេសជាតិបាន និងកំពុងបន្តជួបប្រឈមនឹងហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់ បន្ថយឲ្យបានជាអតិបរមា នូវផលប៉ះពាល់ នៃការឆ្លងរាលដាលជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងកម្ពុជា រាជរដ្ឋាភិបាលសូមដាក់ចេញនូវវិធានការមួយចំនួន ពាក់ព័ន្ធនឹងការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពីថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៤ ដល់ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ អនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានជាធរមាន។
បើតាមសារាចរណែនាំនោះ ទី១, អនុញ្ញាតិឲ្យមន្ដ្រី បុគ្គលិក នៃស្ថាប័នរដ្ឋទាំងអស់ឈប់សម្រាករយៈពេល៣ថ្ងៃ តាមកាលបរិច្ឆេទដូចបញ្ជាក់ខាងលើ ស្របតាមអនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ដីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ដ្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១។
ទី២, ចំពោះបុគ្គលិក កម្មករ និយោជិត នៃវិស័យឯកជន ការឈប់សម្រាករយៈពេល៣ថ្ងៃនេះ អាចត្រូវធ្វើឡើងតាមជម្រើស២យ៉ាង អាស្រ័យទៅតាមការស្រុះស្រួលគ្នារវាងនិយោជក និងបុគ្គលិក កម្មករ និយោជិត នៃរោងចក្រ សហគ្រាសនីមួយៗ គឺ៖
ក. ឈប់សម្រាកពីការងាររយៈពេល៣ថ្ងៃ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ តាមកាលបរិច្ឆេទដូចបានបញ្ជាក់ខាងលើ ស្របតាមអនុក្រឹត្យលេខ ១៣១ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១
ខ. និយោជកត្រូវពិភាក្សាជាមួយកម្មករ និយោជិតបន្តធ្វើការជាធម្មតា ហើយលើកការឈប់សម្រាករយៈពេល៣ថ្ងៃនេះ ទៅអនុវត្តរួមជាមួយការឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឬថ្ងៃឈប់សម្រាកណាមួយនាពេលខាងមុខវិញ តាមការព្រមព្រៀងគ្នាស្របទៅតាមច្បាប់ស្តីពីការងារ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវចេញសេចក្តីណែនាំបន្ថែមលើការអនុវត្តនេះស្របទៅតាមច្បាប់ស្តីពីការងារ។
ទី៣, ក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធនដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការចាំបាច់នានាសំដៅគ្រប់គ្រង និងធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ ព្រមទាំងធានានូវការគោរព និងអនុវត្តវិធានការសុខាភិបាលបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដោយម៉ត់ចត់ និងខ្ជាប់ខ្លួននៅតាមទីតាំងសាធារណៈនានា ពិសេសនៅតាមវត្តអារាម រមណីយដ្ឋាន និងទីតាំងផ្សេងទៀត ដែលអាចមានសភាពអ៊ូអរ និងមានមនុស្សជួបជុំគ្នាក្នុងចំនួនច្រើន។
ទី៤, នៅក្នុងរយៈពេលឈប់សម្រាក៣ថ្ងៃ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ រាជរដ្ឋាភិបាលសូមអំពាវនាវដល់ ប្រជាពលរដ្ឋគ្រប់រូបទាំងអស់ ចូលរួមអនុវត្តនូវវិធានការដូចខាងក្រោម៖
ក. ចៀសវាងនូវការធ្វើដំណើរមិនចាំបាច់ទៅកាន់ ឬចេញ-ចូល តំបន់ ឬទីកន្លែង ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ កំណត់ដោយក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
ខ. ចៀសវាងនូវការរៀបចំពិធីផ្សេងៗ រួមទាំងពិធីសាសនាផង ឬ ការជួបជុំគ្នាទាំងឡាយណាដែលមានសភាពអ៊ូអរ និងមានមនុស្សចូលរួមច្រើន
គ. អនុវត្តវិធានការ “៣ការពារ” និង “៣កុំ” ព្រមជាមួយនឹងវិធានការសុខាភិបាលចាំបាច់ផ្សេងទៀតឲ្យបានខ្ជាប់ខ្លួន និងគ្រប់ៗគ្នា។
បន្ថែមពីនេះ រាជរដ្ឋាភិបាលសូមអំពាវនាវដល់ក្រុមហ៊ុន និងអាជីវករដឹកជញ្ជូនអ្នក ដំណើរគ្រប់ប្រភេទមិនត្រូវតម្លើងថ្លៃសេវាដឹកជញ្ជូនអ្នកដំណើរឡើយ និងត្រូវយកនចិត្តទុកដាក់អនុវត្តវិធានការសុខាភិ បាលបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដោយម៉ត់ចង់ និងខ្ជាប់ខ្ជួនចំពោះអ្នកដំណើរលើយានយន្ដរបស់ខ្លួន៕
អត្ថបទ ៖ កោះកែវ




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី