ព័ត៌មានជាតិ
ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់កម្ពុជាមានទំហំជាង១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤
ក្រសួងពាណិជ្ជកម្មកម្ពុជាបានបង្ហាញថា កាលពីឆ្នាំ២០២៤កន្លងទៅនេះ ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) នៅកម្ពុជាត្រូវបានព្យាករណ៍ថាសម្រេចបានប្រមាណ ១,១២ ពាន់លានដុល្លារ និងរំពឹងថានឹងមានកំណើនជាប្រចាំឆ្នាំក្នុងអត្រា១០% ដែលទំហំទឹកប្រាក់នឹងកើនដល់ ១,៨១ពាន់លានដុល្លារនៅឆ្នាំ២០២៩ ដែលធ្វើឱ្យកម្ពុជាជាប្រទេសក្នុងចំណោមបណ្តាប្រទេសអាស៊ានមួយចំនួនដែលកំពុងរីកចម្រើននៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

យោងតាមរបាយការណ៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ឆ្នាំ២០២៤ សម្រាប់ប្រទេសកម្ពុជាដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២៤ កុម្ភៈ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងតំបន់អាស៊ានត្រូវបានព្យាករណ៍ថានឹងកើនឡើង ៥២% ក្នុងចន្លោះឆ្នាំ ២០២២-២០២៥ ពី ១៤២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដល់ ២១៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥។ សម្រាប់ទីផ្សារដ៏ធំបំផុតទាក់ទងនឹងតម្លៃ និងសក្ដានុពលនៃកំណើនរួមមាន ឥណ្ឌូនេស៊ី ថៃ វៀតណាម និងហ្វីលីពីន ដោយសិង្ហបុរីនៅតែជាមជ្ឈមណ្ឌលសំខាន់សម្រាប់ប្រតិបត្តិការតម្លៃខ្ពស់ និងភស្តុភារ។

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានលើកឡើងនៅក្នុងរបាយការណ៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកថា សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាកំពុងឆ្លងកាត់ការផ្លាស់ប្តូរខ្លាំងក្លាមួយ ដែលជំរុញដោយការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ការបង្កើនការទទួលយកអ្នកប្រើប្រាស់នៃវេទិកាឌីជីថល និងការខិតខំប្រឹងប្រែងរួមគ្នាដើម្បីពង្រឹងបទប្បញ្ញត្តិ និងទិដ្ឋភាពស្ថាប័ន។
លោកស្រីលើកឡើងថា ចំណុចស្នូលនៃការផ្លាស់ប្តូរនេះគឺពាណិជ្ជកម្មអេឡិចត្រូនិក(E-commerce) ដែលបានលេចចេញជាគន្លឹះនៃកំណើនសេដ្ឋកិច្ច បង្កើនការប្រកួតប្រជែងអាជីវកម្ម ពង្រីកលទ្ធភាពទទួលបានទីផ្សារ និងការជំរុញឱកាសថ្មីៗសម្រាប់សហគ្រាសគ្រប់ប្រភេទ។

លោកស្រីចម និម្មលបានគូសបញ្ជាក់ថា៖«ការពង្រីកវិស័យ E-commerce របស់កម្ពុជាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តកាន់តែទូលំទូលាយរបស់ប្រទេសចំពោះការផ្លាស់ប្តូរឌីជីថល ដូចដែលបានលើកឡើងនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥។ វឌ្ឍនភាពគួរឱ្យកត់សម្គាល់ត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងភាពប្រសើរឡើងនៃការទូទាត់ឌីជីថល ការដឹកជញ្ជូន និងយន្តការជឿទុកចិត្តរបស់អតិថិជន»។
លោក CHOWDHURY Subhadeep ស្ថាបនិក និងជាប្រធានក្រុមហ៊ុន PROFITENCE (Cambodia) ដែលជាក្រុមហ៊ុនតាក់តែងនូវរបាយការណ៍នេះបានលើកឡើងថាការចាប់យកនូវ E-commerce ផ្តល់ឪកាសកាន់តែច្រើនដល់បណ្តាអាជីវកម្មក្នុងស្រុកដើម្បីពង្រីកទីផ្សាររបស់ខ្លួន។
លោកថា៖« នៅពេលដែលប្រទេសកម្ពុជាទទួលយកនូវកាលានុវត្តភាពនៃយុគសម័យឌីជីថល យើងសង្ឃឹមថារបាយការណ៍នេះបម្រើជាធនធានដ៏មានតម្លៃ ណែនាំភាគីពាក់ព័ន្ធក្នុងការរុករកភាពស្មុគស្មាញនៃទិដ្ឋភាព E-commerce និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ»។
បើតាមលោកស្រី ចម និម្មល វឌ្ឍនភាពទាំងនេះបានពង្រឹងមូលដ្ឋានគ្រឹះនៃប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មអេឡិចត្រូនិក ដ៏រឹងមាំ ដែលអនុញ្ញាតឱ្យអាជីវកម្ម ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដើម្បីចូលរួមកាន់តែមានប្រសិទ្ធភាពនៅក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។

«របាយការណ៍ E-commerce ឆ្នាំ ២០២៤ ផ្តល់នូវការវិភាគយ៉ាងទូលំទូលាយអំពីទិដ្ឋភាព E-commerce របស់ប្រទេសកម្ពុជា និងបង្ហាញពីការពិចារណាសំខាន់ៗសម្រាប់ការពង្រីកពាណិជ្ជកម្មអេឡិចត្រូនិក និងពាណិជ្ជកម្មឌីជីថល។ ក្នុងន័យនេះ របាយការណ៍នេះនឹងរួមចំណែកដ៏មានតម្លៃរបស់ពួកគេក្នុងការផលិតទិដ្ឋភាពទូទៅដ៏ទូលំទូលាយនេះ ដែលនឹងបម្រើជាឯកសារយោងដ៏សំខាន់សម្រាប់អ្នកបង្កើតគោលនយោបាយ អាជីវកម្ម និងដៃគូអភិវឌ្ឍន៍ដែលស្វែងរកការជំរុញរបៀបវារៈពាណិជ្ជកម្មអេឡិចត្រូនិករបស់កម្ពុជា»។ នេះបើយោងតាមលោកស្រី ចម និម្មល៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៦ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា