Connect with us

ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា ៖ អំណោយក្រុមហ៊ុនឱសថ-បរិក្ខារពេទ្យផ្ដល់មកក្រសួងព័ត៌មាន គឺប្រគល់ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តទុកព្យាបាលជំងឺពលរដ្ឋឥតគិតថ្លៃ

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ លើក​ឡើង​ថា «រាល់​អំណោយ​ដែល​បណ្ដា​ក្រុមហ៊ុន​ឱសថ និង បរិក្ខារ​ពេទ្យ បាន​ផ្តល់​មក​ដល់​ក្រសួង​ព័ត៌មាន គឺ ត្រូវ​បាន​យក​ទៅ​ប្រគល់​ជូន​ដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ ដើម្បី​មាន​លទ្ធភាព​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ដល់​ប្រជាពលរដ្ឋ​ឥតគិតថ្លៃ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ ក្នុង​ឱកាស លោក នេត្រ ភក្ត្រា បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម និង​ប្រគល់​ជូន​លិខិត​ថ្លែងអំណរគុណ​ដល់​បណ្ដា​ក្រុមហ៊ុន​ឱសថ សម្ភារៈ​បរិក្ខារ​ពេទ្យ ដឹកនាំ​ដោយ លោក​វេជ្ជបណ្ឌិត សៅ សំបូរ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន នៅ​ទីស្ដីការ​ក្រសួង​ព័ត៌មាន កាលពី​ព្រឹក​ថ្ងៃ​ទី ២៦ ខែ​កុម្ភៈ ឆ្នាំ ២០២៥ នេះ។

នា​ឱកាស​នោះ លោក នេត្រ ភក្ត្រា បាន​អរគុណ​ចំពោះ លោក​វេជ្ជបណ្ឌិត សៅ សំបូរ និង ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ ដែល​បាន​ខិតខំ​ប្រឹង​ប្រឹងប្រែង ដើម្បី​ផ្តល់​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ក្នុង​រយៈពេល​ជា​បន្តបន្ទាប់​កន្លងមក​នេះ។

លោក នេត្រ ភក្ត្រា លើក​ឡើង​បន្ត​ថា ការ​ចូលរួម​គាំទ្រ​ជួយ​ឧបត្ថម្ភ​ជា​ឱសថ បរិក្ខារ​ពេទ្យ និង ថវិកា​ពី​សប្បុរសជន​ជា​ម្ចាស់​ក្រុមហ៊ុន​ឱសថ សម្ភារៈ​បរិក្ខារ​ពេទ្យ គឺជា​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​សុខុមាលភាព ហើយក៏​ជួយ​កាត់បន្ថយ​នូវ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ។

លោក​បន្ត​ទៀត​ថា សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ជានិច្ចកាល​ជា​ក្តី​កង្វល់​របស់​រាជរដ្ឋាភិបាល ហើយ​តាមរយៈ​នេះ រាជរដ្ឋាភិបាល​បាន​ដាក់​ចុះ​វិធានការ​ចាំបាច់ និង អាទិភាព​នានា ដើម្បី​ដោះស្រាយ​កង្វល់ និង លើក​ស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ និង សុខុមាលភាព​ឲ្យ​បាន​ល្អ​ប្រសើរ។

ទន្ទឹម​នោះ លោក នេត្រ ភក្ត្រា បាន​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ម្ចាស់​ក្រុមហ៊ុន​ឱសថ និង សម្ភារៈ​បរិក្ខារ​ពេទ្យ រួម​ទាំង​សប្បុរសជន​នានា​ជាច្រើន​ទៀត ដែល​បាន​ឧបត្ថម្ភ​ថ្នាំពេទ្យ និង សម្ភារៈ​ពេទ្យ ដើម្បី​រួមចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​នៅ​ក្នុង​មូលដ្ឋាន​ខេត្ត​ក្រចេះ និង មន្ត្រីរាជការ​ក្នុង​ក្រសួង​ព័ត៌មាន។

លោក​ថា ទឹកចិត្ត​ដ៏​ថ្លៃថ្លា​នេះ បាន​បង្ហាញ​ពី​មនោសញ្ចេតនា សេចក្ដី​រាប់អាន និង ការ​យកចិត្តទុក​ដាក់​ដល់​សុខុមាលភាព​របស់​មន្ត្រី​រាជការ​ក្នុង​ការ​បំពេញការងារ ជាពិសេស​ក្នុង​សកម្មភាព​រួមចំណែក​ដ៏​សំខាន់​លើ​កិច្ច​គាំពារ​មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន និង ការងារ​មនុស្សធម៌ នៃ​ការ​លើក​ស្ទួយ​សុខភាព​សាធារណៈ​នៅ​មូលដ្ឋាន​ខេត្ត​ក្រចេះ។

ជាមួយ​នេះ លោក​រដ្ឋមន្ត្រី លើក​ឡើង​បន្ថែម​ថា រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន និង បន្ត​ដឹកនាំ​ដោយ សម្តេច​ធិបតី នាយករដ្ឋមន្ត្រី​នីតិកាល​ទី ៧ នៃ​រដ្ឋសភា បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​សុខុមាលភាព​ប្រជាពលរដ្ឋ ព្រោះថា​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ជានិច្ចកាល​ជា​ក្តី​កង្វល់​របស់​រាជរដ្ឋាភិបាល។ បន្ថែម​នោះ រាជរដ្ឋាភិបាល បាន​ដាក់​ចុះ​នូវ​វិធានការ​ចាំបាច់​នានា ដើម្បី​ដោះស្រាយ​បញ្ហា និង​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក្នុង​នោះ សុខុមាលភាព​ប្រជាពលរដ្ឋ​ជា​អាទិភាព​មួយ​ចំណោម​កម្មវិធី​គោលនយោបាយ​អាទិភាព​ចំនួន ៦ និង វិធានការ​គន្លឹះ​ចំនួន ៥ ដែល​ដាក់ចុះ​ភ្លាមៗ ដោយ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ក្រោយ​ពេល​ឡើង​ដឹកនាំ​រាជរដ្ឋាភិបាល។

គួរ​ជម្រាប​ថា បើ​តាម លោក​វេជ្ជបណ្ឌិត សៅ សំបូរ ចាប់ពី​ខែ​ឧសភា ឆ្នាំ ២០២៤ ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ បាន​ទទួល​ការ​ជួយ​ឧបត្ថម្ភ​ជា​ឱសថ និង ថវិកា​អំពី​សប្បុរសជន​ជា​ម្ចាស់​ក្រុមហ៊ុន​ឱសថ សម្ភារៈ​បរិក្ខារ​ពេទ្យ​មាន​បញ្ជិកា​ស្របច្បាប់ ដើម្បី​រួម​ចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​ដោយ​ឥត​គិត​ថ្លៃ និង មិន​ប្រកាន់​និន្នាការ​នយោបាយ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ក្រចេះ។

ជា​លទ្ធផល​ក្នុង​រយៈពេល​កន្លងមក​នេះ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ខេត្ត​ក្រចេះ បាន​ចុះ​ធ្វើការ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង/ស្រុក​ចំនួន ៥ ក្នុង​នោះ ក្រុង​ក្រចេះ បាន​ចំនួន ៥៦៧ នាក់ , ស្រុក​ឆ្លូង ចំនួន ៩៧១ នាក់ , ស្រុក​ចិត្រ​បុរី ៦៦២ នាក់ , ស្រុក​អូរ​គ្រៀង​សែន​ជ័យ ចំនួន ៦០៦ នាក់ , ស្រុក​សំបូរ ៦៣៥ នាក់ សរុប​ជា​រួម​បាន​ចំនួន ៣ ៤៤១ នាក់ ក្នុង​នោះ ស្រី​ចំនួន ២ ០៨៥ នាក់។ ជាមួយ​នេះ ក៏បាន​ផ្តល់​នូវ​វីតាមីន​សេ​ដល់​ប្រជាពលរដ្ឋ​ចំនួន ៤ ០៤១ នាក់ កាលពី​ពេល​ចុះ​ចែក​ជូន​ស្រូវពូជ​ដល់​ប្រជាកសិករ។ ចំពោះ​គម្រោង​ចុះ​ពិនិត្យ​ព្យាបាល​ក្នុង​ឆ្នាំ ២០២៥ នេះ គ្រោង​ធ្វើ​នៅ​ក្នុង​ខែ ៦ ខែ ៨ ខែ ១០ និង ខែ ១២៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម