Connect with us

ព័ត៌មានអន្ដរជាតិ

ហាម៉ាស ប្រគល់​សាកសព​ចំណាប់ខ្មាំង​​៤នាក់ ឲ្យអ៊ីស្រាអែល តាម​រយៈ​​កាកបាទ​ក្រហម

បានផុស

នៅ

ក្រុមហាម៉ាស បានប្រគល់សាកសពចំណាប់ខ្មាំងអ៊ីស្រាអែល​ចំនួន​៤​នាក់ទៅ​ឲ្យ​កាកបាទក្រហមនៅតំបន់ហ្គាហ្សាភាគខាងត្បូង។ សកម្មភាពនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលមានគោលបំណងរក្សាបទឈប់បាញ់ដ៏ផុយស្រួយរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។

(រូបថត៖ AA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាកសពរបស់ចំណាប់ខ្មាំងអ៊ីស្រាអែល ត្រូវបានផ្ទេរទៅកាន់កាកបាទក្រហមនៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​២៧​កុម្ភៈ​នេះ ដោយគ្មាន​​ការ​រៀបចំ​ពិធីសាធារណៈ​អ្វី​ឡើយ ជៀសវាង​ការ​មិន​ពេញ​ចិត្ត​ពី​ភាគី​អ៊ីស្រាអែល។ កាល​ពី​សប្ដាហ៍​មុន ក្រុមហាម៉ាស បានដោះលែងចំណាប់ខ្មាំង និងសាកសពបួននាក់ នៅក្នុងពិធីសាធារណៈដ៏ធំ​មួយ ខណៈ​ចំណាប់ខ្មាំង​​អ៊ីស្រាអែល​ត្រូវបាន​ដាក់​ឲ្យ​ដង្ហែរក្បួន និងត្រូវ​គេ​បង្ខំ​ឲ្យ​រាដៃ​​ទៅកាន់​ហ្វូង​មនុស្សយ៉ាងច្រើន។ អ៊ីស្រាអែល រួមជាមួយនឹងមន្ត្រីកាកបាទក្រហម និងអង្គការសហប្រជាជាតិ បាននិយាយថា ពិធីនេះ ​ជា​ការ​ធ្វើ​ឲ្យ​ចំណាប់ខ្មាំង​អាម៉ាស​មុខ ហើយអ៊ីស្រាអែលកាលពីចុងសប្តាហ៍មុនក៏​បានពន្យារពេលដោះលែងអ្នកទោស​ប៉ាឡេស្ទីន។

យោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ហាម៉ាស ជា​ការ​ឆ្លើយតប អ៊ីស្រាអែល​នឹង​ដោះលែង​អ្នកទោស​​ប៉ាឡេស្ទីន​ចំនួន​៦២០​នាក់​ពីពន្ធនាគារ ក្នុង​នោះ​មាន​​ ១៥១នាក់ដែលត្រូវបានកាត់ទោស​ឲ្យ​ជាប់ពន្ធនាគារអស់មួយជីវិត។ វាគឺជាការ​ដោះលែង​ដ៏​ធំបំផុតរបស់ប៉ាឡេស្ទីន សម្រាប់​​ដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀង​បទ​ឈប់បាញ់។ ក្នុងចំណោមអ្នក​ទោស​ដែល​អ៊ីស្រាអែល​ដោះលែង ៤៤៥​នាក់គឺជា​ប្រជាជន​ហ្គាហ្សា ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីសង្រ្គាមបានចាប់ផ្តើម​កាល​ពីថ្ងៃ​ទី​៧​ខែ​តុលា​ឆ្នាំ​២០២៣។

(រូបថត៖ Reuters)

ការដោះដូរ​ចំណាប់ខ្មាំង​និង​អ្នក​ទោស​នេះ ត្រូវ​​បាន​បិទ​បញ្ចប់​សម្រាប់​ដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ដែលបានចូលជាធរមាននៅថ្ងៃទី​១៩​ខែមករា​ឆ្នាំ​២០២៥ បន្ទាប់ពីជម្លោះរយៈពេល​១៥ខែ ដែលផ្តួចផ្តើម​ឡើងដោយការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលក្នុងខែតុលា​ឆ្នាំ​២០២៣។

ដំណាក់កាលដំបូងពាក់ព័ន្ធនឹងការដោះដូរចំណាប់ខ្មាំង៣៣​នាក់ រួមទាំងសាកសព៨​នាក់ ជា​ថ្នូរ​នឹង​អ្នកទោសប៉ាឡេស្ទីនជិត ២ ០០០​នាក់។ ការប្រគល់នាពេលថ្មីៗនេះ បានដោះស្រាយភាពជាប់គាំងដែលបានកើតឡើងនៅពេលដែលអ៊ីស្រាអែលពន្យារពេលដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន​ជាង​៦០០​នាក់។

ជាមួយនឹងដំណាក់កាលទី​មួយ​ត្រូវ​បានបញ្ចប់ ការយកចិត្តទុកដាក់ឥឡូវនេះបានផ្ដោត​សំខាន់​ទៅលើដំណាក់កាលទីពីរនៃការចរចា ដែលមានគោលបំណងដោះស្រាយការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ និងពិភាក្សាអំពីការបញ្ចប់ជម្លោះ។ បេសកជនសហរដ្ឋអាមេរិក លោក Steve Witkoff ត្រូវបានគេរំពឹងថានឹងជួយសម្រួលដល់ការពិភាក្សាទាំងនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ភាពមិនប្រាកដប្រជានៅតែបន្តកើតមាន ខណៈដែលអ៊ីស្រាអែលព្យាយាម​ពន្យារ​ពេល​អនុវត្ត​បទឈប់បាញ់បច្ចុប្បន្ន ហើយ​ក្រុមហាម៉ាសវិញ​នៅ​រក្សាការទាមទារឲ្យ​អ៊ីស្រាអែល​​ដក​កង​កម្លាំង​ខ្លួនចេញ​ទាំង​ស្រុង​​ និង​ធ្វើ​ការ​ដោះលែងអ្នកទោសប៉ាឡេស្ទីនបន្ថែម​ទៀត។

ស្ថានការណ៍​នៅ​តែ​ល្អក់កករ ដោយ​ភាគី​ទាំង​ពីរ​ស្ថិត​ក្រោម​សម្ពាធ​អន្តរជាតិ​ដើម្បី​ឈាន​ដល់ដំណោះស្រាយ​យូរអង្វែង។ ប៉ុន្មានថ្ងៃខាងមុខនឹងមានសារៈសំខាន់ខ្លាំង​ក្នុងការកំណត់ថាតើបទឈប់បាញ់អាចរក្សា និងនាំទៅរកកិច្ចព្រមព្រៀងសន្តិភាពប្រកបដោយនិរន្តរភាព​ដែរ​ឬ​ក៏​យ៉ាង​ណា៕

ដោយ៖ ឈាង

ចុចអាន៖ អ៊ីស្រាអែល និង​ហាម៉ាស យល់ព្រម​លើ​វិធី​ថ្មី​ក្នុង​ការ​ដោះដូរ​ចំណាប់ខ្មាំង ដើម្បី​កុំ​ឲ្យ​បទ​ឈប់បាញ់​បរាជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម