ព័ត៌មានជាតិ
កម្ពុជាទទួលបានជោគជ័យ និងក្លាយជាប្រទេសគំរូក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពស្ត្រីក្នុងចំណោមប្រទេស១៣៥
ប្រទេសកម្ពុជាបានទទួលជោគជ័យ និងក្លាយជាប្រទេសគំរូមួយក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពស្ត្រីក្នុងចំណោមប្រទេសដែលមានចំណូលទាប និងមធ្យមក្នុងពិភពលោកចំនួន១៣៥។

ភាពជោគជ័យរបស់កម្ពុជានេះ ត្រូវបានបង្ហាញនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវនៃគម្រោងសិក្សា ស្តីពី “ការសិក្សាពីប្រទេសគំរូក្នុងវិស័យសុខាភិបាល និងសុខុមាលភាពរបស់ស្ត្រី” នៅថ្ងៃទី២៧កុម្ភៈនេះ នៅសណ្ឋាគារឡឺរ៉ូយាលភ្នំពេញ បន្ទាប់ពីបានសិក្សាស្រាវជ្រាវពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលធ្វើឡើងដោយក្រុមការងារនៃមជ្ឈមណ្ឌលសុខភាពសាកលស្តីពីសុខភាព កុមារនៃមន្ទីរពេទ្យកុមារ SickKids ក្នុងទីក្រុង Toronto សហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលទៅលើប្រទេសដែលមានចំណូលទាប និងមធ្យមក្នុងពិភពលោកចំនួន១៣៥ ដែលមានទិន្នន័យក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

ថ្លែងក្នុងសិក្ខាសាលានាឱកាសនោះ លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានមានប្រសាសន៍ថា ការសិក្សាស្រាវជ្រាវដើម្បីកំណត់រក ប្រទេសដែលមានចំណូលទាប និងមធ្យមទាំងឡាយក្នុងពិភពលោក ដែលសំរេចបានលទ្ធផលល្អប្រសើរក្នុងការធ្វើឱ្យ
សុខភាព និងសុខមាលភាពស្ត្រី លើគ្រប់ដំណាក់កាលនៃវដ្តជីវិតក្នុងកំឡុង២០ឆ្នាំចុងក្រោយនេះ។ ការសិក្សានេះបានប្រើប្រាស់នូវ សូចនាករ ចំនួន ៣២ ប្រភេទដែលគ្របដណ្តប់លើវិមាត្រចំនួន ១០ប្រភេទ រួមមាន សុខភាព, ភាពអាច
ទទួលបាននូវអាហារូប្បត្ថម្ភល្អ, ការអប់រំ,ភាពមានការងារធ្វើ,ភាពពង្រឹងអំនាចស្ត្រី,លទ្ធភាពទទួលបានសេវា,ភាពក្រីក្រ,កត្តាបំរែបំរួលអាកាសធាតុ និងបរិស្ថាន,សុវត្ថិភាព និងសន្តិសុខ និងការអនុវត្តដែលគ្រោះថ្នាក់ និងអំពើហិង្សាលើស្ត្រី។

ជាលទ្ធផលក្រុមការងារបានរកឃើញថា ក្នុងចំណោមប្រទេសដែលមានចំណូលទាប និងមធ្យមក្នុងពិភពលោកចំនួន
១៣៥មានប្រទេសចំនួន ៧៩ ដែលមានទិន្នន័យត្រូវតាមលក្ខណ្ឌកំណត់ខាងលើ។ ក្នុងចំណោមប្រទេសទាំង៧៩ មានប្រទេស ៤ ទទួលពិន្ទុខ្ពស់ជាងគេ គឺប្រទេសកម្ពុជា មានពិន្ទុ១៤ ប្រទេសអេត្យូពី មានពិន្ទុ ១៣.៥ ប្រទេស បូលីវី មានពិន្ទុ១៣.៥ ប្រទេស បង់ក្លាដេស មានពិន្ទុ ១១.៣និង ប្រទេសឥណ្ឌា មានពិន្ទុ ១០.៩។
លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានបន្តថា មានកត្តាចំនួន៧ធំៗ ដែលជំរុញឱ្យកម្ពុជាទទួលបានជោគជ័យនោះគឺ ១ ការពង្រឹងប្រពន្ធ័សុខាភិបាល ២ សកម្មភាពចុះអប់រំផ្ទាល់ និងការផ្តល់សេវាក្នុងសហគមន៍ ៣ ភាពប្រសើរឡើងនៃហេត្ថារចនាសម្ព័ន្ធ និងសេវាសាធារណៈ ៤ ការប្រែប្រួលនូវការយល់ឃើញ និងបទដ្ឋានយែនឌ័រ ៥ ការដាក់ចេញនូវកម្មវិធីនិងគោលនយោបាយដែលបានផ្តោតចំគោលដៅ និងស៊ីសង្វាក់គ្នា ៦ ការប្តេជ្ញាចិត្តខ្ពស់ និងការបើកទូលាយរបស់រដ្ឋាភិបាល និង៧ ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច។

លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា លទ្ធផលនៃគម្រោងស្រាវជ្រាវ ស្តីពី
“ការសិក្សាពីប្រទេសគំរូក្នុងវិស័យសុខាភិបាល និងសុខុមាលភាពរបស់ស្រ្តី” នេះ គឺពិតជាបានបង្ហាញជាភស្តុតាង នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពស្ត្រី នៅប្រទេសកម្ពុជា។
តាមរយៈការផ្តល់ពិន្ទុលើសូចនាករសំខាន់ៗ ពាក់ព័ន្ធនឹងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ស្រ្តី ដែលរួមមានអត្រាកាត់បន្ថយអំពើហិង្សាផ្លូវកាយ ផ្លូវចិត្ត ឬផ្លូវភេទទៅលើស្រ្តី អត្រានៃការឆ្លងនៃជំងឺអេដស៍ អត្រាការប្រើប្រាស់សេវានៃការថែទាំមុនពេលសម្រាល និងសូចនាករគន្លឹះផ្សេងៗទៀត បង្ហាញច្បាស់ពីភាពរីកចម្រើនរបស់កម្ពុជា
លើវិស័យសុខាភិបាល ក៏ដូចវិស័យផ្សេងៗទៀត ដោយកម្ពុជាទទួលបានលទ្ធផលល្អលើវិមាត្រសុខភាព ការប្រើប្រាស់សេវា និងវិមាត្រអាហាររូបត្ថម្ភបើប្រៀបធៀបទៅនឹងប្រទេសនានា នៅតំបន់អាស៊ីខាងត្បូង អាស៊ីខាងកើត និងប្រទេសជុំវិញតំបន់ប៉ាស៊ីហ្វិក។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្រសួងសុខាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការគាំពារសង្គម ប្រកបដោយសមធម៌ និងស្មើសិទ្ធដោយផ្តោតលើការកសាងភាពធន់ និងរក្សាភាពទន់ភ្លន់ សំដៅរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន សំដៅធានាថា ប្រជាពលរដ្ឋគ្រប់រូប រួមទាំងស្តី្រ និងកុមារ
ទទួលបាននូវសេវាសុខាភិបាលពេញលេញ ប្រកបដោយគុណភាព ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងមិនមានការរើសអើង។
ចំណែកលោកស្រី កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានសម្តែងនូវការអបអរសាទរដែលប្រទេសកម្ពុជាទទួលបានលទ្ធផលល្អក្នុងវិស័យសុខភាព និងសុខុមាលភាពរបស់ស្រ្តី ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់
និងត្រូវបានជ្រើសរើសជាប្រទេសគំរូ ក្នុងគម្រោងស្រាវជ្រាវ។

លោកស្រីកិត្តិបណ្ឌិត បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការអនុវត្តសិទ្ធក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពស្រ្តី និងក្មេងស្រីគ្រប់រូបនៅកម្ពុជាដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច ការលើកកម្ពស់សុខុមាលភាព និងភាពធន់របស់សង្គម និងការពង្រឹងអភិបាលកិច្ចល្អប្រកបដោយបរិយាបន្ន និងចីរភាព។

លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ ក្រសួងកិច្ចការនារី ស្ថាប័នអង្គការដៃគូអភិវឌ្ឍពាក់ព័ន្ធទាំងអស់ដែលបានជួយគាំទ្រដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលក្នុងការសិក្សាស្រាវជ្រាវនេះ រហូតទទួលបានលទ្ធផលល្អប្រសើរដែលប្រយោជន៍សម្រាប់ជាធាតុចូលក្នុងការរៀបចំគោលនយោបាយនានានៅពេលអនាគត ដើម្បីធ្វើឱ្យស្រ្តីកម្ពុជាក៏ដូចជាប្រជាជនទាំងអស់ មានសុខភាព និងសុខុមាលភាព កាន់តែប្រសើរឡើង៕
អត្ថបទ៖ សំអឿន



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ចរាចរណ៍១ សប្តាហ៍ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម២ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត