ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ស្នើឱ្យអង្គទូតផ្សាយពីសក្ដានុពលទេសចរណ៍ និងថាកម្ពុជាមិនមែនជាកន្លែងជួញដូរមនុស្ស ឧក្រិដ្ឋកម្មអនឡាញឡើយ
សម្ដេចធិបតី ហ៊ុុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឱ្យក្រសួងទេសចរណ៍ និងក្រសួងការបរទេស សហការគ្នា ក្នុងកិច្ចការងារការទូតទេសចរណ៍។ ជាមួយគ្នា សម្ដេចធិបតី ក៏បានស្នើឱ្យឯកអគ្គរាជទូតកម្ពុជាប្រចាំនៅបរទេស ផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ប្រទេសដែលខ្លួនកំពុងបំពេញបេសកកម្មការទូត និងឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតបរទេសប្រចាំកម្ពុជា ចូលរួមផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ និងកត្តាសុខសុវត្ថិភាពនៅកម្ពុជាទៅកាន់ប្រទេសកំណើតរបស់ខ្លួន។ សម្ដេចនាយករដ្ឋមន្ត្រី អះអាងថា កម្ពុជា មិនមែនជាកន្លែងគោលចាប់ជំរិត ជួញដូរមនុស្ស ល្បែងអនឡាញឡើយ។

ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ សម្ដេចធិបតី សង្កត់ធ្ងន់បែបនេះ៖« ខ្ញុំសូមអំពាវនាវដល់ឯកឧត្ដម លោកជំទាវឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ក៏ដូចជាឯកឧត្ដម លោកជំទាវឯកអគ្គរាជទូតកម្ពុជាប្រចាំនៅបរទេសសូមជួយផ្សព្វផ្សាយពីកិត្តិនាមកម្ពុជា ពីគោលដៅទេសចរណ៍កម្ពុជា ពីបញ្ហាសុខសុវត្ថិភាពទៅដល់ប្រជាពលរដ្ឋគេ។ កម្ពុជាមិនជាគោលដៅចាប់ជំរិត ឬឧក្រិដ្ឋកម្មអនឡាញ ឬកន្លែងជួញដូរមនុស្ស ដូចការផ្សព្វផ្សាយនូវព័ត៌មានមួយចំនួននោះទេ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា រាជរដ្ឋាភិបាលកម្ពុជា មានការប្រុងប្រយ័ត្នខ្ពស់បុរេសកម្ម និងចាត់វិធានការម៉ឺងម៉ាត់ មិនឱ្យកម្ពុជាក្លាយជាគោលដៅសម្រាប់សកម្មភាពខ្មៅងងឹតនោះទេ។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី ក៏បានទទួលស្គាល់ថា កម្ពុជា មិនមែនគ្មានករណីីចាប់ជំរិត និងល្បែងអនឡាញនោះទេ ប៉ុន្តែករណីនេះគឺមានតិចតួច ហើយត្រូវបានបង្ក្រាបទាន់ពេលវេលា។

កាលពីពេលកន្លងទៅ កម្ពុជា ត្រូវស្អុយឈ្មោះលើឆាកអន្តរជាតិ ដោយសារតែខ្សែភាពយន្តចិនមួយដែលមានចំណងជើងថា No More Bets បានបង្ហាញពីឱក្រិដ្ឋកម្មបោកប្រាស់តាមអនឡាញដែលតាមសាច់រឿងត្រូវបានគេមើលឃើញថាធ្វើឱ្យប៉ះពាល់ដល់កម្ពុជានិងប្រទេសមួយចំនួនផ្សេងទៀតនៅអាស៊ាន។ ភាពយន្តនេះត្រូវបានក្រសួងវប្បធម៌ស្នើសុំទៅចិនកុំឱ្យមានការផ្សព្វផ្សាយផងដែរ ខណៈអ្នកនាំពាក្យក្រសួងមហាផ្ទៃបានចាត់ទុករឿងនេះជាការលាបព័ណ៌មកលើកម្ពុជា។ កម្ពុជា ក៏ត្រូវស្អុយឈ្មោះ ព្រោះតែការចុះផ្សាយមួយចំនួនរបស់សារព័ត៌មានអន្តរជាតិលើសំណុំរឿងការឆបោកតាមប្រព័ន្ធអនឡាញ។
គួរជម្រាបថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលសម្ដេចជាប្រធាន និងមានឧបនាយករដ្ឋមន្ត្រីចំនួន៦រូបជាអនុប្រធាន និងរដ្ឋមន្ត្រី និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អគ្គស្នងការនគរបាលជាតិ មេបញ្ជាការកងរាជអាវុធហត្ថ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ និងមន្ត្រីជំនាញជាច្រើនទៀត។
កាលពីថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា មានប្រទេសជិតខាងកម្ពុជាខ្លះបានវាយប្រហារប្រទេសកម្ពុជាថា ជាប្រទេសអសន្ដិសុខ ដើម្បីកុំឲ្យភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគបរទេសដទៃទៀតមកទស្សនា និងវិនិយោគនៅកម្ពុជា៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?