ព័ត៌មានជាតិ
ក្រុមគ្រួសារពលករខ្មែរនៅកូរ៉េ ៖ ផ្តាំកូនចៅគ្រប់ៗគ្នាកុំចូលរួមក្នុងបាតុកម្មឱ្យសោះ រក្សាភាពស្ងប់ស្ងាត់បន្តធ្វើការធម្មតា កុំជ្រួលជ្រើម
លោកយាយ លោកតា ដែលជាអាណាព្យាបាល ក្រុមគ្រួសារ របស់ពលករខ្មែរដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េបានបង្ហាញការព្រួយបារម្ភជាខ្លាំងលើសុវត្ថិភាព និងការប៉ះពាល់អាជីពការងាររបស់កូនៗចៅៗរបស់ខ្លួន ដែលខិតខំប្រឹងប្រែងទម្រាំបានចេញទៅធ្វើការងារនៅក្រៅប្រទេស បន្ទាប់ពីបានទទួលដំណឹងថា មានក្រុមអ្នកនយោបាយជ្រុលនិយមនៅក្រៅប្រទេសតែងតែបំផុសបំផុលកៀរគរពលករខ្មែរនៅក្រៅប្រទេស និងប្រទេសកូរ៉េផងដែរ ឱ្យចូលរួមសកម្មភាពធ្វើបាតុកម្មខុសច្បាប់នៅលើទឹកដីបរទេស ដែលពលករកំពុងធ្វើការនោះ។
ទន្ទឹមនឹងនេះ ក្នុងនាមជាចាស់ទុំដែលធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាមជោគជាំពីអតីតកាលហើយនោះ បានអំពាវនាវឱ្យកូនៗចៅៗទាំងអស់ ដែលកំពុងធ្វើការនៅប្រទេសកូរ៉េ សូមជឿទុកចិត្តមកលើរដ្ឋាភិបាលដែលជាតួអង្គសំខាន់តែមួយគត់ដែលអាចដោះស្រាយបញ្ហាដោយសន្តិវិធីបាន។
លោកតា សុន ទុយ ជាអាណាព្យាបាលរបស់ក្រុមគ្រួសារពលករដែលកំពុងធ្វើការនៅសាធារណកូរ៉េបានលើកឡើងថា លោកតា និងក្រុមគ្រួសារនៅក្នុងស្រុកមានការបារម្ភម្តងហើយម្តងទៀត លើសុវត្ថិភាព ទាំងការងារនិងផ្លូវចិត្តចំពោះកូនចៅរបស់ខ្លួនដែលកំពុងបម្រើការងារនៅសាធារណកូរ៉េ ពីព្រោះទម្រាំបានសម្រេចបញ្ជូនកូនចៅរបស់ខ្លួនទៅធ្វើការនៅបរទេសនេះ គឺពិបាកណាស់ ដូច្នេះហើយប្រសិនបើបាត់បង់ការងារដោយសារតែមានការបំផុសបំផុលឱ្យធ្វើបាតុកម្មពីសំណាក់ក្រុមប្រឆាំងច្រើនលើកច្រើនសារពេកនោះ លោកតាទទួលយកមិនបាននោះទេ។

លោកតាបានសង្កត់ធ្ងន់ថា ចេះដឹងរឿងជាតិមិនខុសនោះទេ ក៏ប៉ុន្តែការទៅធ្វើបាតុកម្មប៉ាតណាប៉ាតណីលើទឹកដីបរទេសនេះមិនមែនជាការស្នេហាជាតិនោះទេ វាជាការបង្កចលាចល និងដាក់បន្ទុកមកលើជាតិខ្លួនឯងវិញទេតើ។ ដែលទាំងនេះលោកតាថា ជាសកម្មភាពខុសគេខុសឯង ខុសពីពលរដ្ឋប្រទេសដ៏ទៃទៀតដែលគេទៅធ្វើការដូចគ្នាចឹងដែរ តែគេមានសណ្តាប់ធ្នាប់ជាង។ ផុតពីបាតុកម្មមួយចូលបាតុកម្មមួយទៀតឥតឈប់ឈរ ដែលលោកតាលើកឡើងថា ឃើញសកម្មភាពទាំងនេះម្តងៗគឺអាម៉ាស់ខ្លាំងណាស់ ខណៈម្ចាស់ស្រុកគេដើរតាមផ្លូវទៅធ្វើការ ដោយឡែកយើងជាពលរដ្ឋបរទេសបែរដើរហែរក្បួនតាមផ្លូវទៅវិញ។ លោកតាបានចោទសួរថា តើនេះជារឿងល្អគួរណាស់មែនទេ?
ដោយឡែកលោកយាយ ភី ស៊ាមគាវ ជាអាណាព្យាបាលរបស់ក្រុមគ្រួសារពលករនៅសាធារណកូរ៉េម្នាក់ទៀតបានលើកឡើងពីក្តីបារម្ភដូចគ្នា ត្បិតកូនចៅរបស់ខ្លួននឹងមិនទៅចូលរួមធ្វើបាតុកម្មដែលជាការបំផុសបំផុលពីសំណាក់ក្រុមប្រឆាំងច្រើនលើកច្រើនសារក៏ដោយ ពីព្រោះលោកយាយថា ត្រីមួយកន្ត្រកស្អុយមួយ ស្អុយទាំងអស់ ពីព្រោះបើគេផ្តាច់ការងារ គឺផ្តាច់ទាំងអស់គ្នាហើយ ដោយសារពលរដ្ឋនៅបរទេសធ្វើឱ្យមានភាពចលាចលនៅលើទឹកដីបរទេសជាច្រើនលើកច្រើនសារ។ លោកយាយបានលើកឡើងថា តែងមានការបារម្ភជានិច្ចលើសុវត្ថិភាពរបស់កូនចៅរបស់ខ្លួន បន្ទាប់ពីឃើញហេតុការតែងកើតឡើងនៅតាមការផ្សព្វផ្សាយនានា។
ក្រុមគ្រួសាររបស់លោកយាយតែងទូន្មានកូនចៅរបស់ខ្លួនជានិច្ចអំពីការធ្វើបាតុកម្ម ដោយកន្លងមកលោកយាយតែងប្រាប់កូនចៅថាមិនឱ្យទៅចូលរួមបាតុកម្មនោះទេ។ ការចេះប្រើគំនិតពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ខិតខំធ្វើការ សន្សំប្រាក់ ជារឿងចាំបាច់ ពីព្រោះកូនចៅដែលទៅធ្វើការនៅសាធារណរដ្ឋកូរ៉េជាប្រភពចំណូល និងជាអ្នកផ្គត់ផ្គង់គ្រួសារជាចាំបាច់។
ទន្ទឹមនឹងនេះ លោកយាយ លោកតា ដែលជាអាណាព្យាបាលពលករនៅកូរ៉េផ្តាំហើយផ្តាំទៀតទៅដល់កូនចៅគ្រប់ៗគ្នាដែលកំពុងធ្វើការនៅប្រទេសកូរ៉េសូមរក្សាភាពស្ងប់ស្ងាត់បន្តធ្វើការជាធម្មតា កុំជ្រួលជ្រើមតាមការញុះញង់របស់ក្រុមអ្នកនយោបាយប្រឆាំង ពីព្រោះពួកគេបាននិងកំពុងបោកប្រាស់កូនចៅហើយ។ បន្ទាប់ពីមានបាតុកម្មរួច ពួកទាំងនោះគេបានវិលត្រលប់ទៅប្រទេសដែលពួកគេរស់នៅ មិនមែនប្រទេសកូរ៉េនោះទេ ដូច្នេះប្រសិនបើប៉ះពាល់ដល់កន្លែងធ្វើការ នោះអ្នកដែលរងផលប៉ះពាល់គឺពលករ មិនមែនអ្នកគៀរគធ្វើបាតុកម្មនោះទេ។
គួរបញ្ជាក់ផងដែរថា ការលើកឡើងពីក្តីព្រួយបារម្ភរបស់អាណាព្យាបាលរបស់ក្រុមគ្រួសារពលករខ្មែរបែបនេះ បន្ទាប់ពីមានការកៀរគរពលករខ្មែរនៅសាធារណរដ្ឋកូរ៉េសារជាថ្មីពីសំណាក់ក្រុមអតីតអ្នកនយោបាយប្រឆាំង ដើម្បីចូលរួមបាតុកម្មប្រឆាំងដំណោះស្រាយរបស់រដ្ឋាភិបាលលើករណីកោះគុតជាមួយភាគីថៃ។
នេះពុំមែនលើកទីមួយទេ ដែលអតីតក្រុមអ្នកនយោបាយប្រឆាំងទាំងនេះបានកៀរគរពលរដ្ឋខ្មែរធ្វើបាតុកម្ម ក៏ប៉ុន្តែពុំមានពលករខ្មែរច្រើននោះទេចូលរួមសកម្មភាពរបស់ពួកគេនោះ ពីព្រោះពលករបានយល់ឃើញថា ការធ្វើបាតុកម្មរបស់ក្រុមប្រឆាំង គឺគ្មានខ្លឹមសារដែលអាចដោះស្រាយបញ្ហាបានឡើយ៕


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ចរាចរណ៍១ សប្តាហ៍ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត