ព័ត៌មានជាតិ
កំណែទម្រង់ការងារសភាទៅជាឌីជីថលអាចចេញនៅអំឡុងពេល៣ខែខាងមុខ
រដ្ឋសភាចាប់ផ្ដើមកែទម្រង់ទៅជាសភាឌីជីថល ដើម្បីលើកកម្ពស់ការងាររបស់អគ្គលេខាធិការដ្ឋាន តំណាងរាស្ត្រធ្វើយ៉ាងណាផ្ដល់សេវាកម្មជូនប្រជាជនដែលជាម្ចាស់ឆ្នោតកាន់តែមានប្រសិទ្ធភាពថែមទៀត។ កំណែទម្រង់នេះអាចនឹងចេញរូបរាងនាពេលឆាប់ៗខាងមុខ។

អគ្គលេខាធិការរង និងជាអ្នកនាំពាក្យរដ្ឋសភាលោក កែវ ពិសិដ្ឋ បានប្រាប់កម្ពុជាថ្មីថាការរៀបចំកែទម្រង់ឌីជីថលថ្មីនេះអាចនឹងចាប់ផ្ដើមក្នុងអំឡុងពេល២ទៅ៣ខែខាងមុខទៀត។ លោកបានបញ្ជាក់ថាសភាឌីជីថលមានដូចជា ការពង្រឹងវត្តមាន ការប្រើប្រាស់ឌីជីថលក្នុងអង្គប្រជុំសភាដូចជា E-voting ព្រមទាំងពង្រឹងនូវការងាររបស់មន្ត្រីរដ្ឋបាលសភាតាមរយៈការពិនិត្យលើការវិភាគមុនងារដែលតម្រូវឱ្យមានការរាយការណ៍ពីការងារមន្ត្រីជាប្រចាំ។
លោកថា៖ «ទំនើបកម្មរបស់យើងគឺលើសពីដំណើរការបោះឆ្នោត(ក្នុងសភា)មួយមុខ ការបោះឆ្នោតគឺយើងធ្វើសម្រាប់ដំណើរការបោះឆ្នោតក្នុងសភា តែទំនើបកម្មសភារបស់យើងគឺធ្វើដល់ថ្នាក់អគ្គលេខាធិការដ្ឋានទៀតដើម្បីឱ្យអគ្គលេខាធិការដ្ឋានហ្នឹងបម្រើសេវាជូនអ្នកតំណាងរាស្ត្រឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត»។

កាលពីថ្ងៃទី២០ ខែកុម្ភៈ លោក កែវ ពិសិដ្ឋ បានដឹកនាំក្រុមការងារ E-Parliament បានជួបពិភាក្សាជាមួយក្រុមហ៊ុន Blue Technology ដើម្បីពិនិត្យពីការធ្វើបទបង្ហាញរបស់ក្រុមហ៊ុនមួយនេះទាក់ទងនឹងការរៀបចំប្រព័ន្ធសភាឌីជីថល ហើយកាលពីថ្ងៃទី២៧ កន្លងទៅក៏បានដឹកនាំក្រុមការងារពន្លឿនការធ្វើកំណែទម្រង់គេហទំព័ររដ្ឋសភាផងដែរ។
នាយកប្រតិបត្តិអង្គការនិកហ្វិកលោក សំ គន្ធាមី យល់ថាការរៀបចំទៅជាសភាឌីជីថលជារឿងថ្មីមួយ ដែលគួរសាកល្បង។ លោកក៏បានជំរុញការចុះមូលដ្ឋានរបស់សមាជិកសភាឱ្យបានច្រើនដើម្បីឱ្យការធ្វើកំណែទម្រង់របស់សភាកាន់តែមានប្រសិទ្ធភាព។

លោកថា៖ «ការអនុម័តច្បាប់ ចុះជួបពលរដ្ឋសួរសុខទុក្ខ ព្រមជាមួយនឹងការតាមដានសកម្មភាពរបស់រដ្ឋាភិបាលដែលជាភារកិច្ចរបស់សភា។ តែយើងសង្កេតឃើញទៅគឺពេលប្រជាពលរដ្ឋមានបញ្ហាមានវិបត្តិអីនៅតាមជនបទមិនសូវមានតំណាងរាស្ត្រគាត់ចូលទៅជួបសួរសុខទុក្ខឬយ៉ាងមិចទេជួយដោះស្រាយ ឬនាំពាក្យមករដ្ឋាភិបាលទេ»។
រដ្ឋសភាទើបតែបិទសម័យប្រជុំរបស់ខ្លួនកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ។ ក្នុងពេលវ៉ាកងនេះសមាជិករដ្ឋសភានឹងមានភារៈកិច្ចចុះទៅមូលដ្ឋានពួកគេជួបពលរដ្ឋរហូតដល់ពេលបើកសម័យប្រជុំលើកទី៤ នីតិកាលទី៧ តាមការចុះផ្សាយលើបណ្ដាញសង្គមរបស់រដ្ឋសភាកម្ពុជា សមាជិកសភាកម្ពុជាកំពុងបំពេញការងារជួបពលរដ្ឋតាមមូលដ្ឋានខ្លួនជាច្រើន ដែលត្រូវបានផ្សព្វផ្សាយជារៀងរាល់ថ្ងៃផងដែរ។

អ្នកនាំពាក្យរដ្ឋសភាលោក កែវ ពិសិដ្ឋ បានបញ្ជាក់ថាការងាររៀបចំសភាឌីជីថលនេះនឹងធ្វើឱ្យអគ្គលេខាធិការពង្រឹងសមត្ថភាពរបស់ខ្លួនជួយដល់អ្នកតំណាងក្នុងកិច្ចការរបស់ខ្លួនដើម្បីជួប និងដោះស្រាយបញ្ហាពលរដ្ឋនៅថ្នាក់មូលដ្ឋានកាន់តែមានប្រសិទ្ធភាព។
ការកែទម្រង់ទៅជាសភាឌីជីថលត្រូវបានដាក់ចេញដោយប្រធានសភា សម្ដេចសភាធិការធិបតី ឃួន សុដារី ក្នុងអំឡុងឆ្នាំ២០២៤ ដើម្បីឱ្យស្របតាមការរីកចម្រើនរបស់សង្គមជាតិ គោលនយោបាយរាជរដ្ឋាភិបាលនិងបច្ចេកវិទ្យា៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ