ព័ត៌មានជាតិ
ក្រោយ Prank លើក្មេងស្រីលក់សណ្តែកដី ក្រសួងព័ត៌មាន ព្រមានចាត់វិធានការផ្លូវច្បាប់អ្នកផលិតមាតិកា មិនសមរម្យ
ក្រសួងព័ត៌មាន ព្រមានមានវិធានការផ្លូវច្បាប់ចំពោះអ្នកដែលផលិតមាតិកាមិនសមរម្យ ដោយប្រើវិធីសាស្រ្តលេងសើច (Prank) ដែលប្រាស់ចាកក្រមសីលធម៌ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ និងប៉ះពាល់ដល់សីលធម៌សង្គម។
ការព្រមាននេះ បន្ទាប់ពីក្រសួងបានកត់សម្គាល់ឃើញថា អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនង សង្គម និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានផលិតខ្លឹមសារដោយបំពានលើក្រមសីលធម៌ និង ផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមដោយប្រើប្រាស់វិធីសាស្ត្រមិនស្មោះត្រង់ និងបំពានលើសិទ្ធិ សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ឬប្រើប្រាស់ពាក្យពេចន៍អសុរោះ ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងលក់ផលិតផលរបស់ខ្លួនដាច់ដោយមិនមានការគិតគូរដល់សីលធម៌សង្គម។ នេះបើយោងតាមសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន ជូនដល់អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម ចុះថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ។

សេចក្តីណែនាំសង្កត់ធ្ងន់ថា៖«ក្រសួងនឹងមានវិធានការផ្លូវច្បាប់ចំពោះអ្នកដែលផលិតមាតិកាមិនសមរម្យ ប្រាស់ចាក ក្រមសីលធម៌ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ និងប៉ះពាល់ដល់សីលធម៌សង្គម»។
ដើម្បីចូលរួមលើកកម្ពស់សីលធម៌សង្គម ក្រសួងព័ត៌មានសូមធ្វើការណែនាំដល់អ្នកផលិតមាតិកា ផ្សព្វផ្សាយតាមបណ្តាញសង្គម និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើ វិធីសាស្រ្តលេងសើច (Prank) មកផលិតមាតិការបស់ខ្លួនដើម្បីលក់ផលិតផលឱ្យដាច់ ឬទាញការចាប់ អារម្មណ៍មកលើខ្លួន ដែលបង្កផលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ សិទ្ធិរបស់អ្នកដទៃ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ។
ក្រសួងព័ត៌មានគូសបញ្ជាក់ថា ទង្វើបែបនេះមិនមែនជាភាពស្មោះត្រង់ក្នុងការផលិតមាតិកាទេ ប៉ុន្តែជាការ បង្កើតមាតិកាដោយខ្វះក្រមសីលធម៌ ខ្វះការទទួលខុសត្រូវ ព្រមទាំងបានបង្កើតឱ្យមានការយល់ច្រឡំ និងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល និងសីលធម៌សង្គម។
ការផលិតមាតិកាបែបលេងសើច (Prank) ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសអ្នកដទៃ មិនត្រូវបានលើកទឹកចិត្តឡើយ។ ការប៉ះពាល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អ្នកដទៃជាការបំពានច្បាប់ និងអាចជាកម្មវត្ថុនៃបណ្តឹងរបស់អ្នកដែលទទួលរងផលប៉ះពាល់។ នេះបើតាមក្រសួងព័ត៌មាន។

ការព្រមាន និងចេញសេចក្តីណែនាំ បន្ទាប់ពីអ្នកផលិតមាតិកាដើម្បីលក់ផលិតផល កាលពីពេលថ្មីៗនេះ បានផលិតមាតិកា Prank ទៅលើក្មេងស្រីលក់សណ្តែកដី ដោយធ្វើឱ្យកំពប់សណ្តែកដី។ តាមរយៈវីដេអូ Prank ដែលបានចែកចាយនៅលើបណ្តាញសង្គមនោះ បង្ហាញទឹកមុខក្មេងស្រីដ៏ក្រៀមក្រំ ទឹកភ្នែករលីងរលោង និយាយអ្វីមិនចេញឡើយ។ លើសពីនេះ វីដេអូ Prank មួយនេះក៏ត្រូវបានរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដោយបន្ថែមថា ការផលិតមាតិកានេះធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូរក្មេងស្រី និងប៉ះពាល់ដល់អ្នកក្រផងដែរ។
ក្នុងន័យនេះ ក្រសួងសូមអំពាវនាវ ដល់បងប្អូនសាធារណជនកុំចែករំលែកបន្តនូវខ្លឹមសារដែលមិនមានក្រមសីលធម៌ និងបំពានដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អ្នកដទៃ និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងមាតិកាបែបបំពុលសង្គមទាំងអស់គ្នា។
ជាមួយគ្នានេះ ក្រសួងព័ត៌មានសូមលើកទឹកចិត្ត និងកោតសរសើរចំពោះអ្នកផលិតមាតិកាតាមបណ្តាញទំនាក់ទំនងសង្គមភាគច្រើនដែលបានគោរពក្រមសីលធម៌ រក្សាបាននូវសេចក្តីថ្លៃថ្នូរ និងគោរពសិទ្ធិអ្នកដទៃ និងផ្តល់ព័ត៌មានពិត និងត្រឹមត្រូវជូនដល់សាធារណជន៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង