ព័ត៌មានជាតិ
ទោះបីខេត្តមណ្ឌលគិរីមានប្រជាជនតិច ប៉ុន្តែពលរដ្ឋទាំងចាស់-ក្មេង ចូលរួមអានសៀវភៅច្រើន
តាមរយៈទេចរណ៍អំណាន នៅខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២៥ ដល់ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលរៀបចំតាំងសៀវភៅតាមទីសាធារណៈក្នុងក្រុងសែនមនោរម្យ ដោយយុវតីម្នាក់ ទទួលបានការគាំទ្រច្រើនពីប្រជាជននៅទីនោះ ទាំងក្មេង និងចាស់ ជាពិសេសអ្នកកំពុងសិក្សាតែម្តង ក្នុងរយៈពេល៣ថ្ងៃ មានអ្នកគាំទ្រជិត២០០នាក់។

យុវតី ឆែម ស្រីគា បាននាំយកទេសចរណ៍អំណាន ដោយកញ្ញាជិះម៉ូតូផ្ទាល់ខ្លួនដល់ខេត្តមណ្ឌលគិរី ដើម្បីរៀបចំតាំងសៀវភៅជាង៥០០ក្បាល ជាប្រភេទសៀវភៅចម្រុះ មានដូចជា ការលើកទឹកចិត្ត ប្រវត្តិសាស្ត្រ អប់រំ សៀវភៅកុមារ និងសៀវភៅជំនួញជាដើម។ តាមរយៈ៣ថ្ងៃនេះ កញ្ញា ឆែម ស្រីគា ប្រាប់ កម្ពុជាថ្មី ថា ទោះបីខេត្តមណ្ឌលគិរីមានប្រជាជនតិចជាងគេ និងនៅឆ្ងាយពិតមែន ប៉ុន្តែ ប្រជាជននៅទីនោះ ទាំងក្មេង ទាំងចាស់ បានចូលរួមគាំទ្រ អានសៀវភៅច្រើន សរុបទាំង៣ថ្ងៃ មានជិត២០០នាក់ ហើយអ្នកដែលអានសៀវភៅចប់មួយក្បាលៗ មានជិត៥០%។ កញ្ញាយល់ថា ចំនួន២០០នាក់នេះ ជាចំនួនមួយដែលច្រើនលើសលប់ ក្នុងនាមជាខេត្តដែលមានប្រជាជនតិចជាងគេ និងជាតំបន់ដាច់ស្រយាលផងនោះ។

កញ្ញា ឆែម ស្រីគា និយាយថា៖ “ប្រជាជននៅទីនោះគឺគាត់ចូលចិត្តអានសៀវភៅ ទាំងក្មេង ទាំងចាស់ ទាំងយុវវ័យ ជាពិសេសសិស្សសាលាតែម្តង។ ក្មេងថ្នាក់ទី១ ទី២ អីក៏មកអានសៀវភៅដែរ ពួកគេសប្បាយចិត្តដែលខ្ញុំទៅទេសចរណ៍អំណាននៅខេត្តមណ្ឌលគិរីនោះ”។

បន្ថែមពីនេះ យុវតីរូបនេះបង្ហាញពីក្តីរំភើបដែលឃើញប្រជជននៅខេត្តមួយនេះស្រឡាញ់ និងចូលចិត្តអានសៀវភៅបែបនេះ។ ស្រីគា ថា ប្រជាជននៅទីនោះបានអរគុណខ្លួនចំពោះការនាំយកទេសចរណ៍អំណានទៅកាន់ខេត្តមណ្ឌលគិរី ព្រមទាំងបានជួយផ្សព្វផ្សាយពីទេសចរណ៍ក្នុងខេត្តនេះ និងប្រជាជនជនជាតិដើមភាគតិចផងដែរ។
កញ្ញា ឆែម ស្រីគា លើកទឹកចិត្តឱ្យប្រជាជនគ្រប់រូប គ្រប់ស្រទាប់វណ្ណៈ ចាប់កាន់អានសៀវភៅឱ្យបានច្រើន ឱ្យក្លាយជាទម្លាប់ប្រចាំថ្ងៃ ព្រោះសៀវភៅពិតជាសំខាន់ណាស់ ហើយប្រជាជនគួរយកភាពវិជ្ជមានពីសៀវភៅមកអនុវត្ត និងរៀនសូត្រតាមក្នុងជីវិតប្រចាំថ្ងៃ។ កញ្ញាថា ប្រទេសជាតិរីកចម្រើនបាន លុះត្រាមានប្រជាជនមានចំណេះដឹងច្រើន និងចូលចិត្តអានសៀវភៅ។

យុវតី ស្រីគា និយាយថា៖ “តាមជនបទដាច់ស្រយាលបែបហ្នឹងក៏មានសាលារៀន អ៊ីចឹង អាណាព្យាបាលគួរតែអានសៀវភៅ ហើយយកខ្លួនឯងជាគំរូល្អសម្រាប់កូនៗ។ ព្រោះថា បើយើងចុចតែទូរសព្ទ កូនរបស់យើងនឹងចុចតែទូរសព្ទតាមយើងដែរ។ អ៊ីចឹង គំរូភាពរបស់អាណាព្យាបាលពិតជាសំខាន់ក្នុងការលើកទឹកចិត្ត ក៏ដូចបណ្តុះកូនៗដែលជាកុមារក្នុងគ្រួសាររបស់ពួកគាត់ហ្នឹង ឱ្យចាប់អារម្មណ៍ និងចូលចិត្តអានសៀវភៅ”។
គួរម្លឹកថា ទេចរណ៍អំណាន នៅខេត្តមណ្ឌលគិរី ធ្វើរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ទី២៧ នៅកន្លែងដំរីរណារ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ចាប់ពីម៉ោង ៤រសៀល ដល់ម៉ោង ៨យប់។ បន្ទាប់ពីបញ្ចប់នៅខេត្តមណ្ឌលគិរី នៅពេលនេះ កញ្ញា ឆែម ស្រីគា កំពុងបន្តដំណើរ ទេចរណ៍អំណាន ទៅកាន់ខេត្តរតនគិរីម្តង៕
អត្ថបទ៖ អុន ស្រីមាន






-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?