ព័ត៌មានជាតិ
២០២៤ ក្រសួងការងារ ដាក់កំហិត និង ចេញលិខិតផាកពិន័យសហគ្រាស ជាង ៤០០
នៅក្នុងឆ្នាំ ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់កំហិត និងចេញលិខិតផាកពិន័យសហគ្រាសជាង ៤០០ ដើម្បីឱ្យសហគ្រាសទាំងនោះគោរព និងអនុវត្តទៅតាមច្បាប់ស្តីពីការងារឱ្យបានត្រឹមត្រូវ។

ថ្លែងក្នុងពិធីបិទ “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី ២៨ កុម្ភៈ នៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ដើម្បីធានានូវការគោរពលក្ខខណ្ឌការងាររបស់សហគ្រាស គ្រឹះស្ថាន ក្រុមអធិការកិច្ចការងារ បានចុះធ្វើអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថានដោយផ្ទាល់ និងតាមប្រព័ន្ធស្វ័យប្រវត្តិកម្មចំនួន ១០ ៤៨៤ លើក, ដាក់កំហិតចំនួន ៣០០ សហគ្រាស និង បានចេញលិខិតផាកពិន័យចំនួន ១៣២ សហគ្រាស ដែលប្រការនេះបានជំរុញឱ្យសហគ្រាស គ្រឹះស្ថាន គោរពច្បាប់ស្តីពីការងារកាន់តែច្រើន និងមានអត្រាអនុលោមភាពខ្ពស់។

លោករដ្ឋមន្ត្រី បានបន្តថា ជាមួយគ្នានេះបានរៀបចំក្រុមអធិការកិច្ចអន្តរក្រសួងចំនួន ៧ ក្រុម ដែលមានសមាសភាពមកពីក្រសួងការ ងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្របច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ចុះអធិការកិច្ចរួមគ្នាតែ ១ ដង/ឆ្នាំ ស្របតាមគោលការណ៍ដែលរាជរដ្ឋាភិបាលបានផ្តល់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាស្ថាប័នដឹកនាំ ដោយនៅត្រឹមឆ្នាំ ២០២៤ នេះ ក្រុមអធិការកិច្ចអន្តរក្រសួងបានចាប់ផ្តើមចុះអធិការកិច្ចនៅក្នុងវិស័យកម្មន្តសាល បានចំនួន ១១៨ សហគ្រាស។ បានចុះបញ្ជីសហគ្រាស គ្រឹះស្ថាន បានកើនឡើងពីចំនួន ៤០ ៩៧៥ នៅឆ្នាំ ២០២៣ ដល់ចំនួន ៤៤ ៧៩៨ សហគ្រាស នៅឆ្នាំ ២០២៤ នេះ គឺកើនឡើងចំនួន ៣ ៨២៣ សហគ្រាស ហើយចំនួនកម្មករ-និយោជិត បានកើនឡើងពីចំនួន ១ ៧១៥ ០២៩ នាក់ ដល់ចំនួន ១ ៨១៦ ០៤៦ នាក់ (កើនឡើងចំនួន ១០១ ០១៧ នាក់) ដែលបានផ្តល់ប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំ ប្រមាណ ៥,៦ ពាន់លានដុល្លារអាមេរិក។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី ១២ ខែកុម្ភៈ រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ ខាងមុខ ក្រុមអធិការកិច្ចការងារចុះតាមរោងចក្រសហគ្រាសគ្រឹះស្ថានលើវិស័យវាយនភណ្ឌកាត់ដេរស្បែកជើងកាបូប និងផលិតផលធ្វើដំណើរចំនួន ១០១ រោងចក្រ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ដើម្បីសាកសួរព័ត៌មានកម្មករ-និយោជិតអំពីការប្រើប្រាស់សេវា ប.ស.ស ក៏ដូចជាការទទួលសេវាពីមន្ទីរពេទ្យជាដៃគូរបស់ ប.ស.ស ដើម្បីកែលម្អការផ្តល់សេវា ប.ស.ស និងការទទួលសេវា ប.ស.ស ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ខណៈបច្ចុប្បន្ន ប.ស.ស មានសមាជិកប្រមាណជាង ២ លាន ៧ សែននាក់ នៅទូទាំងប្រទេស៕
អត្ថបទ ៖ សំអឿន


-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១៩ ម៉ោង ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ