ព័ត៌មានជាតិ
លោក ថោ ជេដ្ឋា ថា គោលនយោបាយទឹក ជាអាទិភាពតាំងពីអាណត្តិសម្ដេចតេជោ និងបន្តក្នុងអាណត្តិសម្ដេចធិបតី
រដ្ឋមន្ត្រីក្រសួធនធានទឹក និងឧតុនិយម ថ្លែងថា គោលនយោបាយទឹក ជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល តាំងពីអាណត្តិដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងកំពុងបន្តក្នុងអាណត្តិរាជរដ្ឋាភិបាលសម្ដេចធិបតី ហ៊ុន ម៉ាណែត។ ការថ្លែងរបស់រដ្ឋមន្ត្រី នៅក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវេទិកាសារព័ត៌មាន រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា ក្រោមប្រធានបទ «ការគ្រប់គ្រងសក្តានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្ត្រកម្ពុជា»។

ក្នុងវេទិកានាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចែករំលែកនូវសារសំខាន់នៃតួនាទី និងភារកិច្ចរបស់ក្រសួងធនធានទឹក និងឧតុនិយម ដោយផ្តោតលើការងារជាអាទិភាពនិងទស្សនវិស័យក្នុងការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយម ក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧នេះ។
លោករដ្ឋមន្ត្រី ថោ ជេដ្ឋា លើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ហើយបានកំណត់យក «ទឹក» ជាអាទិភាពមួយក្នុងចំណោមអាទិភាពចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការងារទឹកមិនមែនជាការងារថ្មីទេ ក្នុងអាណត្តិមុនៗក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានកសាងអាងទឹកតូចធំជាច្រើន ប្រឡាយមេនិងប្រឡាយរងខ្វាត់ខ្វែង ដើម្បីស្រោចស្រពដំណាំកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានប្រព័ន្ធធារាសាស្ត្រចំនួន ២ ៣៥២ប្រព័ន្ធ ក្នុងនោះប្រព័ន្ធខ្នាតធំចំនួន ៥៦ប្រព័ន្ធ ខ្នាតមធ្យមចំនួន ១ ១៦៦ប្រព័ន្ធ និងខ្នាតតូចចំនួន ១ ១២២ប្រព័ន្ធ និងអាងទឹកខ្នាតធំចំនួន ៨ ហើយបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីចំនួន ១ ៩៦៩ ៨៤៣ហិកតា។

នៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំ ចង្អុលបង្ហាញ និងមានយុទ្ធសាស្ត្រជាក់លាក់ឱ្យក្រសួងធនធានទឹក និងឧតុនិយម បន្តការកសាងអាងទឹកតូចធំ ការជួសជុល-ស្តារឡើងវិញ ការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងការសាងសង់ថ្មីនូវប្រព័ន្ធធារាសាស្ត្រពេញលេញគ្រប់ជ្រុងជ្រោយគ្រប់ខ្នាត ប្រព័ន្ធការពារទឹកជំនន់ និងទំនប់ការពារទឹកប្រៃ ដែលជួយកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិដែលបង្កឡើងដោយទឹក និងធានាដល់សន្តិសុខទឹក ដោយផ្គត់ផ្គង់ទឹកសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ការងារបង្កបង្កើនផលស្រូវ និងដំណាំគ្រប់ប្រភេទ ដែលជាផ្នែកមួយជួយឱ្យសម្រេចនូវការអនុវត្តគោលនយោបាយជាតិស្តីពីសន្តិសុខស្បៀង និងយុទ្ធសាស្ត្រនាំស្រូវ-អង្ករចេញរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះជាការគូសបញ្ជាក់របស់លោករដ្ឋមន្ត្រី។

ពីវេទិកានេះ រដ្ឋមន្ត្រី ថោ ជេដ្ឋា ក៏បានបញ្ជាក់ពីអាទិភាពរបស់ក្រសួងក្នុងការពង្រឹង និងធ្វើទំនើបកម្មលើប្រព័ន្ធផ្ដល់ និងព្យាករណ៍សេវាជលសាស្រ្ត និងឧតុនិយម ក៏ដូចជាប្រព័ន្ធផ្តល់ដំណឹងជាមុនដល់សាធារណជន និងស្ថាប័នពាក់ព័ន្ធឱ្យបានទាន់ពេលវេលា ដើម្បីគាំទ្រដល់អន្តរវិស័យ រួមមានវិស័យកសិកម្ម ឧស្សាហកម្ម សំណង់ អាកាសចរណ៍ស៊ីវិល ទេសចរណ៍ និងនាវាចរណ៍ ក៏ដូចជាជួយកាត់បន្ថយផលប៉ះពាល់ដោយគ្រោះធម្មជាតិផ្សេងៗ ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ ការប្រែប្រួលអាកាសធាតុជាដើម៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា