ព័ត៌មានជាតិ
២០២៥ មានរោងចក្រជាច្រើនស្ម័គ្រចិត្តសាងសង់ទារកដ្ឋាន ដើម្បីជួយសម្រួលការលំបាករបស់កម្មករ-និយោជិត
នៅឆ្នាំ ២០២៥ នេះ មានរោងចក្រសហគ្រាសជាច្រើន បានស្ម័គ្រចិត្តសាងសង់ទារកដ្ឋាន ដើម្បីជួយសម្រួលដល់ការលំបាករបស់កម្មករ-និយោជិត ខណៈមានកម្មករ-និយោជិតជាច្រើន បានបញ្ជូនកូនៗ ទៅស្រុកឱ្យឪពុកម្ដាយ ឬ យាយតាមើលថែទាំ។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលមានគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និង វិជ្ជាជីវៈ បានមានប្រសាសន៍ថា មានសហគ្រាសចំនួន ៣ បានស្ម័គ្រចិត្តសាងសង់ទារកដ្ឋានរបស់ខ្លួន ក្នុងនោះ ១.រោងចក្រ ម៉ាវ៉ល ហ្កាមិន ឯ.ក (Marvel Garment Co., Ltd) ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានសាងសង់រួចរាល់ និង គ្រោងដាក់សម្ពោធឱ្យដំណើរការនៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ នេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ២.រោងចក្រ អ៊ីលីថិច (EALYTEX (Cambodia) Garment Co., LTD.) បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ និង ៣.រោងចក្រ តារាល អ៊ិនធើណេសិនណល ឯ.ក (TARAL INTERNATIONAL CO.,LTD.) នៅខេត្តកំពង់ស្ពឺ កំពុងពិភាក្សាក្នុងការសាងសង់ ដែលអាចត្រៀមចាប់ផ្ដើមសាងសង់ ឆ្នាំ ២០២៥ នេះ។

លោករដ្ឋមន្ត្រី បានបន្តទៀតថា ដោយឡែកក្នុងឆ្នាំ ២០២៥ នេះ នឹងមានរោងចក្រមួយចំនួនផ្សេងទៀត ដែលនឹងស្ម័គ្រចិត្តបំពេញនូវកាតព្វកិច្ចទំនួលខុសត្រូវសង្គម និង លក្ខខណ្ឌការងារចូលរួមក្នុងការកសាងមណ្ឌលមើលថែរក្សាទារកបន្ថែមទៀតផងដែរ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការមានទារកដ្ឋាន និង មតេ្តយ្យសហគមន៍នៅតាមរោងចក្រនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយសម្រួលដល់ការលំបាករបស់កម្មករ-និយោជិត ដោយមិនចាំបាច់បញ្ជូនកូនៗ របស់ខ្លួនទៅស្រុកកំណើតឱ្យឪពុកម្ដាយមើលថែទាំជំនួសទេ ហើយឪពុកម្តាយបានរស់នៅក្បែរកូន ថ្នាក់ថ្នមកូន ផ្តល់កម្លាំងចិត្ត និង ពេលវេលាដល់ឪពុកម្តាយក្នុងការបំពេញការងារ និង ឪពុកម្ដាយអាចមានពេលវេលាក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាព សីលធម៌ដល់កូនៗ ព្រមទាំងផ្តល់ទំនុកចិត្តដល់ឪពុកម្ដាយក្នុងការរស់នៅ និង ចិញ្ចឹមបីបាច់កូនផងដែរ។

លោក កត្តា អ៊ន បានអំពាវនាវដល់ទារកដ្ឋាន និង មតេ្តយ្យសហគមន៍ សូមផ្តល់តម្លៃសមស្រប ដើម្បីឱ្យកម្មករ-និយោជិតមានលទ្ធភាពយកកូនទៅផ្ញើ ដើម្បីកុំឱ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់ពួកគាត់ និង លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ក៏ដូចជានិយោជក សូមវិនិយោគលើផ្នែកទារកដ្ឋាន និង មតេ្តយ្យសិក្សាឱ្យបានច្រើនតាមរោងចក្រនានានៅទូទាំងប្រទេស ដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្មករ-និយោជិត ក្នុងការផ្ញើកូនៗ ឱ្យគេជួយថែទាំប្រចាំថ្ងៃ ឬ បញ្ជូនកូនទៅសិក្សាពេញ ១ ថ្ងៃ ដែលបានជួយសម្រាលបន្ទុកដល់ឪពុកម្ដាយ ខណៈកន្លងមកពេលកម្មការិនីសម្រាលកូនតែងតែផ្ញើឱ្យឪពុកម្ដាយនៅស្រុកកំណើតជួយមើលថែទាំចៅៗ រហូតដល់ធំ។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២៣ មានរោងចក្រផ្នែកកាត់ដេរជាង ៧០០ កន្លែង ក្នុងចំណោមរោងចក្រកាត់ដេរជាង ៩០០ រោងចក្រ មានទារកដ្ឋានសម្រាប់មើលថែទាំកូនៗ របស់កម្មករ-និយោជិត។ ចំនួនទារកដ្ឋាននៅតាមរោងចក្រ អាចមានច្រើនជាងនេះ ដោយសារតែមានរោងចក្រខ្លះនៅមិនទាន់បានជូនដំណឹងមកក្រសួងនៅឡើយទេ។

រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី “ការកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់ការបង្កើតទារកដ្ឋាន” ដើម្បីផ្តល់សេវាថែទាំ គាំពារ និង អប់រំកុមារតូចមានគុណភាព ប្រកបដោយសមធម៌ និង បរិយាបន្ន។ សេចក្តីព្រាងអនុក្រឹត្យនេះ ត្រូវបានក្រសួងអប់រំ យុវជន និង កីឡា រួមនឹងក្រសួងពាក់ព័ន្ធ រួមមាន តំណាងក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានពិភាក្សាគ្នាកាលពីចុងសប្ដាហ៍កន្លងទៅនេះ ដើម្បីស្វែងរកធាតុចូលនានា សំដៅឱ្យសេចក្តីព្រាងអនុក្រឹត្យនេះប្រកបដោយប្រសិទ្ធភាព និង កាន់តែល្អប្រសើរ។
សេចក្តីព្រាងអនុក្រឹត្យនេះ ផ្តោតសំខាន់ និង មានគោលបំណងផ្តល់សេវាថែទាំ គាំពារ និង អប់រំកុមារតូចមានគុណភាព ប្រកបដោយសមធម៌ និង បរិយាបន្នសម្រាប់កុមារតូចគ្រប់រូប សំដៅរួមចំណែកធានាសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ឆ្ពោះទៅសម្រេចគោលដៅចក្ខុវិស័យកម្ពុជា ២០៣០ និង ២០៥០។ ផ្តល់ឱកាស និង លើកកម្ពស់កុមារដែលមានអាយុចាប់ពី ០ ឆ្នាំ ដល់ក្រោម ៦ ឆ្នាំ ទទួលបានសេវាគាំពារ និង អភិវឌ្ឍន៍សមត្ថភាពពេញលេញ ដើម្បីចូលរៀនថ្នាក់ទី ១ សាលាបឋមសិក្សា ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព សមធម៌ និង បរិយាបន្ន។ ការបង្កើតទារកដ្ឋានសហគមន៍រោងចក្រ សហគ្រាស ត្រូវផ្តោតអាទិភាពនៅតាមតំបន់ ដែលមានរោងចក្រ វាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និង កាបូប ឬ តំបន់ដែលមានកម្មករជាស្ត្រីស្នាក់នៅ និង កំពុងបម្រើការងារទាំងក្របខណ្ឌសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង ក្រៅប្រព័ន្ធ៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?