ព័ត៌មានជាតិ
រដ្ឋមន្រ្តីបរិស្ថាន ប្រាប់ឲ្យកែច្នៃដុំពេជ្រ «ភាពស្អាត បៃតង» មកជាការវិនិយោគទាក់ទាញទេសចរ សម្រាប់អភិវឌ្ឍដោយចីរភាព
រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រាប់ដល់អាជ្ញាធររដ្ឋបាល អង្គការដៃគូ និងមន្ទីរជំនាញផ្សេងៗ ត្រូវកែច្នៃដុំពេជ្រភាពស្អាត បៃតង មកជាការវិនិយោគទាក់ទាញទេសចរដើម្បីសេដ្ឋកិច្ចចំណូលជូនពលរដ្ឋ និងការអភិវឌ្ឍន៍ចីរភាព។ «យើងរួមគ្នា កែច្នៃដុំពេជ្រ ដែលជាភាពស្អាត ភាពបៃតង ដើម្បីបង្កើនការទាក់ទាញឱ្យមានការវិនិយោគ និងអ្នកទេសចរមកកាន់ប្រទេសកម្ពុជាច្រើន ដែលនាំឱ្យផ្ទះយើង ការរស់នៅរបស់ប្រជាពលរដ្ឋស្អាត បរិស្ថាន សង្គម ស្អាត មានគម្របបៃតង ដែលនាំឱ្យការរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមជាតិមានចីរភាព»។

ការថ្លែងរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បែបនេះ បានធ្វើឡើងនៅក្នុងឱកាសចូលរួមជាអធិបតីភាព បើកពិធីបុណ្យ «កោងកាងសន្តិភាព» នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ថ្មីៗ។

ពិធីបុណ្យនេះធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ នៃព្រៃកោងកាង ដែលជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ និងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់បរិស្ថាន និងសង្គម ដូចជាធនធានធម្មជាតិដែលការពារឆ្នេរ ពីគ្រោះធម្មជាតិ ផ្តល់ជម្រកដល់ជីវៈចម្រុះ ជាប្រភពស្បៀង និងចំណូលដ៏សំខាន់សម្រាប់សហគមន៍មូលដ្ឋាន។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បន្តសង្កត់ធ្ង់ថា យើងត្រូវរៀបចំផ្ទះយើងស្អាត និងបង្កើនគម្របបៃតងសម្រាប់កម្ពុជា ដោយចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយ និងការប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ ក៏ដូចជាពង្រឹងវិធានការគ្រប់គ្រងធនធានធម្មជាតិ រួមទាំងបង្កើនការបណ្តុះ ចែកកូនឈើ យកទៅដាំស្តារព្រៃ ដាំតាមទីសាធារណៈ ដើម្បីប្រែក្លាយសកម្មភាពទាំងអស់នេះទៅជាមានការទម្លាប់ស្អាត និងស្រឡាញ់ថែទាំភាពបៃតងនៅកម្ពុជាតរហូតទៅ។

លោកបណ្ឌិត អ៊ាង សុផល្លែត ក៏ជំរុញដល់រដ្ឋបាលខេត្ត អង្គការដៃគូ និងមន្ទីរជំនាញ ពិនិត្យមើលសក្តានុពលកោះស្រឡៅ នៅក្នុងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្រ្តខេត្តកោះកុង នឹងផ្តល់ការងារ និងផ្គត់ផ្គង់ផលនេសាទ ដល់ប្រជាសហគមន៍យ៉ាងសំខាន់ ប៉ុន្តែយើងចាំបាច់ធ្វើការរៀបចំផែនការច្បាស់លាស់ ដើម្បីធានាបានភាពសុខដុមរមនា រវាងមនុស្សនិងធម្មជាតិ ដើម្បីការអភិវឌ្ឍដោយចីរភាពនៅក្នុងតំបន់។

ទន្ទឹមនោះលោករដ្ឋមន្រ្តីបរិស្ថាន ស្នើឱ្យមានការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក កុំឱ្យបរិស្ថានកម្ពុជាមានការបំពុល កុំឱ្យមានប្លាស្ទិកអណ្តែតក្នុងទឹក ដោយនាំគ្នាសម្អាត ប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹត្រូវ ប្រើសំរាមទាញយកចំណូល ដូចជារៀបចំជាធនាគារប្លាស្ទិក ដើម្បីប្រមូលទុកនិងលក់ប្លាស្ទិក បង្កើនចំណូលជួយសហគមន៍ជួយគ្រួសារប្រជាពលរដ្ឋ ដែលខ្វះខាតជីវភាព។
ក្រសួងបរិស្ថាន កំពុងសិក្សាលើការបំពាក់ឡដុតសំរាម ដើរដោយថាមពលព្រះអាទិត្យ នៅតាមសហគមន៍ ដើម្បីដោះស្រាយបញ្ហាសំរាម សំណល់ប្លាស្ទិកនៅពេលខាងមុខ។ ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសំណូមពរដល់ប្រជាពលរដ្ឋ កុំដុតប្លាស្ទិកនៅតាមទីចំហ ដែលអាចបង្កជាបញ្ហាបរិស្ថាន ប៉ះពាល់អាយុជីវិត មុនុស្ស សត្វ ជាពិសេសត្រី និងធម្មជាតិ។

ទាក់ទិននឹងបញ្ហានេះដែរ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អះអាងថា លោកជំទាវពិនិត្យលម្អិតបន្ថែមទៅសក្កានុពលនានានៅលើភូមិកោះស្រឡៅ តបតាមការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី សម្រាប់គៀងករការវិនិយោគអភិវឌ្ឍន៍ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែល្អប្រសើរ។ កន្លងទៅ រដ្ឋបាលខេត្តកោះកុង បានធ្វើការងារច្រើននៅលើកោះស្រឡៅ មិនថាតែដំណើរការពារអភិរក្សធនធានធម្មជាតិ បណ្តុះបណ្តាលអប់រំ ការកំណត់អត្តសញ្ញាណផលិតផល១ភូមិ១ និងសេចក្តីត្រូវការផ្សេងៗទៀតរបស់ពលរដ្ឋក្នុងសហគមន៍ដាច់ស្រយោលមួយនេះ។

ក្រសួងបរិស្ថាន បានរៀបចំពិធីបុណ្យកោងកាងសន្តិភាពឆ្នាំនេះ ដោយមានការសហការពីរដ្ឋបាលខេត្តកោះកុង យុវជនអ្នស្រឡាញ់បរិស្ថាន អង្គការមេត្តាធម្មជាតិ និងប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង និងបានដាំកូនដើមកោងកាងចំនួន៥ពាន់ដើម លើផ្ទៃដី ចំនួន៣ហិកតា ដើម្បីជាផ្នែកមួយការពារឆ្នេរ ការពារពីគ្រោះធម្មជាតិ ផ្តល់ជម្រកដល់ជីវៈចម្រុះ ក្នុងតំបន់ឆ្នេររបស់ប្រទេសកម្ពុជា ជាពិសេសចូលរួមអភិវឌ្ឍន៍សហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងភូមិកោះស្រឡៅ ឱ្យមានភាពស្អាត បៃតង ដែលនាំមកនូវការរស់នៅដោយចីរភាពរបស់ប្រជាសហគមន៍នៅទីនោះ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់